អានតួអត្ថបទ
កម្ពុជា

នាយករដ្ឋ​មន្ត្រី​បារាំង​មក​ដល់​កម្ពុជា ជាមួយ​ការ​សុំ​អន្តរាគមន៍​ពី​អ្នក​ភូមិ​បឹងកក់

នាយក​រដ្ឋមន្ត្រី​បារាំង​លោក​ François Fillon និង គណៈប្រតិភូ​ជាន់ខ្ពស់​​នៃ​រដ្ឋាភិបាល​បារាំង បាន​មកដល់​រាជធានី​ភ្នំពេញ​ហើយ​នៅព្រឹក ថ្ងៃសៅរ៏ ទី២ ខែ កក្កដា​នេះ។ ភ្លាមៗ​បន្ទា​ប់​ពីចុះ​ពី​យន្តហោះ លោក​ Fillon បានបំពេញ​បេសកកម្ម​ផ្លូវការ​ក្នុងទីក្រុង​ភ្នំពេញ​ដូចការ​គ្រោងទុក​។ លោក​បានជួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជា លោក​ហ៊ុន សែន​បន្ទាប់​មក​លោក​បាន​អញ្ជើ​ញ​ទៅ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ឋ​យុទ្ធជន​ពលីនៅ​វិមាន​ឯករាជ្យ និង​បានចូល​គាល់​ព្រះមហាក្សត្រ​​ខ្មែរ មុន​លោក​ធ្វើដំណើរ​បន្តទៅ​ខេត្តសៀមរាប​នៅល្ងាច​នេះ។ លោក Fillon ក៏បាន​ទទួលទាន​អាហារ​ពេលល្ងាច​ជាមួយ​លោកហ៊ុន សែន​ផង​ដែរ។ អ្វី​គួរ​ឲ្យកត់សម្គាល់​ក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​បារំាង​ពេលនេះ មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ពីរ​ករណី​បាន​សូមឲ្យ​លោកជួយ​ដោះ​ស្រាយ​។ ជា​ការ​ស្នើ​សុំ​ដែល​មិនមាន​នៅក្នុង​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឡើយ។

នាយក​រដ្ឋ​មន្ត្រី​បារាំង​លោក François Fillon និង​នាយក​រដ្ឋមន្រ្តី​កម្ពុជាលោកហ៊ុន សែន
នាយក​រដ្ឋ​មន្ត្រី​បារាំង​លោក François Fillon និង​នាយក​រដ្ឋមន្រ្តី​កម្ពុជាលោកហ៊ុន សែន RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ញ្ញត្តិ​សុំអន្តរាគមន៍​ចំនួន​ពីរ​បាន​ទៅ​ដល់​ស្ថានទូតបារំាង​ប្រចំារាជធានី​ភ្នំពេញ មុន​លោក François Fillon មកដល់​កម្ពុជា​ម្ល៉េះ។ញ្ញត្តិទី១ គឺមក​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹងកក់ ដែល​កំពុង​ទាមទារ​សិទ្ឋិ​លំនៅ​ដ្ឋាន ប្រឆំាង​នឹង​សំណង​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ក្នុង​ផែនការ​វិនិយោគ​លើ​ដី​ជា​លំនៅដ្ឋាន​របស់​អ្នកភូមិ​បឹងកក់។

 
ដោយ​រំពឹងថា​នាយករដ្ឋ​មន្រ្តី​បារំាង​អាច​ជួយបាន បារំាង​ជា​សមាជិក​សហគមន៍​អឺរ៉ុប ជា​ប្រទេស​ផ្តល់​ជំនួយ​ដល់​កម្ពុជា តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ នៅ​ពី​ក្រោយ​ស្ថានទូត​បារំាង ក្នុង​ទីក្រុង​ភ្នំពេញ បាន​ទទួច​សុំ​​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​បារំាង ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ករណី​បឹងកក់​ឲ្យ​បាន​ឆាប់រហ័ស និង​តម្រូវ​ឲ្យ​មាន​ការ​ផ្តល់​សំណង​សមរម្យ​ដល់​ពួកគាត់។ ពលរដ្ឋ​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែល​បាន​ទទួល​សិទ្ធិវិនិយោគ​តំបន់​បឹងកក់ ពីរ​ដ្ឋាភិបាល​ត្រូវដោះស្រាយ​សំណង​ជា​ដី​និង​ផ្ទះទំហំ ៤គុណ​១៦ម៉ែត្រ ដល់​អ្នកភូមិ​បឹងកក់​ជាង​១​ពាន់​គ្រួសារ។

ចំណែក​ញត្តិទី២ គឺ​មក​ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។ តាមរយៈ​លោក​នាយករដ្ឋ​មន្រ្តី​បារំាង សមាគម​ខ្មែរ​កម្ពុជា​ចំនួន៩ ស្នើ​សុំ​រដ្ឋាភិបាល​បារំាង ផ្តល់​ឯកសារ​ទំាងឡាយ​ស្តីពី​ការ​កាត់ទឹក​ដីខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ក្នុងពេល​ដែល​បារំាង​ជា​អាណាព្យាបាល​កម្ពុជា ហើយ​បាន​សម្រេច​ឲ្យ​ទឹកដី​កម្ពុជា​ក្រោម​ទៅប្រទេស​វៀតណាម​គ្រប់គ្រង​ក្នុងឆ្នាំ ១៩៤៩។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទំាង៩ ក៏​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​អន្តរាគមន៍​ទៅ​ថ្នាក់ដឹកនាំ​វៀត​ណាម​បញ្ឈប់​សកម្មភាព រំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ។

គេ​នៅ​មិនទាន់​ដឹងថា​លោក François Fillon អាច​ដោះស្រាយ​ករណី​ទំាងពីរ​ខាងលើ​នេះ​បាន​កម្រិត​ណា​នោះ​ទេ ពីព្រោះ​សំណូមពរ​ទំាងនោះ​មិនមាន​នៅក្នុង​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច របស់​លោក​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ