អានតួអត្ថបទ
កម្ពុជា

ប្រជាជន​ក្រីក្រ​គួរ​តែ​មាន​សិទ្ធិ​រស់នៅ​ក្នុងទីក្រុង

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​អំពាវនាវ​អោយ​អាជ្ញាធរ​បញ្ឈប់​ការបណ្ដេញ​ ចេញ​ប្រជាជន​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង ចំ​ពេល​ដែល​ពិភពលោក​គ្រោង​នឹង​ប្រារព្ធ​ទិវា​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ក្រោម​ប្រធាន​បទ ៖ ទីក្រុង​ស្អាត ជីវិត​ល្អ​ប្រសើរ។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ ​ទទួលរង​នូវការលិចលង់ដោយសារ​ការបូម​ខ្សាច់​នៅ​បឹងកក់ ដែល​រដ្ឋាភិបាល​ប្រគល់​ទៅ​ក្រុមហ៊ុន​វិនិយោគ​ឯកជន
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ ​ទទួលរង​នូវការលិចលង់ដោយសារ​ការបូម​ខ្សាច់​នៅ​បឹងកក់ ដែល​រដ្ឋាភិបាល​ប្រគល់​ទៅ​ក្រុមហ៊ុន​វិនិយោគ​ឯកជន © ញឹម សុផល
ផ្សាយពាណិជ្ជកម្ម

03:07

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី ទីក្រុង​ភ្នំពេញ

ប្រជាជន​ក្រីក្រ​មាន​សិទ្ធិ​រស់នៅ​ក្នុង​ទីក្រុង សូម​បញ្ឈប់​ការបណ្ដេញ​ចេញ​ពី​ទីក្រុង។ នេះ​ជា​ប្រធាន​បទ​ដែល​អង្គការ និង​ប្រជាជន​មួយ​ចំនួន​ធំ​ដែល​ត្រូវ​បាន​គេ​ផ្លាស់ប្ដូរ​ទីតាំង​ចេញ​ពី​ទីក្រុង​ភ្នំពេញ​គ្រោង​នឹង​លើក​យក​មក​ពិភាក្សា នៅ​ថ្ងៃ​ស្អែក។ ថ្ងៃ​ចន្ទ​ទី​៤​ខែ​តុលា​ស្អែក​នេះ​គឺ​ជា​ទិវា​លំនៅឋាន​ពិភពលោក។

 
នៅក្នុង​ប្រទេស​កម្ពុជា អង្គការ​មួយ​ចំនួន និង​ប្រជាជន​រងគ្រោះ​ដោយសារ​ការផ្លាស់ប្ដូរ​លំនៅឋាន​ចេញ​ពី​ទីក្រុង​គ្រោង​នឹង​ថ្លាថ្លែង​ទុក្ខសោក បណ្ដាល​មក​ពី​ការបណ្ដេញ​ចេញ។

តំណាង​ប្រជាជន​បឹងកក់​ដែល​កំពុង​មាន​ជម្លោះ និង​ប្រជាជន​រងគ្រោះ នា​ពេល​កន្លងមក ប្រមាណ​ជា​៤០០​នាក់​នឹង​ចូលរួម​ប្រារព្ធ​ទិវា​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ ប្រធាន​បទ​សម្រាប់​ពិភពលោក នៅ​ឆ្នាំ​២០១០​នេះ គឺ​ទីក្រុង​ស្អាត​ជីវិត​ល្អ​ប្រសើរ ប៉ុន្តែ​សម្រាប់​អង្គការ​មួយ​ចំនួន នៅក្នុង​ប្រទេស​កម្ពុជា​វិញ ពួកគេ​នឹង​ផ្ដោត​សារៈ​សំខាន់​ទៅ​លើ​លំនៅឋាន​សមរម្យ​ជីវិត​កាន់តែ​ប្រសើរ។

លោក អ៊ី សារ៉ុម ប្រធាន​អង្គការ​សមាគម​ធាងត្នោត​ដែល​ជា​អង្គការ​តាមដាន​ការផ្លាស់ប្ដូរ​ទីលំនៅ​របស់​សហគមន៍​ក្រីក្រ នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយ​ប្រាប់ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នរណា​ក៏​ចង់​រស់នៅ​ក្នុង​ទីក្រុង​ដែរ។ ដូច្នេះ​សូម​អោយ​បញ្ឈប់​ការបណ្ដេញ​ចេញ​ប្រជាជន​ពី​ទីក្រុង​ភ្នំពេញ។ ផ្ទុយទៅវិញ អាជ្ញាធរ​ត្រូវតែ​ផ្តល់​អោយ​ពួកគេ​នូវ​លំនៅឋាន​សមរម្យ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ជា​ការប្រសើរ​ជាង។

បើ​យោង​តាម​លោក អ៊ី សារ៉ុម រហូត​មកដល់​ឆ្នាំ​២០០៩​កន្លងមក​នេះ សហគមន៍​អ្នកក្រីក្រ ឬ​សហគមន៍​សំណង់​អនាធិបតេយ្យ​ជាង​៤០​កន្លែង​ហើយ នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ផ្លាស់ប្ដូរ​ទីតាំង​អោយ​ទៅ​រស់​នៅ​ជាយ​ក្រុងភ្នំពេញ។ សហគមន៍​មួយ​ចំនួន​ផ្សេងទៀត​ក៏​ប្រឈម​នឹង​ការរើ​ទីតាំង​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដែរ នា​ពេល​អនាគត។
ការផ្លាស់ប្ដូរ​ទីតាំង​សហគមន៍​អ្នកក្រីក្រ​ចេញ​ពី​ទីក្រុង​ភ្នំពេញ នា​ពេល​កន្លងមក​បាន​បង្ក​អោយ​មាន​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល។ អ្នកខ្លះ​បាន​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​បាន​សម្រេច​បណ្ដេញ​ប្រជាជន​ក្រីក្រ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដោយ​យក​ទីតាំង​នោះ​លក់​ទៅ​អោយ​ឈ្មួញ​ដើម្បី​សាងសង់​សំណង់​ផ្សេងៗ។

រាល់​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ​ម្តងៗ​សម្លេង​ស្រែក​ទ្រហោ​យំ​របស់​ប្រជាជន​បាន​លាន់​ឮ​ឡើង​យ៉ាង​កងរំពង។ កាល​ពីឆ្នាំមុន ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​បាន​អំពាវនាវ​សុំ​អោយ​បញ្ឈប់​ការបណ្ដេញ​ប្រជាជន​ក្រីក្រ​ចេញ​ពី​ទីក្រុង។ រីឯ​កាល​ពីម្សិលមិញ សមាគម​អាដហុក​បញ្ចេញ​របាយការណ៍​សម្ដែង​ការព្រួយបារម្ភ​ពី​ការកើន​ឡើង​នៃ​ជម្លោះ​ដីធ្លី។ ជម្លោះ​ដីធ្លី​មួយ​ចំនួន​បាន​កើត​ចេញ​ពី​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​រាល់​ការចោទ​ប្រកាន់​ត្រូវ​បាន​ច្រានចោល​ដោយ​មន្ត្រី​រាជ​រដ្ឋាភិបាល។ នៅ​ថ្ងៃ​អាទិត្យ​នេះ លោក ទិត្យ សុធា អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នា​ពេល​កន្លងមក រដ្ឋាភិបាល​បាន​ដោះស្រាយ​ប្រាក់​គោលនយោបាយ​ជូន​ប្រជាជន​ដែល​តាំង​ទី​លំនៅ​មិន​ស្របច្បាប់ ប៉ុន្តែ​ប្រជាជន​ទាំងនោះ​តែងតែ​ទាមទារ​សំណង​តាម​តម្លៃ​ទីផ្សារ។

លោក ទិត្យ សុធា បាន​បញ្ជាក់​ថា ការ​ទាមទារ​តម្លៃ​សំណង​តាម​ទីផ្សារ គឺ​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​ប្រជាជន​មួយ​ចំនួន​រស់នៅ​លើ​ដី​របស់​រដ្ឋ ឬ​ឯកជន​ដោយ​ខុស​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ