អានតួអត្ថបទ
កម្ពុជា

Amnesty​ International៖ ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​តែ​ជា​បញ្ហា​ក្តៅ​នៅ​កម្ពុជា

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International បាន​ ចេញ​របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ២០១១​នៅថ្ងៃ​នេះ ដោយ​បាន​បង្ហាញ​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​នៅ​កម្ពុជា​ផងដែរ។ Amnesty International​បាន​ផ្តោត​ការ​ចាប់អារម្មណ៍​ខ្លាំងទៅលើការ​បណ្តេញចេញ ជម្លោះ​​ដីធ្លី​ដែល​ធ្វើ​អោយ​ចំនួន​ប្រជាជន​ដែល​បាត់បង់​ដី​កាន់​តែ​កើនឡើង។ បញ្ហា​ផ្សេងទៀត​រួមមាន កង្វះ​ឯករាជភាព​នៅក្នុង​វិស័យ​យុត្តិធម៌ ការចាប់​ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស និង​ការ​កាត់បន្ថយ​សេរីភាព​បញ្ចេញមតិ។

អាជ្ញាធរ​ប៉ូលិស​បង្រ្កាប​ក្រុមអ្នកតវ៉ា ​​នៅក្នុង​ទំនាស់ដីធ្លី​នៅ​ខេត្ត​កំពង់សោម
អាជ្ញាធរ​ប៉ូលិស​បង្រ្កាប​ក្រុមអ្នកតវ៉ា ​​នៅក្នុង​ទំនាស់ដីធ្លី​នៅ​ខេត្ត​កំពង់សោម ©Amnesty international
ផ្សាយពាណិជ្ជកម្ម

ការ​បណ្តេញ​ចេញដោយ​បង្ខំ ការ​រំលោភ​យកដីធ្លី និង​ជម្លោះ​ដីធ្លី នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ ក្នុង​ចំណោម​បញ្ហា​ជាច្រើន​នៅ​កម្ពុជា។ ចំនួន​នៃ​ការ​តវ៉ា​អំពី​ការ​រំលោភ​ដីធ្លី​បាន​កើនឡើង។

សកម្មជននិង​អ្នក​ការពារ​សិទ្ធិមនុស្ស​បាន​ប្រឈមនឹង​ការ​ប្តឹងផ្តល់​ពី​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ។ តុលាការ​ខ្វះ​ឯករាជ្យភាព ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រាំងខ្ទប់​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​នៃ​ការ​ជួបប្រជុំ ប្រឆាំង​អ្នកកាសែត សកម្មជន​សហជីព និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង។ រីឯ​និទ្ទណ្ឌភាព​ក៏​នៅតែ​ជា​បញ្ហា​ដ៏គួរ​អោយព្រួយ​បារម្ភ​ដដែល។ ទាំងអស់​នេះ​គឺ​ជា​បញ្ហាដែល​ត្រូវ​បាន​លើកឡើង​ជាការ​ព្រួយបារម្ភ​នៅក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​របស់អង្គការ​Amnesty International​ ស្តី​ពី​កម្ពុជា។

ការ​បណ្តេញចេញ​គឺ​ជា​បញ្ហាធំ​ជាងគេ​ដែល​របាយការណ៍​នេះ​សរសេរ​ដាក់​នៅដើម​របាយការណ៍​​តែម្តង។ របាយការណ៍​បាន​លើក​យកករណី​បណ្តេញចេញ​នៅ​បឹងកក់​ដែល​មាន​ការ​តវ៉ា​ជាច្រើន​លើក​ច្រើនសា ហើយ​ពេលខ្លះ​មាន​ការ​បំបែក​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផង។ រីឯ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ត្រូវ​បានឃាត់​ខ្លួន​ដោយសារ​តែ​ពួកគេ​ជួយ​ការពារ​ក្រុម​សហគមន៍​ដែល​ត្រូវបាន​គេ​រំលោភ​យកដីធ្លី។

ប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​កំបាំងមុខ​នោះ ក៏ត្រូវ​បាន​លើកឡើង​នៅក្នុង​របាយការណ៍​ដើម្បី​និយាយ​អំពី​ការ​គំរាមកំហែង​ទៅលើ​សេរីភាព​បញ្ចេញមតិ និង​ជួបជុំ​ផងដែរ។

Amnesty International ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ផងដែរ។ នោះគឺ​ការ​ខ្វះ​ឯករាជភាព។ កុមារី និងស្រ្តីរងគ្រោះក្នុងអំពើរំលោភ និង​អំពើ​ហិង្សា​តែងមាន​ឧបសគ្គ​នៅក្នុង​ការ​ទទួលបាន​យុត្តិធម៌ ដោយសារ​តែ​ភាព​កម្រោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ការ​ដោះស្រាយ​បញ្ហា​ក្រៅប្រព័ន្ធ​តុលាការ​នោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បាន​ទទួលយក​អនុសាសន៍​ទាំង​៩១​របស់​អង្គការ​សហ​ប្រជាជាតិ​​ដើម្បី​លើក​តម្កើង​វិស័យ​សិទ្ធិមនុស្ស និង​ពង្រឹង​វិធានការ​ប្រឆាំង​និទ្ទណ្ឌភាព ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​ការកែ​ទម្រង់​ប្រព័ន្ធ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ