អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនកិច្ច​ «បំភ្លឺផ្លូវ»​ របស់​បេសកជន​ពិសេស​យូណេស្កូ​នៅកម្ពុជា​និងថៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណើរ​ទស្សនកិច្ច​របស់​លោក ​Koichiro Matsuura ​បេសកជន​ពិសេស​របស់​អង្គការ​ Unesco ​នៅ​កម្ពុជា​និង​ថៃ​បាន​ដល់ទីបញ្ចប់​ហើយ​។ ​តាមពិត ​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពិនិត្យ​មើល​ការ​ខូចខាត​ ប្រាសាទ​ព្រះវិហារ​ក្រោយ​ការ​បាញ់​គ្រាប់​ផ្លោង​ពី​សំណាក់​ភាគី​ថៃ។​ ប៉ុន្តែ ​បេសកកម្ម​របស់​លោក ​Koichiro Matsuura ​ត្រូវ​បាន​ អ្នក​ខ្លះ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ការទូត​ច្រើន​ជាង​បច្ចេកទេស។ ​ក៏ប៉ុន្តែ ​សម្រាប់​ក្រសែ​ភ្នែក​ក្រុម​អ្នកវិភាគ​ ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​អង្គការ​យូណេស្កូ​បាន​ស្តែង​ចេញ​លទ្ធផល ​សំខាន់ៗ​មួយចំនួន​សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ប្រាសាទ​ព្រះវិហារ​ ដែល​គេអាច​ចាត់ទុក​ជា​ទស្សនកិច្ច​ «បំភ្លឺផ្លូវ» ​មួយ​សម្រាប់​កម្ពុជា ​និង​ថៃ​ក្នុង​រឿង​ព្រះវិហារ។ ​តើ​ទស្សនកិច្ច​នេះ​មាន​អត្ថន័យ​បែបណា​ខ្លះ?

ជំនួប​រវាង​លោកហ៊ុន សែន និង​លោក​​កូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា (koichiro matsuura)
ជំនួប​រវាង​លោកហ៊ុន សែន និង​លោក​​កូអ៊ីជីរ៉ូ ម៉ាត់ស៊ូអ៊ូរ៉ា (koichiro matsuura) © វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​លោក ​Koichiro Matsuura ​មក​កាន់​ប្រទេស​ថៃ​និង​កម្ពុជា​នៅ​ពេល​នេះ​ពិត​ជា​មាន​គោលដៅ​ដ៏ច្បាស់លាស់​មួយ។ ​គោលដៅ​នោះ​គឺ​គ្មាន​អ្វី​ក្រៅពី​ស្វែង​យល់​ពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដែល​បណ្តាល​មក​ពី​ការ​បាញ់​កាំភ្លើង​ធំ​របស់​ថៃ​នោះ​ឡើយ។ ​ប្រសិន​បើ​គ្មាន​ព្រឹត្តិការណ៍​បាញ់​ប្រហារ​មកលើ​ប្រាសាទ​ព្រះវិហារ​ទេ ​ក៏​ពិត​ជា​គ្មាន​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​អង្គការ​យូណេស្កូ​នៅ​ពេល​នេះ​ដែរ។

 
ជាការពិត ​ក្នុង​ឋានៈ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ប្រាសាទ​ព្រះវិហារ ​អង្គការ​យូណេស្កូ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​ចំពោះ​ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​មាន​តម្លៃ​មហាសាល​មួយ​នេះ។ ​ប៉ុន្តែ ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​រំពឹង​ទុក​ខក​ចិត្ត​នោះគឺ​បេសកជន​ពិសេស​អង្គការ​យូណេស្កូ​មិន​បាន​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ពិនិត្យ​មើល​ការ​ខូចខាត​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ។ ​ការ​ខកខាន​មិន​បាន​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​របស់​លោក ​Koichiro Matsuura​ ហាក់​បាន​កើត​ឡើង​ក្រោយ​ពី​ភាគី​ថៃ​បាន​គំរាម​មិន​ចង់​ឱ្យ​រូបលោក​ទៅកាន់​ទី​នោះ​។ ​អ្វី​ដែល​គេ​អាច​យល់​បាន​ពី​គោលដៅ​របស់​ថៃ​គឺ​ទីក្រុង​បាងកក​មិន​ចង់​ឱ្យ​មាន​រូបភាព​ថា​យូណេស្កូ​នៅ​ខាង​កម្ពុជា​នោះ​ឡើយ។

នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​យូណេស្កូ​យល់​និង​បាន​ព្យាយាម​បញ្ចៀស​ដើម្បី​កុំឱ្យ​ថៃ​បាក់​មុខ​មាត់​ខ្លាំង​ពេក។ ​អ៊ីចឹង​ហើយ​បាន​ជា​លោក​ Koichiro Matsuura ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​សិន​មុន​នឹង​មក​ដល់​កម្ពុជា។ ​នេះហើយ​ជាអ្វី​ដែល​គេ​ចាត់ទុក​ថា​ ​ទិដ្ឋភាព​ការទូត»​ នៃ​ដំណើរ​​ទស្សនកិច្ច​របស់​លោក ​Koichiro Matsuura​។ ក៏ប៉ុន្តែ​ ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ក៏ជា​ឱកាស​មួយ​ដើម្បី​ទទួល​បាន​ការ​ពន្យល់​របស់​ប្រទេស​នេះ​អំពី​ការបាញ់​ប្រហារ​មកលើ​ប្រាសាទ​ព្រះវិហារ​ដែរ។

យ៉ាងណា​ក៏​ដោយ​ចុះ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Koichiro Matsuura ​នៅ​ពេល​នេះ​ ថ្វី​ត្បិដ​តែ​បាន​លាយឡំ​ដោយ​ទិដ្ឋភាព​ការទូត​ក៏​ពិតមែន ​ក៏​ប៉ុន្តែ ​វា​បាន​ស្តែង​ចេញ​នូវ​លទ្ធផល​មួយ​ចំនួន​គួរ​ឱ្យ​កត់សម្គាល់។

លទ្ធផលទី១គឺ៖ ​ទស្សនកិច្ច​នេះ​បាន​បញ្ចប់​ក្តី​ស្រមៃ​របស់​ថៃ​ជុំវិញ​សំណើរ​សុំ​ឱ្យ​អង្គការ​យូណេស្កូ​​ដក​ប្រាសាទ​ព្រះវិហារ​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។​ ត្រង់​ចំណុច​នេះ ​បេសកជន​យូណេស្កូ​បាន​បញ្ជាក់​ច្បាស់​លាល់​ជាមួយ​ភាគី​ថៃ​ថា ​គេ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ។

លទ្ធផលទី២គឺ៖ ​លោក​ Koichiro Matsuura ​ក៏​បាន​បញ្ជាក់​ជា​សាធារណៈ​ដែរ​ថា​ យូណេស្កូ ​មិន​ធ្វើ​ការងារ​ពាក់ពន្ធ័​នឹង​បញ្ហា​ព្រំដែន​ឡើយ។ ​ចំណុច​នេះ​ក៏ជា​សារ​មួយ​ច្បាស់លាល់​ប្រាប់​ទៅ​ភាគី​ថៃ​ថា​ វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​បញ្ឈប់​ការ​លើក​យក​បញ្ហា​ព្រំដែន​មក​រារាំង​ដំណើរការ​អភិរក្ស ​និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ទៀត​ហើយ​ពីព្រោះ​សំណើរ​បែប​នេះ​គ្មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​យូណេស្កូ​ឡើយ។
 
លទ្ធផលទី៣គឺ៖ ​បេសកជន​ពិសេស​យូណេស្កូ​បាន​បញ្ជាក់​ពី​ការ​បញ្ជូន​អ្នក​ជំនាញ​ការ​របស់​ខ្លួន​មក​វាយ​តម្លៃ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ក្នុង​ពេល​ឆាប់ៗ​នេះ​ពោលគឺ​នៅ​ក្រោយ​ការ​មក​ដល់​របស់​អ្នកសង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ក្នុង​តំបន់​ជម្លោះ។ ​នេះក៏​ជា​សារ​មួយ​ទៀត​ដែល​បញ្ជាក់​ថា យូរ​ឬ​ឆាប់​យូណេស្កូ​នឹង​នៅ​តែ​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​តែ​ដដែល​ក្នុង​ឋានៈ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ប្រាសាទ​នេះ។

សរុប​មក​វិញ ​ជារូបភាព ​បើទោះ​បី​ជា​បេសកជន​យូណេស្កូ​បាន​ទុក​មុខមាត់​ឱ្យ​ថៃ​ខ្លះ​ក៏​ពិត​មែន ក៏​ប៉ុន្តែ ​ជា​ខ្លឹមសារ​វិញ ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Koichiro Matsuura ​មក​កាន់​កម្ពុជា​និង​ថៃ​នៅ​ពេល​នេះ​បាន​ផ្តល់​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រាសាទ​ព្រះវិហារ​និយាយ​ដោយ​ឡែក​ និង​សម្រាប់​ជម្លោះ​ខ្មែរ​និង​ថៃ​និយាយ​ជារួម។ ​សម្រាប់​ប្រាសាទ​ព្រះវិហារ​មាន​ន័យ​ថា​ អង្គការ​យូណេស្កូ​បាន​ផ្តល់​ការ​ធានា​ច្បាស់លាស់​មួយ​ថា​ ប្រាសាទ​របស់​ខ្មែរ​មួយ​នេះ​ពិត​ជា​ស្ថិត​នៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​អមតៈ ​ហើយ​យូណេស្កូ ​នឹង​ជួសជុល​ប្រាសាទ​ដ៏​មាន​តម្លៃ​នេះ​នៅ​ក្រោយ​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញការ។
រីឯ​អត្ថន័យ​សម្រាប់​ជម្លោះ​ខ្មែរ​និង​ថៃ​មានន័យ​ថា​ ថៃ​គួរ​បញ្ចប់​ការ​យក​លេស​អំពី​បញ្ហា​ព្រះវិហារ​ដើម្បី​រក​រឿង​ឈ្លានពាន​កម្ពុជា​ទៀត​ទៅ​ពី​ព្រោះ​សហគមន៍​អន្តរជាតិ​យល់​ច្បាស់​ណាស់​ថា ព្រះវិហារ​និង​តំបន់​ជុំវិញ​គឺជា​របស់​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ