អានតួអត្ថបទ
កម្ពុជា

អង្គការ​សហ​ប្រជាជាតិ​ស្នើ​អោយ​កម្ពុជា​បញ្ឈប់​សេចក្តី​ព្រាង​ច្បាប់​អង្គការ​

អ្នក​រាយការណ៍​​ពិសេស​​អង្គការ​​សហ​​ប្រជាជាតិ​​ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស​​ នៅ​​កម្ពុជា​ លោក​ សុរិយា​ ស៊ុប៊ឺឌី​ ​បាន​​ថ្លែង​​ស្នើ​​អោយ​​កម្ពុជា​​បញ្ឈប់​​ការ​​តាក់តែង​​សេចក្តី​​ព្រាង​ច្បាប់​​ស្តី​ពី​​សមាគម​ និង​​អង្គការ​​មិន​​មែន​​រដ្ឋាភិបាល។​ សេចក្តី​​ថ្លែង​​របស់​​តំណាង​​អង្គការ​​សហ​ប្រជាជាតិ​​ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស​​ នៅ​​កម្ពុជា​ ត្រូវ​​​បាន​​ធ្វើ​​ឡើង​​នៅ​​ក្នុង​​របាយការណ៍​​ប្រចាំ​​ឆ្នាំ​​របស់​​ខ្លួន​​ស្តីពី​​ ស្ថានភាព​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​​ដែល​​ត្រូវ​​ផ្ញើ​​​ទៅ​​ក្រុម​​ប្រឹក្សា​​ សិទ្ធិ​​មនុស្ស​​របស់​​អង្គការ​​សហ​ប្រជាជាតិ។​

អសប​ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​សេចក្តីព្រាងច្បាប់​អង្គការ។
អសប​ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​សេចក្តីព្រាងច្បាប់​អង្គការ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

បើ​ទោះ​ជា​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ពិនិត្យ​ឡើងវិញ​នូវ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​យ៉ាង​ណា​ក៏​ដោយ សកម្មភាព​នេះ​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ការ​តាក់តែង​សេចក្តីព្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បាន​លើកឡើង​ទៅ​ដល់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទៀត​តាម​រយៈ​លោក​សុរិយា ស៊ុប៊ឺឌី។

លោក​សុរិយា ស៊ូប៊ឺឌី​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​របាយការណ៍​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ថា សេចក្តីព្រាង​ច្បាប់​នេះ​អាច​បង្អាក់​ដល់​ការងារ​ស្រប​ច្បាប់​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​នៅ​កម្ពុជា ហើយ​លោក​សុរិយា ស៊ូប៊ឺឌី​បាន​អត្ថាធិប្បាយ​បន្ត​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំគួរ​បន្ត​ធ្វើ​សេចក្តីព្រាង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​នៅ​ក្នុង​បែប​ផែន​បច្ចុប្បន្ន​នេះ​នោះ​ទេ។

សម្រាប់​អ្នករាយការណ៍​ពិសេស​តំណាង​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅកម្ពុជា​កំពុង​ដើរតួនាទី​បំពេញ​បន្ថែម​លើ​តួនាទី​របស់​រដ្ឋ ដោយ​ការ​ជួយ​ផ្តល់សេវា​សង្គមកិច្ច​សំខាន់ៗ​ក្នុង​វិស័យ​ជាច្រើន​ដូចជា អប់រំ សុខាភិបាល បរិស្ថាន​ជាដើម។
ការ​អត្ថាធិប្បាយ​របស់​តំណាង​អង្គការ​សហប្រជាជាតិ វា​ជា​រឿង​របស់​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​បើ​អោយ​កម្ពុជា​បញ្ឈប់​ការ​តាក់តែង​សេចក្តីព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ គឺ​មិន​អាច​ឡើយ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយឯក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។ អ្នក​នាំ​ពាក្យ​រូប​នេះ ពន្យល់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​តាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ ទៅ​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​តែ​ប៉ុណ្ណោះ។ សម្រាប់​លោក​ខៀវ សុភ័គ ចំពោះ​សេចក្តីព្រាង​ច្បាប់​នេះ វាមិនមែន​មាន​តែ​អ្នក​ប្រឆាំង​តែ​មួយ​នោះ​ទេ។ ក៏​មាន​ដែល​អ្នក​ដែល​មាន​ឆន្ទះ​ចង់​អោយ​មាន​ច្បាប់​អង្គការ​នេះ ដើម្បី​ប្រយោជន៍​សង្គម​កម្ពុជា។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រសួង​មហាផ្ទៃ​បាន​យល់ព្រម​ពិនិត្យ​ឡើងវិញ​នូវ​មាត្រា​មួយ​ចំនួន​ដែល​ជា​សំណូមពរ​របស់​សង្គម​ស៊ីវិល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ