អានតួអត្ថបទ
កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ដីធ្លី ជួបជុំ​សាទរ​ទិវា​លំនៅឋាន​ពិភពលោក

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣​តុលា​នេះ ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ដីធ្លី មក​ពី​សហគមន៍​ទាំង ៤២ នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​ជួបជុំ​នៅ​រោង​មហោស្រព​ចេនឡា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២៦ ទិវា​លំនៅឋាន​ពិភពលោក ក្រោម​ប្រធានបទ ទីក្រុង និង​ការប្រែប្រួល​អាកាសធាតុ​។ អង្គ​វេទិកា​នៅ​ព្រឹក​មិញ បាន​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល ឲ្យ​គិតគូរ ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង ដែល​មាន​ការចាក់​ដី​លុប​បឹង​យ៉ាងច្រើន នា​ពេល​សព្វថ្ងៃ​។​

អតីត​អ្នកភូមិ​បឹងកក់​តវ៉ា​នៅ​សួន​សេរីភាព ក្នុង​ទិវា​លំនៅឋានពិភពលោក​ ថ្ងៃ​ទី​៣​តុលា ឆ្នាំ​២០១១
អតីត​អ្នកភូមិ​បឹងកក់​តវ៉ា​នៅ​សួន​សេរីភាព ក្នុង​ទិវា​លំនៅឋានពិភពលោក​ ថ្ងៃ​ទី​៣​តុលា ឆ្នាំ​២០១១ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សករាជ​ទីក្រុង​ថ្មី​នាពេលនេះ មាន​មនុស្សម្នា​យ៉ាងច្រើន​កំពុង​រស់នៅ​ក្នុង​ទីក្រុង និង​ទីប្រជុំជន ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ចង​ចាំ​ថា ភយ​ន្តរាយ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​ជា​លទ្ធផល​នៃការប្រែប្រួល​អាកាសធាតុ គឺ​កើតឡើង​ហើយ​បញ្ចប់​ទៅ​វិញ​នៅក្នុង​ទីក្រុង​។ ការអភិវឌ្ឍន៍​ទីក្រុង មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​គឺជា​សារសំខាន់ ដែល​អង្គការសហប្រជាជាតិ បាន​ប្រកាស​ចេញ នៅ​ទិវា​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សហគមន៍ ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការអភិវឌ្ឍន៍ និង​វិស័យ​ផ្សេងៗ ជាពិសេស​វិស័យ​លើក​កំពស់​ការគោរព​សិទ្ធិ​លំនៅឋាន​ដីធ្លី មុខរបរ​ការងារ និង​ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​ប្រឈម​នឹង​ការ​បណ្តេញចេញ បាន​ជួបជុំ​ប្រារព្ធ​ទិវា​លំនៅ​ឋានពិភពលោក ក្រោម​ប្រធានបទ ស្ដីអំពី “ ទីក្រុង និង​ការប្រែប្រួល​អាកាសធាតុ ” ។

​ក្នុង​ពិធី​នៅ​រោង​មហោស្រព​ចេនឡា នៅ​ទីក្រុង​ភ្នំពេញ ព្រឹក​មិញ សកម្មជន​ដីធ្លី និង​អង្គការ​សិទ្ធិមនុស្ស បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​ការអភិវឌ្ឍ​ន៍​យ៉ាង​សស្រាក់សស្រាំ​នៅតាម​ទីក្រុង និង​ទីប្រជុំជន​នានា​ទូទាំង​ប្រទេស ដើម្បី​បង្ហាញ​ប្រាប់​ពិភពលោក​អំពី​ការរីកចម្រើន​របស់​ខ្លួន​។ ប៉ុន្តែ​ការអភិវឌ្ឍន៍​ទាំងនោះ មិន​បាន​ការពារ​ទៅ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទេ​។ ម្យ៉ាងវិញទៀត​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​លុបបឹង​ធំៗ​នៅក្នុង​ទីក្រុង ដើម្បី​យក​ទីតាំង​សម្រាប់​ការអភិវឌ្ឍន៍​ផ្សេងៗ ដែល​ជា​តម្រូវការ​នាពេល​អនាគត​។

​តាម​អង្គ​វេទិកា​នៅ​ព្រឹក​មិញ បដិវត្ដ​ន៍នគរូបនីយកម្ម​ដ៏​ធំ​សម្បើម នឹង​កើតឡើង​នៅក្នុង​ទីក្រុង និង​ទីប្រជុំជន​នានា នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច​កម្ពុជា ប្រសិនបើ​មិន​មាន​យន្ដការ និង​គោលដៅ​កំណត់​ច្បាស់លាស់ សម្រាប់​ការអភិវឌ្ឍន៍​ទាំងនោះ​ទេ​។​

​ក្រុម​អ្នកចូលរួម​ពិធី ពាក់​អាវយឺត​ពណ៌​បៃតង​ដៃ​ខ្លី បាន​អាន​សេចក្តីថ្លែងការណ៍​ជា​ច្រើន​។ ក្នុងនោះ ក្រុម​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ ក៏​បាន​ថ្លែងការណ៍ និង​ច្រៀង​ពី​ការ​បណ្ថេញ​ចេញ​ទាំង​បង្ខំ​ពី​លំនៅឋាន​ផង​ដែរ​។​

​តំណាង​រដ្ឋាភិបាល មិនបាន​ចូលរួម​ទិវា​លំនៅ​ឋានពិភពលោក នៅ​ព្រឹក​មិញ​ទេ បើទោះបីជា​មាន​កម្មវិធី ត្រូវ​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ក៏​ដោយ​។​

​យ៉ាងណាក៏ដោយ នៅ​កន្លែង​ធ្វើបាតុកម្ម នៅ​សួន​សេរីភាព ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​៣​តុលា ទិវា​លំនៅ​ឋានពិភពលោក មាន​អតីត​ក្រុម​អ្នក​ភូមិ​បឹងកក់​មួយក្រុម បាន​ឈរ​តវ៉ា លើ​កបដា និង​រូបថត​ថ្នាក់ដឹកនាំ​ទាំង​បី​របស់​គណបក្ស​ប្រជាជន ព្រម​ទាំង​រូប​ព្រះភ័ក្ត្រ​សម្តេចឪ នរោត្តម​សីហនុ​។ អតីត​អ្នកភូមិ​បឹងកក់ ដែល​បាន​ទទួលយក​សំណង ផ្ទះល្វែង និង​លុយ​៨៥០០ ដុល្លារ ដើម្បី​ចាកចេញ​ពី​បឹងកក់​ក្នុង​ពេល​កន្លងមក បានទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល អន្តរាគមន៍ ទៅកាន់​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ិន ដើម្បី​បន្ថែម​សំណង ព្រោះ​ពួកគេ​ប្រឈម​នឹង​ជីវភាព​ខ្វះខាត​នាពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ