អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​​សម្តែង​​មតិ​​តាម​​ខិត្តប័ណ្ណ​​បង្ក​​គ្រោះថ្នាក់​​ដល់​​រដ្ឋាភិបាល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​សង្គ្រាម​ពាក្យ​សម្តី​កំពុង​តែ​ផ្ទុះ​ឡើង​ជាថ្មី​ម្តង​ទៀត​ជុំវិញ​សេរីភាព​ សម្តែង​មតិ​នៅ​កម្ពុជា។ ​ការ​ឡើង​កម្តៅ​ក្នុង​ឆាក​នយោបាយ​បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ជាប់​ចោទ​ ក្នុង​រឿង​បាច​ខិត្តប័ណ្ណ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ​ពី​២​ទៅ​៣​ឆ្នាំ​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ដ៏​តឹងរ៉ឹង។ ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​នោះ​មាន​ម្នាក់​ជា​បុគ្គលិក​អង្គការ​ការពារ​ សិទ្ធិមនុស្ស។ ​កាល​ពី​៦​ខែ​មុន ​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​ក៏​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ ​ពន្ធនាគារ​៦​ខែ​ពី​បទ​ចែកចាយ​ខិត្តប័ណ្ណ​ជេរ​ប្រមាថ​មេដឹកនាំ​រដ្ឋាភិបាល​ ដែល​ចម្លង​ចេញ​ពី​គេហទំព័រ​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង។ ​តើ​ខិតប័ណ្ណពិត​ជា​បង្ក​គ្រោះថ្នាក់​ដល់​រដ្ឋាភិបាល​មែន​ឬ?

ប៉ូលីស​ប្រកាស​ពីការចាប់ខ្លួន​បុរស៧នាក់​ពាក់ព័ន្ធនឹង​ការបាច​ខិត្តប័ណ្ណ (​​រូបភាពឯកសារ)
ប៉ូលីស​ប្រកាស​ពីការចាប់ខ្លួន​បុរស៧នាក់​ពាក់ព័ន្ធនឹង​ការបាច​ខិត្តប័ណ្ណ (​​រូបភាពឯកសារ) ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​កាលពី​​ថ្ងៃទី​១៤​កក្កដា​ តម្កល់​សាលក្រម​របស់​តុលាការ​ខេត្ត​តាកែវ​ដែល​បាន​ផ្តន្ទាទោស​បុគ្គលិក​ អង្គការ​សិទ្ធិមនុស្ស ​លីកាដូ ​ម្នាក់​ឈ្មោះ​ លាង ​សុខជឿន​ រួមទាំង​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ពីរ​នាក់​ទៀតឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ពីរ​ឆ្នាំ​។ ​ជនជាប់ចោទ​ទាំង៣ ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ច្បាប់​​ព្រហ្មទណ្ឌ​ថ្មី​ពី​បទ​ញុះញង់​ឲ្យ​ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដោយសារ​តែ​ពួកគេ​បាន​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ រដ្ឋាភិបាល។

​ក្នុង​សំណុំរឿង​ដដែល​នេះ ​តុលាការ​ក៏បាន​សម្រេច​ផ្តន្ទាទោស​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ អង្គឲ្យ​ជាប់​ពន្ធនាគារ​ដោយ​កំបាំង​មុខ​ចំនួន​ ៣​ ឆ្នាំ​ដែរពីព្រោះ​តែ​ព្រះសង្ឃ​អង្គ​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ មេខ្លោង​។ នេះ​មិន​មែន​ជា​ករណី​ទី១​ទេ​សម្រាប់​​សំណុំរឿង​បាច​ខិត្តប័ណ្ណ​ជេរ​ប្រមាថ​ រដ្ឋាភិបាល​ឬ​ព្រះមហាក្សត្រ ​ប៉ុន្តែ​រឿង​បែប​នេះ​តែង​កើត​ឡើង​ជា​ហូរហែ​រួច​មក​ហើយ។ ​តាម​រយៈ​សំណុំរឿង​​នេះ ​សង្គ្រាម​ប៉ាកកា​បាន​កើត​ឡើង​នៅ​ជុំវិញ​សំណួរ​ថា តើ​ការ​បាច​ខិត្តប័ណ្ណ​គ្រាន់តែ​ជា​មធ្យោបាយ​សម្តែង​មតិ​ធម្មតា​មួយ​ឬ​ក៏​ជា ​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​រដ្ឋាភិបាល?

ក្រុម​អ្នក​ការពារ​សេរីភាព​បញ្ចេញ​មតិ​បាន​ចាត់​ទុក​ខិត្តប័ណ្ណ​ថា​ គ្រាន់​តែ​ជា​មធ្យោបាយ​ដើម្បី​បញ្ចេញ​មតិ​មួយ​តែ​ប៉ុណ្ណោះ​។ មធ្យោបាយនេះត្រូវបានគេប្រើប្រាស់ខណៈ​ដែលគេ​មិន​អាច​និយាយ​ជា​ចំហ​បាន។ ក៏​មាន​ការ​កត់​សម្គាល់​ផង​ដែរ​ថា​ ការ​ប្រើប្រាស់​មធ្យោបាយ​ខិត្តប័ណ្ណ​គឺជា​សញ្ញា​បញ្ជាក់​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​នៅ​មិនទាន់​ទូលំទូលាយ​នៅ​ឡើយ។ ​ដោយសារ​តែ​លំហ​សេរីភាព​នៅ​តូច​ចង្អៀត​នេះ​ហើយ​បាន​ជា​មនុស្ស​មួយចំនួន​បាន​ ប្រើប្រាស់​មធ្យោបាយ​លាក់​មុខ​ដើម្បី​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន។ ​ដូច្នេះ ​អ្នកប្រើ​ប្រាស់​មធ្យោបាយ​ខិត្តប័ណ្ណ​មិន​គួរ​នឹង​ត្រូវ​ទទួល​ការ​ ផ្តន្ទាទោស​ក្រោម​បទ​ឧក្រិដ្ឋ​​ឡើយក្នុងប្រទេសដែលកាន់​លទ្ធិប្រជាធិបតេយ្យ។
ក៏ប៉ុន្តែ ​រដ្ឋាភិបាល​មិន​បាន​មើល​ស្រាល​ចំពោះ​ព្រឹត្តិការណ៍​នេះ​ទេ។

​ឆ្លង​តាម​បទពិសោធន៍​ក្នុង​អតីតកាល​ ខិត្តប័ណ្ណ​គឺជា​អាវុធ​លាក់​មុខ​ដ៏​គ្រោះថ្នាក់​សម្រាប់​អ្នក​ដឹកនាំ​ ពីព្រោះ​វា​គឺ​ជា​សំឡេង​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ផ្តួល​រំលំ​ រដ្ឋាភិបាលដោយស្ងាត់​ស្ងៀម​​។ ​នេះ​គឺជា​ចំណុច​រសើប​បំផុត​ដែល​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន។ ​រីឯ​អ្នក​បាច​ខិត្តប័ណ្ណ​ទៀត​សោត​ក៏​មិន​មែន​គ្រាន់​តែ​ចង់​សម្តែង​មតិ​ រិះគន់​ប៉ុណ្ណោះ​ដែរ​ ប៉ុន្តែ ​ពួក​គេ​ប្រាកដ​ជា​មាន​ចេតនា​នយោបាយ​ច្បាស់លាស់​មួយ។ អ្វី​ដែល​គួរ​កត់សម្គាល់​​នោះ​គឺ​ អត្ថន័យក្នុងខិត្តប័ណ្ណច្រើន​តែ​ជា​ការ​ជេរ​ប្រមាថ​ដែល​ហួស​ពី​កម្រិត​ ព្រំដែន​នៃ​ការ​សម្តែង​មតិ​រិះគន់។ នេះក៏ជាហេតុផល​ដែល​រដ្ឋាភិបាល​តែងចាត់​វិធានការ​ក្តៅ​គគុក​ប្រឆាំងនឹង​អ្នក​ បាច​ខិត្តប័ណ្ណ។

ព្រឹត្តិការណ៍នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាន​ឈាន​ជើង​ចូល​ក្នុង​យុគ​សម័យ​​ប្រជាធិបតេយ្យ​ សេរី​ពហុបក្សជិត២០ឆ្នាំ​ហើយ​ក៏ដោយ ​ក៏​ការ​តស៊ូ​ខាង​នយោបាយ​នៅ​តែ​គ្រប​ដណ្តប់​ដោយ​ទម្លាប់​ចាស់​ដដែល​ពោល​គឺ​ អ្នក​នយោបាយ​នៅ​មិន​ទាន់​បើក​ចិត្ត​ឲ្យ​ទូលំ​ទូលាយ​ដើម្បី​ទទួល​យក​លទ្ធិ​ ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ទាំង​អ្នក​រិះគន់​គេ​ ទាំង​អ្នក​ដែល​ត្រូវ​គេ​រិះគន់។

យ៉ាង​ណា​ក៏ដោយ ​ផ្នត់គំនិតនយោបាយ​ថ្មី​ហាក់ដូចជាកំពុង​ចាក់​ប្ញស​នៅ​កម្ពុជា​។ ​ពលរដ្ឋ​ខ្មែរ​ ​ដែល​បាន​ហែល​ឆ្លង​កាត់​របប​នយោបាយ​ជាច្រើន​ក្នុង​ឆាក​ជីវិត​របស់​ខ្លួន​ ហាក់​កំពុង​ទទួល​យក​ទស្សនៈ​ថ្មី​ក្នុងការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ខាង​ នយោបាយ​ដោយ​តម្កល់​ស្ថិរភាព​និង​សន្តិភាព​របស់​​ប្រទេស​ជាតិ​​ជា​ធំ។ ​ក្នុង​បរិបទ​នេះ​ រដ្ឋាភិបាល​មិន​គួរ​នឹង​មើល​ធ្ងន់​ខ្លាំង​ពេក​ទៅ​លើ​ខិត្តប័ណ្ណ​ឡើយ​ពី​ ព្រោះ​គេ​ជឿ​ជាក់​ថា ​ខិត្តប័ណ្ណ​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ពិត​ជា​គ្មាន​ឥទ្ធិពលខ្លាំង​ក្លា​​ ដូច​កាលពី​សម័យ​មុនៗ​ឡើយ។ ​ជួន​កាល​ការ​ព្រួយ​បារម្ភ​ហួសហេតុអាច​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ចាត់​ វិធានការ​ក្តៅជ្រុលពេកក៏​ថា​បាន។ ​គេមិនត្រូវភ្លេចទេថា កា​រប្រើ​កាំបិត​ផ្គាក់​ដើម្បី​​គ្រាន់​តែ​កម្ចាត់​សត្វ​មូល​តូច​មួយ​វា​មិន ​​បញ្ជាក់​ពី​ភាព​ឈ្លាស​វៃ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ