អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ដើម្បីចូលរួ​ម​កិច្ច​ប្រជុំដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​នៅ​ឥណ្ឌូនេស៊ី​

នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រសួង​ការបរទេស​កម្ពុជា ​បានប្រកាស​ថា លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-​ថៃ​ និង​ឥណ្ឌូនេស៊ី​ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ ​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ នា​ថ្ងៃ​ទី៧​និង​ថ្ងៃ​ទី​៨​មេសា​ខាង​មុខ​ក៏​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ ​JBC ​និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ហៅ​កាត់​ថា​ GBC ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ​ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​ទៅកាន់​តុ​ប្រជុំចរចា​ស្វែងរក​ដំណោះស្រាយ​លើជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​
លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​ទៅកាន់​តុ​ប្រជុំចរចា​ស្វែងរក​ដំណោះស្រាយ​លើជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:49

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

លី ម៉េងហួរ

លោក​ប្រមុខ​ការទូត ហោ ណាំហុង ​នឹង​ដឹកនាំ​គណៈប្រតិភូ ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​ភ្នំពេញ ​នា​ព្រឹក​ម៉ោង ១១ ​ថ្ងៃទី​៦​មេសា ឆ្នាំ​២០១១​។ ​ជា​ដំណើរ​ទៅកាន់​តុ​ប្រជុំ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ទីក្រុង Bogor​ ប្រទេស​ឥណ្ឌូនេស៊ី។

 
សេចក្តី​ជូន​ព័ត៌មាន ​របស់​ក្រសួង​ការបរទេស ​ចុះ​ថ្ងៃ​ទី​៥​មេសា ឆ្នាំ​២០១១ ​បង្ហាញ​ថា ​ទន្ទឹម​នឹង​ការចូលរួម​កិច្ចប្រជុំ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ នា​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​៨​មេសា​ឆ្នាំ​២០១១​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ លោក​ប្រមុខ​ការទូត​ហោ ណាំហុង ​ក៏​នឹង​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ជប៉ុន នៅ​ថ្ងៃ​ទី​៩​មេសា ឆ្នាំ​២០១១ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រញ្ជួយ​​​ដី​ និង​រលក​ស៊ូ​ណា​មី នៅ​ប្រទេស​ជប៉ុន។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​ បានបង្ហាញ​ថា គណៈប្រតិភូ​កម្ពុជា ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ ​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​អមដំណើរ​លោក​ប្រមុខ​ការទូត ហោ ណាំហុង​ រួមមាន​៖ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ GBC និង​លោក វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ JBC​។

ដំណើរ​របស់​គណៈប្រតិភូ​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​ទៅកាន់​តុ​ប្រជុំ​ចរចា ​ស្វែងរក​ដំណោះស្រាយ​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ​ធ្វើឡើង​តាម​ការកោះ​អញ្ជើញ​របស់​លោក ម៉ា​ទី ​ណា​តាឡេ​ហ្គា​វ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ក្នុង​នាម​ប្រធាន​អាស៊ាន​។​ លិខិត​កោះប្រជុំ​របស់​ប្រធាន​អាស៊ាន ស្តី​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ បាន​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​៤​មេសា ម្សិលមិញ​។​
​កាសែត​ថៃ the Nation បាន​រាយការណ៍​នៅថ្ងៃនេះ​ថា ថៃ​យល់ព្រម​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ JBC នៅ​ឥណ្ឌូនេស៊ី​។​ តែ​ថៃ​មិន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ GBC ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡើយ។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា បានបញ្ជាក់​ថា កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ តាម​ការកោះ​ប្រជុំ​របស់​ភាគី​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​។ ​ម្យ៉ាងទៀត​ភាគី​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ទាំងឡាយ​ណា ដែល​មាន​ការចូលរួម​ពី​ភាគី​ឥណ្ឌូនេស៊ី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។

ប៉ុន្តែ​លោក កុយ គួង​ បញ្ជាក់​ថា ​កិច្ចប្រជុំ​ដោះស្រាយ​ជម្លោះ​ព្រំដែន នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​នេះ ​អ្វី​ដែល​សំខាន់​ គឺ​ធ្វើ​យ៉ាងណា ឲ្យមាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​ នៅ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ។​ កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នោះ ក៏​នឹង​អាច​លើកឡើង​ពី​ការបញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​មក​កាន់​ព្រំដែន​កម្ពុជា ​និង​ព្រំដែន​ថៃ ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​ផងដែរ។

កិច្ច​ប្រជុំ​ដែលមាន​ឥណ្ឌូនេស៊ី​ជាអ្នក​សម្រប​សម្រួល​ក្នុងនាម​ប្រធាន​អាស៊ាន​នៅសប្តាហ៍​នេះ ​ធ្វើឡើង​ក្រោយពី​កងទ័ពថៃ​ បាន​បើក​ការវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើកម្ពុជា​ កាលពី​ថ្ងៃទី៤​ ដល់ថ្ងៃទី​៧កុម្ភៈ នៅព្រំដែន​ព្រះវិហារ។​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បានផ្តល់​តួនាទី​ដល់​ឥណ្ឌូនេស៊ី​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​លើជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា-ថៃ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ