អានតួអត្ថបទ
កម្ពុជា

យោធា​ខ្មែរ​ថៃ​ព្រមព្រៀង​លើ​៦​ចំណុច​បញ្ចប់​ភាព​តានតឹង

មេ​បញ្ជាការ​យោធា​ថ្នាក់​ភូមិភាគ​របស់​កម្ពុជា​និង​ថៃ​បាន​ជួបគ្នា​ជា​ថ្មី ហើយ​បាន​ព្រមព្រៀង​គ្នា​បញ្ឈប់​ការ​ផ្ទុះ​អាវុធ ដោយ​ឯកភាព​លើ​៦​ចំណុច​សំខាន់។ ច្រក​ព្រំដែន​អូរស្មាច់ និង​ជាំស្រងាំ​នៅ​អន្លង់វែង​ក៏​បាន​បើក​អោយ​ប្រជាពលរដ្ឋ​ចេញ​ចូល​វិញ​ដែរ​ នៅ​ថ្ងៃ​នេះ ក្រោយពី​ការ​ចរចា​ដែល​ក្រុម​យោធា​ទាំង​ពីរ​ចាត់ទុក​ថា បាន​ទទួល​ជោគជ័យ​ល្អ។

កងទ័ពខ្មែរឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ
កងទ័ពខ្មែរឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

រាល់​សមរភូមិ​ដែល​រួមមាន​តំបន់​ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ ថ្មដូន និង​ជប់គគីរ ត្រូវ​ធ្វើ​អោយ​ត្រឡប់​មក​ជា​ធម្មតា​វិញ ដូចមុន​ថ្ងៃ​ទី​២២​មេសា។ ត្រូវ​សម្រួល​អោយ​ប្រជាពលរដ្ឋ​ត្រឡប់​មក​ភូមិឋាន​វិញ។ ទាហាន​ទាំង​សងខាង​ត្រូវមាន​ការ​ទុកចិត្តគ្នា​ទៅវិញ​ទៅមក ហើយ​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ធ្វើ​អោយ​ពុល​បរិយាកាស។ ទាំងនេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ចចរចា​ដែល​​យោធា​កម្ពុជា​តំណាង​ដោយ​ឧត្តមសេនីយ៍​ទោ ជា ម៉ន មេបញ្ជាការ​ភូមិភាគ​៤ និង​យោធា​ថៃ តំណាង​ដោយ​ឧត្តមសេនីយ៍​ទោ សុវត្ថិឆៃ សាមុតសាខន មេបញ្ជាការ​ភូមិភាគ​២។ អ្នក​ទាំង​ពី​រ​បាន​ជួបគ្នា​តាម​ការ​គ្រោងទុក​នៅ​ព្រឹកថ្ងៃពុធ​ទី​៤​ឧសភា​នេះ នៅច្រក​អូរស្មាច់។

តាំង​ពី​យប់មិញ មិនមាន​ការ​ផ្ទុះ​អាវុធ​ទៀត​ឡើយ នៅព្រំដែនប្រាសាទតាមាន់ តាក្របី​ដែល​បាន​ញ៉ាំង​អោយ​មាន​សញ្ញាល្អ​សម្រាប់​ការ​ជួបគ្នា​រវាង​មេយោធា​ទាំងពីរ។

គ្មាន​ការ​ផ្ទុះ​អាវុធ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កាន់តែ​ច្រើនឡើង​បាន​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​​​របស់​ពួកគេវិញ​ដើម្បី​ចាប់ផ្តើម​របរ​ចិញ្ចឹមជីវិត​សាជាថ្មី។ ច្រក​អូរស្មាច់​ត្រូវ​បាន​បើក​អោយ​ប្រជាជន​ចេញចូល​វិញ​តាំងពី​ម៉ោង១០ព្រឹក រីឯ​ច្រកជាំ​ស្រងាំ​នៅអន្លង់វែង​ត្រូវ​បានបើក​នៅ​ម៉ោង​ជិត​២​រសៀល​ថ្ងៃនេះ។ ច្រក​ព្រំដែន​ទាំងពីរ​ដ៏​សំខាន់​នេះ​ត្រូវ​បាន​បិទ ចាប់តាំង​ពីរ​ថ្ងៃ​ទី​២២​មេសា​មក ជា​ថ្ងៃ​ដែល​ទាហាន​ថៃ​បាន​ផ្តើម​វាយឆ្មក់​ចូល​ក្នុង​តំបន់​តាមាន់ និង​តាក្របី។

ការ​ផ្ទុះ​អាវុធ​១០​ថ្ងៃ​នេះ បានធ្វើ​អោយ​យុទ្ធជន​កម្ពុជា​យ៉ាងហោចណាស់​១០នាក់​បាន​សា្លប់ និង​ជាង​២០​នាក់​រងរបួស។ ក្រៅពីនេះ ការ​បាញ់​គ្រាប់​ផ្លោង​របស់​ទាហាន​ថៃ​បាន​ធ្វើ​អោយ​មាន​ជន​ភៀស​​សឹក​ខ្មែរ​ជាង​៤​ម៉ឺន​នាក់។ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​ទើប​បាន​ថ្លែង​អោយ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា មាន​គ្រាប់ផ្លោង​លើស​ពី​៥​ម៉ឺន​គ្រាប់​ដែល​ថៃ​បាន​បាញ់​ចូល​ដី​កម្ពុជា ហើយ​ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​គ្រាប់​ជាច្រើន​នៅ​មិនទាន់​ផ្ទុះ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ