អានតួអត្ថបទ
កម្ពុជា

UN​​ សម្រេច​ឲ្យ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​ នៅ​ព្រំដែន​កម្ពុជា-ថៃ

ទីបំផុត​ទៅ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​សម្រេច​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ ឆ្នាំ​២០១១ ដើម្បី​ឲ្យ​មាន​ការ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍ នៅ​តំបន់​ព្រំដែន​ជម្លោះ​កម្ពុជា​-​ថៃ ជិត​ប្រាសាទ​ព្រះវិហារ។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​បាន​ប្រគល់​តួនាទី​ដល់​អាស៊ាន ដើម្បី​ធ្វើ​ជា​ភាគី​ទី​៣ ចរចា ស្វែង​រក​ដំណោះស្រាយ បញ្ចប់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​ផងដែរ។

ផ្សាយពាណិជ្ជកម្ម
03:14

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

ដោយ​សម្តែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​លើ​ព្រឹត្តិការណ៍​ប៉ះទង្គិច​ប្រដាប់​អាវុធ នាពេល​ថ្មីៗ​នេះ រវាង​កម្ពុជា និង​ថៃ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ដល់​សមាគម​អាស៊ាន ឲ្យ​បង្កើត​យន្តការ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​នៅ​ព្រំដែន​ព្រះវិហារ។ អាស៊ាន​ក៏​ត្រូវ​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី លើ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។

បន្ទាប់ពី​កិច្ចប្រជុំ កាលពី​ថ្ងៃ​ចន្ទ ទី​១៤​កុម្ភៈ លោកស្រី Maria Luiza Ribeiro Viotti ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​អំពាវនាវ​ដល់​ភាគី​ជម្លោះ កម្ពុជា និង​ថៃ ដើម្បី​អត់ធ្មត់​ជា​អតិបរមា និង​ចៀសវាង​រាល់​សកម្មភាព​​ទាំង​ឡាយ​ណា ដែល​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ព្រំដែន​កាន់តែ​ដុនដាប។

សមាជិក​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​បាន​ជំរុញ​​ទៅ​កាន់​គ្រប់​ភាគី​ទាំង​អស់ ឲ្យ​បង្កើត​ការ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​សេចក្តីសម្រេច​ឈប់​បាញ់ ព្រមទាំង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រជុំ​ចរចា។

ភាព​តានតឹង​ផ្នែក​យោធា​រវាង​កម្ពុជា និង​ថៃ នៅ​តំបន់​ព្រំដែន​ព្រះវិហារ បាន​កើត​ឡើង ចាប់​តាំងពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨ គឺ​នៅ​ពេល​ដែល​កងទ័ព​ថៃ បាន​លើក​ទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា។ ការ​ប៉ះទង្គិច​ដោយ​អាវុធ បាន​កើត​ឡើង​ជា​ញឹកញាប់​រវាង​កងទ័ព​ទាំង​ពីរ នៅ​ជិត​ប្រាសាទ​ព្រះវិហារ។ ក្នុង​នោះ ការ​ប្រយុទ្ធ ដែល​កម្ពុជា ចាត់ទុក​ថា ជា​សង្គ្រាម​ឈ្លានពាន​របស់​ថៃ លើ​បូរណភាព​ទឹកដី​កម្ពុជា បាន​កើត​ឡើង​ជា​ថ្មី ចាប់​តាំងពី​ថ្ងៃ​ទី​៤​កុម្ភៈ ដល់​ថ្ងៃ​ទី​៧​កុម្ភៈ ឆ្នាំ​២០១១។ កងទ័ព​កម្ពុជា និង​ប្រជាជន​ស៊ីវិល​ចំនួន ៦ នាក់ បាន​ពលី និង​ស្លាប់ ព្រមទាំង​រង​របួស​ ៧១ នាក់​ផ្សេង​ទៀត។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏​បាន​បញ្ជាក់​ពី​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​អាស៊ាន លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​លើ​ស្ថានភាព​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការសហប្រជាជាតិ ក៏​បាន​លើក​ទឹកចិត្ត​ដល់​គ្រប់​ភាគី ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​អាស៊ាន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ព្រំដែន​កម្ពុជា​-​ថៃ​។

សូមបញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចំនួន ១០ ប្រទេស ដែល​រួម​មាន​ទាំង​កម្ពុជា និង​ថៃ ជា​ភាគី​ជម្លោះ គ្រោង​នឹង​ជួប​ប្រជុំ នា​ថ្ងៃ​ទី​២២​កុម្ភៈ ឆ្នាំ​២០១១ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី​។ ជា​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ផ្លាស់វេន ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ។​

​យ៉ាងណា​ក៏​ដោយ​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា ការ​សម្រេច​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​បង្កើត​យន្តការ​ដោះស្រាយ​​​ជម្លោះ តាម​រយៈ​កិច្ចប្រជុំ​ចរចា​ក្នុង​សមាគម​អាស៊ាន គឺ​ជា​អ្វី​ដែល​កម្ពុជា​ចង់​បាន។ ជារួម​តាម​លោក កុយ គួង ការ​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ជា ជោគជ័យ​ដ៏​ធំ​របស់​កម្ពុជា ក្នុង​សមរភូមិ​ការទូត​ជាមួយ​ថៃ លើ​សំណុំរឿង​ព្រំដែន។

នៅ​ថ្ងៃ​នេះ កាសែត​ថៃ បាន​ស្រង់​សម្តី​លោក កាស៊ីត ភិរម្យ រដ្ឋមន្ត្រី​ការបរទេស​ថៃ មក​ចុះ​ផ្សាយ​ថា ថៃ​មិន​មាន​បំណង​ប្រឆាំង​កម្ពុជា​ឡើយ។ ថៃ​ក៏​គាំទ្រ​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍ និង​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី លើ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា។

លោក​ប្រមុខ​ការទូត​ថៃ ក៏​បាន​លើក​ឡើង​ពី​ជំហរ​របស់​ថៃ​លើ​ការ​ចរចា​ទ្វេ​ភាគី រវាង​កម្ពុជា និង​ថៃ លើ​ជម្លោះ​ព្រំដែន។ ប៉ុន្តែ​កម្ពុជា មិន​ទទួល​យក​ជំហរ​របស់​ថៃ ដែល​បាន​អូស​បន្លាយ​ជម្លោះ​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ