អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការសូកប៉ាន់​ក្រោមស្លាក​«សគុណ»​ជាឫសគល់​នៃ​អំពើ​ពុករលួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កម្ពុជា​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​គឺជា​បេសកកម្ម​ ចាំបាច់​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍន៍​សង្គម​ឲ្យ​លឿន​ទៅ​មុខ​ក៏​ដូចជា​ការ​ កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ឆាប់។ ​ប៉ុន្តែ ​អំពើ​ពុករលួយ​ដែល​គេ​ចាត់​ទុក​ជា​ដំបៅ​មហារីក​សង្គម​ដ៏​ចំណាស់​នោះ​ហាក់​ ដូច​ជា​ពិបាក​ព្យាបាល​ណាស់។ ពិបាក​ដោយ​ហេតុ​ថា ​ការ​សូកប៉ាន់​ហាក់​បាន​ដក់​ជាប់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់​គំនិត​ពលរដ្ឋ​ ខ្មែរ​ក្រោម​ការ​បិទបាំង​ដោយ​ពាក្យ​ថា​«សគុណ»​។ ​“សគុណ»​ដែល​មានន័យ​ស្មើ​នឹង​សំណូក។

លោក​ ឱម យ៉ិនទៀង បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​
លោក​ ឱម យ៉ិនទៀង បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ © ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 និយាយ​ដល់​ការ​លុប​បំបាត់​អំពើ​ពុករលួយ​ គេ​គួរ​គប្បី​គិត​ដល់​មនុស្ស​ពីរ​ក្រុម​ជា​ចាំបាច់​គឺ​អ្នក​ទទួល​សំណូក​និង​អ្នក​សូកពីព្រោះថា ភាគី​ទាំង​ពីរ​នេះ​គឺ​ជា​អ្នក​បង្កើត​ឲ្យ​មាន​អំពើ​ពុករលួយ។ ​នៅ​កម្ពុជា ​អំពើ​ពុករលួយ​មិន​ពិបាក​នឹង​មើល​ឃើញ​ឡើយ។ ​មិន​ពិបាក​នៅ​ត្រង់​ថា ​ម្យ៉ាង​ ការ​សូក​និង​ការ​ទទួល​សំណូក​ហាក់​បាន​ក្លាយ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ទៅ​ហើយ ​និង​ម្យ៉ាង​ទៀត​មន្ត្រី​ដែល​ទទួល​សំណូក​មិន​ញញើត​នឹង​សម្ញែង​អំពី​ភាព​មានបាន​យ៉ាង​ឆាប់​រហ័ស​លើស​ពី​ប្រាក់​ខែ​ដែល​ខ្លួន​ទទួល​បាន​ពី​រដ្ឋ។

 
ប៉ុន្តែ ​ការ​លុប​បំបាត់​អំពើ​ពុករលួយ​ឲ្យ​អស់​ពី​សង្គម​ទើប​ជា​ការ​លំបាក។ ​លំបាក​ដោយ​ហេតុ​ថា​ ការ​សូកប៉ាន់​បាន​និង​កំពុង​ជ្រក​កោន​ដោយ​ស្ងៀមស្ងាត់​ក្រោម​ស្លាក​«សគុណ»។​ ជាការ​ពិត ​«សគុណ»​ឬ​«ការដឹងគុណ»​គឺជា​គុណធម៌​ដ៏​ប្រពៃ​សម្រាប់​សង្គម​ខ្មែរ។ ​មនុស្ស​ខ្មែរ​តែងតែ​ដឹង​គុណ​ចំពោះ​អ្នក​មាន​គុណ​គ្រប់​គ្នា​ដូច​ជា​មាតា​បិតា ​បុព្វការី​ ឬ​គុណ​គ្រូបាធ្យាយ​ជាដើម។​ លុយ​កាក់​ ឬ​អំណោយ​ផ្សេងៗ​គឺជា​អំណោយ​ដើម្បី​សម្តែង​ការដឹងគុណ។ ​ប៉ុន្តែ គួរ​ឲ្យ​សោក​ស្តាយ ​ក្នុង​ករណី​ជាច្រើន​ គុណធម៌​នៃ​ពាក្យ​ថា​សគុណ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បិទបាំង​អំពើ​សូក​ប៉ាន់​​ឬ​អំពើ​ពុករលួយ​ទៅ​វិញ។ ​ជាក់ស្តែង ​នៅ​ពេល​ដែល​ពលរដ្ឋ​ទៅ​ពឹង​ពាក់​មន្ត្រី​អាជ្ញាធរ​ដើម្បី​ធ្វើ​ឯកសារ​ផ្លូវ​ច្បាប់ផ្សេងៗ ​ពួកគេ​តែង​​ឲ្យ​លុយ​ទៅ​មន្ត្រីទាំងនោះក្រោម​រូបភាព​«ជូនសគុណ»​។ ​ទម្លាប់​បែប​នេះ​កើត​មាន​គ្រប់​ទិស​ទី។

ជាក់ស្តែង​ សម្រាប់​ការបង់​ពន្ធ​យានយន្ត​ប្រចាំឆ្នាំ​២០១១នេះ ​ភ្នាក់ងារ​ពន្ធដារ​មិន​ហ៊ាន​ចេញ​មុខ​ទារ​លុយ​ដោយ​ចំហ​ពី​ម្ចាស់​យានយន្ត​ដូច​កាល​ពី​មុន​ទៀត​ឡើយ​បន្ទាប់​ពី​ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​សង្គម​ស៊ីវិល​ និង​ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាត់​វិធានការ​ដែល​នាំ​ដល់​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​ពន្ធដារ​ជា​ច្រើន​មក។ ​ប៉ុន្តែ​ ពួកគេ​បាន​ប្រើ​វិធី​ទារ​សំណូក​ដោយ​ប្រយោល​វិញម្តង​តាម​រយៈ​ការ​បំពេញ​បែបបទ​ប្រកាស​បង់​ពន្ធ​ជូន​អតិថិជន​ដោយ​ស្មគ្រ័ចិត្ត។ ​ងាក​ទៅ​មើល​ម្ចាស់​យានយន្ត​ជាទូទៅ​វិញ ​ទោះ​បី​ជា​ភ្នាក់ងារ​ពន្ធដារ​មិន​បាន​ទារ​លុយ​ក៏ដោយ ​ក៏​ពួកគេបាន​បង់​លុយ​ក្រៅ​ផ្លូវការ​ទៅ​ឲ្យ​ភ្នាក់ងារ​ពន្ធដារ​ស្ទើរតែ​គ្រប់​គ្នា​ទុក​ជា​ការ​ជូន​សគុណ។ ​ម្ចាស់​យានយន្ត​ជាទូទៅ​ហាក់​ដូច​ជា​មាន​អារម្មណ៍​អៀន​ខ្លួន​ទៅ​វិញ​នៅ​ពេល​មិន​បាន​ផ្តល់​ប្រាក់​សគុណ​ជូន​មន្ត្រី​ពន្ធដារ។

នេះគ្រាន់​តែជា​ឧទាហរណ៍​តូច​មួយ​ដែល​រំលេច​អំពី​ផ្នត់​គំនិត​សូកប៉ាន់​ដែល​ដិតដាម​ក្នុង​អារម្មណ៍​មនុស្ស​ជា​ទូទៅ ​មានន័យ​ថា ​នៅ​រាល់​ពេល​ដែល​គេ​ពឹងពាក់​មន្ត្រី​អាជ្ញាធរ​ ឬ​មន្ត្រី​រាជការ​ទាំង​ឡាយ ​គេ​តែង​ផ្តល់​កម្រៃ​បន្ថែម​ដើម្បី​ជា​សគុណ​ចំពោះ​មន្ត្រី​ទាំង​នោះ។ ​តាម​ការ​ពិត នេះ​គ្រាន់​តែ​ជា​សេវា​កម្ម​ដែល​មន្ត្រី​សាធារណៈ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ឋានៈ​ជា​អ្នក​ទទួល​ប្រាក់ខែ​ពី​រដ្ឋ​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​ នៅ​កម្ពុជា​ អ្នក​ប្រើ​ប្រាស់​សេវាកម្ម​សាធារណៈ​ច្រើន​តែ​គិត​ថា​ ខ្លួន​បានពឹង​ពាក់​គេ​ដែល​ត្រូវ​ជូន​សគុណ​តប​វិញជាចាំបាច់។ ​សគុណ​អាច​មាន​ជា​លុយកាក់​ឬ​ទ្រព្យសម្ភារៈ​មាន​តម្លៃ​ផ្សេងៗ​ទៅ​តាម​លទ្ធភាព ​និង​ទំហំ​នៃ​សេវាកម្ម ​ដូច​ពាក្យ​ចាស់​បុរាណ​ថា​« តូច​ស៊ី​តាម​តូច​ ធំ​ស៊ី​តាម​ធំ»។​ ផ្នត់​គំនិត​បែប​នេះ​ឯង​ដែល​គេ​ពិបាក​លុប​បំបាត់​​ពោល​គឺ​មាន​ករណី​ជា​ច្រើន​ណាស់​ដែល​អ្នក​សូក​និង​អ្នក​ស៊ីសំណូក​ត្រូវ​រ៉ូវ​គ្នា​ដោយ​ងាយ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ​ទម្លាប់​នៃ​ការ​សូកប៉ាន់​នេះ​ទៀត​សោត​ហាក់​បាន​ដិត​ដាម​យ៉ាង​ជ្រៅ​ក្នុង​ផ្នត់​គំនិត​ពលរដ្ឋ​ខ្មែរ​ដែល​ស្ទើរ​តែ​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ។ ​ប្រពៃណីនេះហើយ​ដែល​ជា​ឬស​គល់​នៃ​អំពើ​ពុករលួយ​ក្នុង​សង្គម​កម្ពុជា​។

ដូច្នេះ ​ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​ឲ្យ​អស់​ចេញ​ពី​សង្គម​ វិធានការ​ផ្លូវ​ច្បាប់ ​និង​សីលធម៌​ត្រូវ​តែ​អនុវត្ត​ព្រមៗ​គ្នា​ជា​ចាំបាច់។ ​វិធានការ​ផ្លូវ​ច្បាប់​ត្រូវ​តែ​តឹងរ៉ឹង​និង​ស្មើភាព​ រីឯ​វិធានការ​សីលធម៌​​វិញ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចេះ​ខ្មាសអៀន​នឹង​អំពើ​ពុករលួយ​ ហើយ​បែង​ចែក​ឲ្យ​ច្បាស់​រវាង​ការ​ប្រើប្រាស់​សេវាកម្ម​និង​ការ​ពឹងពាក់ និង ​រវាង​សគុណ ​និង​សំណូក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ