អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឯកសារសម្ងាត់ជា​«ចំណុចរសើប»​របស់បក្សប្រឆាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ការ​ទម្លាយ​ឯកសារ​សម្ងាត់​ស្តីពី​កិច្ចសន្ទនា​រវាង​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ជាមួយ​​លោក​កឹម សុខា ​កាល​ពី​ចុង​ខែ​ឧសភា ​ដែល​ធ្វើ​ឲ្យ​គណបក្ស​សម រង្ស៊ី​កាត់​ផ្តាច់​និស្ស័យ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​រួច​មក ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ព្រមាន​ជា​សាធារណៈ​ថា​លោក​នៅ​មាន​ឯកសារ​សម្ងាត់​ជាច្រើន​ទៀត​ទាក់ទង​ ជាមួយ​កិច្ចសន្ទនា​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ ក្នុងនោះ​ក៏មាន​ឯកសារ​ទាក់ទង​លោក​សម រង្ស៊ី​ផងដែរ។ ​ប៉ុន្តែ ​មន្ត្រី​គណបក្ស​សម រង្ស៊ី​ បដិសេធ​ថា​ លោក​សម រង្ស៊ី ​គ្មាន​អាថ៌កំបាំង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ទេ។ ​យ៉ាងណា​ក៏​ដោយ​ព្រឹត្តិការណ៍​នេះ​កំពុង​ចុច​ចំ​ចំណុច​រសើប​របស់​បក្ស​ ប្រឆាំង។

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ លោក​សម​រង្សី​​ប្រធានបក្រប្រឆាំង
លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ លោក​សម​រង្សី​​ប្រធានបក្រប្រឆាំង © RFI
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ឯកសារ​សម្ងាត់​ស្តីពី​ទំនាក់​ទំនង​ក្រៅ​ឆាក​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​មួយ​ចំនួន​កើត​ឡើង​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ប្រឆាំង​នៅកម្ពុជា។

 
តាមពិត​គោលដៅ​នៃ​ការ​បញ្ចេញ​ឯកសារ​សម្ងាត់​ទាំង​នេះ​មិនមែន​ជា​រឿង​គួរឲ្យ​ឆ្ងល់​ទេ​ពីព្រោះ​ថា ​ការ​បំបែក​កម្លាំង​ឬ​ធ្វើ​ឲ្យ​គូបដិបក្ខ​នយោបាយ​ចុះ​ខ្សោយ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​សាមញ្ញ​​មួយ​ដែល​អ្នកនយោបាយ​តែង​ប្រើប្រាស់​ជា​ធម្មតា។ ​ប៉ុន្តែ ​តើ​មេដឹកនាំ​បក្ស​ប្រឆាំង​សុទ្ធតែ​មាន​ទំនាក់​ទំនង​សម្ងាត់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​មែន​ដែរ​ឬ​ទេ? ​នេះ​ទើប​ជា​សំណួរ​សំខាន់​ ​ដែល​ត្រូវ​រក​ចម្លើយ។

ជាការពិត ​ការ​ទម្លាយ​ឯកសារ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ជាមួយ​លោក​កឹម សុខា​ កាលពី​ថ្ងៃ​ទី​២៩​ឧសភា​ បាន​ចុច​ចំ​ចំណុច​រសើប​របស់​គណបក្ស​សិទ្ធិមនុស្ស​។ ​ចំណុច​រសើប​ដែល​គួរ​ឲ្យ​កត់សម្គាល់​មាន​ដូច​ជា៖ ​ទី១ ​ទោះបី​ជា​ពិត​មែន​ឬ​មិន​មែន​ កិច្ច​សន្ទនា​នេះ​ហាក់​ធ្វើ​ឲ្យ​គេ​យល់​ថា ​គណបក្ស​សិទ្ធិមនុស្ស​បាន​កើត​ឡើង​ដោយ​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​នាយក​រដ្ឋមន្ត្រី។ ​ទី២ ​គឺភាព​ស្និទ្ធស្នាល​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​លោក​កឹម សុខា ​នៅ​ក្រោយ​ឆាក​ដែល​ស្តាប់​ទៅ​ខុស​ប្លែក​ទាំង​ស្រុង​ពី​អ្វី​ដែល​គេ​បាន​ឮ​និង​បាន​ឃើញ​ក្នុង​ឆាក​នយោបាយ​ជាក់ស្តែង ​និង​ទី៣ ​គឺ​ការ​និយាយ​បក​អាក្រាត​គណបក្ស​សម រង្ស៊ី ។ ​ចំណុច​រសើប​ទាំង​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​ការ​សង្ស័យ​របស់​គណបក្ស​សម រង្ស៊ី​ទៅ​លើ​គណបក្ស​សិទ្ធិមនុស្ស​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ​នោះ​បាន​ក្លាយ​ជា​ផ្កា​ភ្លើង​កាត់​ផ្តាច់​ចំណង​មេត្រីភាព​ដ៏​រកាំរកូស​រវាង​គណបក្ស​ទាំង​ពីរ។

ឥឡូវ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​គេ​ចាត់​ទុក​ថា​ជា​«អ្នកយុទ្ធសាស្ត្រ»​ដ៏​សំខាន់​ម្នាក់​របស់​គណបក្ស​ប្រជាជន​បាន​បង្ហើប​ជា​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ថា ​នៅ​មាន​ឯកសារ​ជាច្រើន​ទៀត​ដែល​លោក​បាន​សន្ទនា​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​នោះ​ក៏​មាន​កិច្ច​សន្ទនា​សម្ងាត់​ជាមួយ​លោក​សម រង្ស៊ី​ផង​ដែរ។ ​ការ​បង្ហើរ​តាម​ខ្សល់​អំពី​បញ្ហា​នេះ បើ​ទោះ​បី​ជា​អ្នក​ខ្លះ​ចាត់ទុក​ថា​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ ​«គោះ​ទឹក​បង្អើល​ត្រី» ​ក៏ដោយ​ចុះ​ ប៉ុន្តែ ចំណុច​រសើប​របស់​វា​នៅ​ត្រង់​ថា​ លោក​សម រង្ស៊ី ​ធ្លាប់​បាន​ជួប​សន្ទនា​តទល់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​តែ​ពីរ​នាក់​រយៈ​ពេល​ជិត​៣​ម៉ោង​កាលពី​៤​ឆ្នាំ​មុន។

ប៉ុន្តែ ​គ្មាន​អ្នក​ណា​ដឹង​ថា​ តើ​កិច្ច​សន្ទនា​ដ៏​យូរ​នេះ​បាន​ផ្តោត​លើ​បញ្ហា​អ្វី​ខ្លះ​នោះ​ទេ។ ​អ្វី​ដែល​គេ​បាន​ឃើញ​គឺ​ បន្ទាប់​ពី​ជំនួប​នោះ ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្តីពី​ការ​បង្កើត​រដ្ឋាភិបាល​ពី​សំឡេង​ពីរ​ភាគបី​មក​ជា​៥០​ភាគរយ​បូក​មួយ​ត្រូវ​បាន​អនុម័ត​ដែល​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ដោយ​ស្រួល។ ​ស្រាប់​តែ​ឥឡូវ​នេះ​ ពេល​ដែល​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កំពុង​តានតឹង​ខ្លាំង​ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហើប​អំពី​កិច្ច​សន្ទនា​នេះ​ឡើង​វិញ ​ហើយ​ខ្សែ​អាត់​សំឡេង​អាច​នឹង​ត្រូវ​គេ​បញ្ចេញ​ជា​សាធារណៈ​នៅ​ពេល​ណា​មួយ​ក៏​មិន​ដឹង។

មក​ដល់​ចំណុច​នេះ ​គេ​អាច​មើល​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​កំពុង​លេង​«សន្លឹកបៀ»​ស្តីពី​ឯកសារ​សម្ងាត់​ដែល​ជា​ចំណុច​រសើប​របស់​គណបក្ស​ប្រឆាំង។ ​សន្លឹក​បៀ​នេះ​មាន​ប្រយោជន៍​សម្រាប់​បក្ស​កាន់​អំណាច។​ ប្រយោជន៍​នៅ​ត្រង់​ថា ​ជាទូទៅ ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ប្រាថ្នា​ចង់​ឃើញ​ការ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា​ទៅ​នឹង​រដ្ឋាភិបាល​ ជាពិសេស​គឺ​ប្រឆាំង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តែម្តង។ ​ម្យ៉ាង​ទៀត​ ការ​មិន​ទុកចិត្ត​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​ប្រឆាំង​កំពុង​តែ​កើត​មាន​ស្រាប់​ជាយូរ​មក​ហើយ។

ហេតុ​ដូច​នេះ ​ការ​ទម្លាយ​ឯកសារ​សម្ងាត់​បែប​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ជ្រួល​ច្របល់​ក្នុង​មជ្ឈដ្ឋាន​អ្នក​ប្រឆាំង​ដោយ​ចៀស​មិន​ផុត។ ​នេះ​ហើយ​ជា​ចំណុច​រសើប​បំផុត​នៅ​ក្នុង​រឿង​ឯកសារ​សម្ងាត់​ដែល​បក្ស​កាន់​អំណាច​កំពុង​លេង។ ​ដូច្នេះ​ ប្រសិន​បើ​មាន​ឯកសារ​ផ្សេង​ពី​នេះ​ទៀត​ត្រូវ​បាន​ទម្លាយ ​តើ​នឹង​មាន​អ្វី​កើត​ឡើង? ​មាន​តែ​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ទេ​ដែល​អាច​ផ្តល់​ចម្លើយ​សុក្រឹត​ជាង​គេ​តប​ទៅ​នឹង​សំណួរ​នេះ​ពីព្រោះថា​លទ្ធផល​យ៉ាង​ណា​វា​ចំណុះ​ទាំង​ស្រុង​ទៅ​នឹង​ភាព​រឹងមាំ​ឬ​ភាព​កម្សោយ​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ