អានតួអត្ថបទ
កម្ពុជា

ទាហា​ន​​ថៃ​​បន្ត​​ចរចា​​ផង​​បន្ត​​បាញ់​​ផង​​ការ​ចរចា​​ត្រូវ​​លើក​​ពេល

ទាហាន​ថៃ​នៅ​បន្ត​បាញ់​ផ្លោង​មកលើ​កងទ័ព​កម្ពុជា​ជារៀងរាល់​យប់ នៅពេល​ដែល​ការ​ចរចា​ឈប់​​បាញ់​ត្រូវ​បាន​រៀបចំ​រៀងរាល់​ពេល​ថ្ងៃ​ដែរ។ ទីបំផុត កម្ពុជាបានលើកពេលឈប់ចរចា​ជា​មួយ​​ជាមួយ​កងទ័ព​ថៃ នៅពេល​ដែល​ទាហាន​ថៃ​មិន​ដែល​គោរព​ការឯកភាព​ឈប់បាញ់។ កម្ពុជា​ក៏​បាន​ច្រាន​ចោល​ព័ត៌មាន​​ដែល​កាសែត​ផ្សាយថា កម្ពុជា​ចោល​សាកសព​ទាហាន​ខ្លួន​នៅក្នុង​ព្រៃ​ក្នុង​សមរភូមិ។

ទាហានខ្មែរ ត្រៀមការពារ​នៅសមរភូមិ ឧត្តរមានជ័យជិតព្រំដែនកម្ពុជាថៃថ្ងៃទី១ ឧសភា២០១១
ទាហានខ្មែរ ត្រៀមការពារ​នៅសមរភូមិ ឧត្តរមានជ័យជិតព្រំដែនកម្ពុជាថៃថ្ងៃទី១ ឧសភា២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

ការព្រមព្រៀងឈប់បាញ់ ថៃមានតែជាពាក្យសំដី នៅក្នុង​តុ​ចរចា​ទល់​មុខ​មេបញ្ជាការ​យោធា​ខ្មែរ​តែប៉ុណ្ណោះ។ ចេញពីតុចរចារ នៅពេលថ្ងៃ​ថៃ​នៅ​តែ​បន្តបាញ់ផ្លោង​ដាក់​កង​ទ័ព​កម្ពុជា​នៅ​ពេល​យប់។ សកម្មភាពបែបនេះ មានយ៉ាងហោចណាស់៣លើកហើយ នៅក្នុង​ការ​ផ្ទុះ​អាវុធ​ដែល​បង្កឡើងដោយថៃចាប់តាំងពីថ្ងៃទី២២មេសាមក។

 

នៅពេលមានការផ្ទុះអាវុធកាលពីចុងសប្តាហ៍នេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ជួប​ចរចា​គ្នា​សាជាថ្មីទៀតនៅប្រាសាទតាក្របីនៅថ្ងៃចន្ទទី២ឧសភានេះ ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ​ពី​សមរភូមិ​បានអោយដឹងថា ការជួបចរចានេះត្រូវលុបចោលវិញ។

ការផ្ទុះអាវុធ ដោយការបាញ់គ្រាប់ផ្លោង និងការគប់គ្រាប់បែក ពីសំណាក់កងទ័ពថៃ ក្រោយ​ការ​​សន្យា​ឈប់បាញ់ ឈប់ចល័តទ័ព បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​កាលពីយប់​ថ្ងៃ​សៅរ៍​ទី​៣០​មេសា ​ដល់ព្រឹកថ្ងៃអាទិត្យទី១ឧសភា និងយប់ថ្ងៃទី១ឧសភាដល់ព្រឹកថ្ងៃចន្ទទី២ឧសភានេះ។ ការចរចាឈប់បាញ់ ក៏បានកើតឡើង​២ដង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​រវាង​ថ្នាក់​កងពល​ជួរមុខ​កម្ពុជាថៃ នៅតាមាន់ និង នៅថ្មដូន។

កងទ័ពកម្ពុជា លើសពីការប្រើប្រាស់​សិទ្ធិស្វ័យការពារ​ដោយបាញ់តបត​ប្រឆាំងទាហាន​ថៃ​នោះ​គ្មានអ្វីក្រៅពីការអំពាវនាវយ៉ាង​ទទូចអោយទាហានថៃគោរពលទ្ធផល​នៃការព្រម​ព្រៀង​ឈប់​បាញ់ ដើម្បីប្រយោជន៍ និងសេចក្តីសុខសាន្ត​របស់ប្រជាពលរដ្ឋ​ទាំង​សងខាង​នោះ​ឡើយ។​

នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃចន្ទទី២ឧសភានេះ អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​បានច្រានចោល ការផ្សព្វផ្សាយរបស់សារព័ត៌មានថៃដែលសរសេរថា កម្ពុជា​បាន​បោះបង់​ចោលសាកសពទាហានខ្មែរ២នាក់នៅក្នុងសមរភូមិ។

សម្រាប់​ក្រសួងការពារជាតិកម្ពុជា នេះគឺជាព័ត៌មានប្រឌិតរបស់ភាគីថៃ ដើម្បី​ប្រយោជន៍​នយោបាយ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ