អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឆាក​ប្រយុទ្ធលើកនេះ​គឺជាវិញ្ញាសា​ចុងក្រោយ​សម្រាប់​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ច្បាស់​ហើយ​ថា​ការ​អូស​បន្លាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ពិត​ជា​គ្មាន​លទ្ធផល​ល្អ​សោះ​ឡើយ។​ ការ ​ផ្ទុះ​អាវុធ​លើក​នេះ​អាច​ចាត់​ទុក​ជា​វិញ្ញាសា​ចុងក្រោយ​បំផុត​មួយ​បាន​ហើយ ​សម្រាប់​ការ​ពិសោធន៍​ក្នុង​ការ​រក​ដំណោះស្រាយ​តាម​យន្តការ​ទ្វេភាគី។ ​ថ្វីដ្បិត​តែ​វា​យឺត​ពេល​បន្តិច​មែន​ តែ​វា​នៅ​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ​ដែល​កម្ពុជា​ត្រូវ​លើក​ករណី​ព្រះវិហារ ​ទៅ​គ្រប់​ស្ថាប័ន​អន្តរជាតិ​ដើម្បី​ជម្រះ​បញ្ជី​ជាមួយ​ថៃ។ ​ការ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ជារឿង​ត្រឹម​ត្រូវ​និង​ ជា​ការ​ចាប់ផ្តើម​មួយ​ឆ្ពោះ​ទៅ​កាន់​ដំណោះស្រាយ​សន្តិវិធី​និង​ថ្លៃថ្នូរ​ ជាជាង​ជម្រើស​ធ្វើ​សង្គ្រាម។

កម្ពុជា​​​ត្រូវ​លើក​​ករណី​​​ព្រះវិហារ​​​ទៅ​គ្រប់​​ស្ថាប័ន​​​អន្តរជាតិ​​​ដើម្បី​​ជម្រះ​​​បញ្ជី​​ជាមួយ​​ថៃ​​
កម្ពុជា​​​ត្រូវ​លើក​​ករណី​​​ព្រះវិហារ​​​ទៅ​គ្រប់​​ស្ថាប័ន​​​អន្តរជាតិ​​​ដើម្បី​​ជម្រះ​​​បញ្ជី​​ជាមួយ​​ថៃ​​ © សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

ដូច​ដែល​ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​តាំងពី​យូរ​មក​ហើយ ​ការ​ប្រឈម​មុខ​ដាក់គ្នា​ខាង​យោធា​ពិតជា​គ្មាន​លទ្ធផល​ល្អ​ឡើយ។ ​ទីបំផុត​គឺ​សង្គ្រាម​ដែល​ផលវិបាក​របស់​វា​គឺ​ការ​វិនាស​ហិនហោច​ទាំង​ជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ ​និង​សេដ្ឋកិច្ច។

 
តាមរយៈ​ការ​ផ្ទុះ​អាវុធ​លើក​នេះ ​យើង​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​ច្បាស់​លាស់​មួយ​ដូច​តទៅ​៖​
ទី១៖​ យន្តការ​ទ្វេភាគី​រវាង​កម្ពុជា​និងថៃ​ពិតជា​មិន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឡើយ។
ទី២៖​ ថៃ​គ្មាន​ចេតនា​និង​សុច្ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា ទាល់​តែ​សោះ​ក្រៅ​តែពី​ការផ្គើន​ដោយ​សារ​តែ​ប្រទេស​នេះ​មើលងាយ​កម្ពុជា​ដែល​ជា​ប្រទេស​តូច​និង​ក្រីក្រ​ជាង​ខ្លួន។
ទី៣៖ ​ ការដើរ​តាម​ក្រោយ​ថៃ​ដោយ​រង់ចាំ​តែ​ទប់ទល់​ធ្វើ​ឱ្យ​កម្ពុជា​ឈឺចាប់​ម្តង​ហើយ​ម្តង​ទៀត​គ្មាន​ទីបញ្ចប់។

ឆ្លង​កាត់​ជម្លោះ​ប្រដាប់​អាវុធ​ចុងក្រោយ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​នឹង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំពោះ​ករណី​រំលោភ​បំពាន​របស់​ថៃ។ ​ការ​សម្រេចចិត្ត​នេះ​ពិត​ជា​ត្រឹមត្រូវ​ប្រសិន​បើ​កម្ពុជា​ធ្វើ​បាន​មែន​ពីព្រោះ​ពេល​នេះ​គ្មាន​ជម្រើស​អ្វី​ល្អជាង​ការ​ប្រើ​ប្រាស់​យន្តការ​អន្តរជាតិ​ឡើយ​ដើម្បី​យក​ឈ្នះ​លើ​ថៃ​ដោយ​សន្តិវិធី​និង​ដោយ​សេចក្តី​ថ្លៃថ្នូរ។

ពិត​ហើយ​ថា​ទោះបី​ជា​កម្ពុជា​ជា​ប្រទេស​តូច​និង​ក្រីក្រ ​ប៉ុន្តែ ​បើ​ឈរ​លើ​បទពិសោធន៍​ខាង​សឹក​សង្គ្រាម​ កម្ពុជា​ពិតជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ទល់​ជាមួយ​ថៃ។ ​ឆ្លងកាត់​ការ​ប្រយុទ្ធ​គ្នា​ចំនួន​បី​លើក​ចុងក្រោយ​នេះ ​គេអាច​មើល​ឃើញ​ច្បាស់​អំពី​សមត្ថភាព​យោធា​របស់​កម្ពុជា​ដែល​ថៃ​មិន​អាច​មើល​ស្រាល​បាន​ឡើយ។

ប៉ុន្តែ​ បើទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ កម្ពុជា​មាន​ជម្រើស​ផ្សេង​ក្រៅពី​រង់ចាំ​កំដរ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ ​និង​រង់ចាំ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ជាយដែន​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន។ ​ជម្រើស​ដែល​ល្អ​បំផុត​នោះ​គឺការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ​នេះ​ឯង។​ ជាការពិត​ណាស់ នេះ​មិន​មែន​ជា​ជម្រើស​ដែល​គ្មាន​ការ​លំបាក​នោះ​ទេ ​ប៉ុន្តែ ​ទោះជា​យ៉ាង​ណា ​ការ​លំបាក​នៅ​លើ​សមរភូមិ​ការទូត​ក៏វា​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​យោធា​ដែរ​ពីព្រោះ​វា​នឹង​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​យើង​ហូរ​ឈាម​ឡើយ។

ម៉្យាង​ទៀត​ ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ​មិនមែន​ជារឿង​ថ្មី​សម្រាប់​កម្ពុជា​ឡើយ​ តែ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ថៃ​នៅ​លើ​សមរភូមិ​នេះ​រួច​ទៅ​ហើយ​កាលពី​អតីត​កាល។​ ឯកសារ​ប្រវត្តិ​សាស្ត្រ​ទាំងឡាយ​ដែល​កម្ពុជា​មាន​ក្នុងដៃ​គឺជា​ដើម​ទុន​និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​ការ​តស៊ូ​ជាមួយ​ថៃ​នៅ​ពេល​នេះ។ ​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ថៃ​ញញើត​មិន​ដែល​ហ៊ាន​លេង​ជាមួយ​កម្ពុជា​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ម្តង​ណា​ឡើយ។ ​ដូច្នេះ​ តើ​មាន​ជម្រើស​ណា​ទៀត​ដែល​ប្រសើរ​ជាង​នេះ?
ឥឡូវ​នេះ ​ងាក​មក​មើល​ជម្រៅ​នៃ​ទំនាស់​កម្ពុជា​ថៃ​ដែល​នាំ​ដល់​ការ​ផ្ទុះ​អាវុធ​វិញ​ម្តង។​ ជំហរ​របស់​កម្ពុជា​ដែល​បាន​ត្រៀម​ជាស្រេច​នោះ​គឺ​ ត្រូវ​ស្វែង​រក​យន្តការ​អន្តរជាតិ​ណាមួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ក្នុង​ករណី​ដែល​យន្តការ​ទ្វេភាគី​មិន​អាច​ទៅ​រួច។ ​ជំហរ​នេះ​ត្រូវ​បាន​លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ប្រាប់​ទៅ​សមភាគី​ថៃ​ជាថ្មី​ទៀត​កាលពី​ថ្ងៃ​ទី៤​កុម្ភៈ​នៅ​ក្នុង​ជំនួប​នៅ​ខេត្ត​សៀមរាប។

រីឯ​ជំហរ​របស់​ថៃ​វិញ​ នាយក​រដ្ឋមន្ត្រី​ថៃ​អាភីស៊ីត​ វាចាជីវ៉ា​បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​ពេល​ថ្មីៗ​បំផុត​នេះ​ថា ​ជម្រើស​ចុងក្រោយ​របស់​ភាគីថៃ​គឺ​សង្គ្រាម​ក្នុង​ករណី​ដែល​បញ្ហា​មិន​អាច​ដោះ​ស្រាយ​បាន។ ​ជំហរ​នេះ​បាន​បង្ហាញ​ច្បាស់ណាស់​ថា​ការ​បណ្តែត​បណ្តោយ​ឱ្យ​បញ្ហា​ព្រំដែន​អូស​បន្លាយ​គឺ​គ្មាន​អ្វី​ក្រៅពី​ការ​អង្គុយ​រង់ចាំ​សង្គ្រាម​នោះ​ឡើយ។ ​ឥឡូវ​នេះ ​លទ្ធផល​ជាក់ស្តែង​បាន​បង្ហាញ​នៅ​ចំពោះ​មុខ​យើង​ទាំងអស់​គ្នា​ហើយ​គឺ​សង្គ្រាម​ដែល​ជា​លទ្ធផល​នៃ​មហិច្ឆតា​របស់​ថៃ។

សរុប​មក​វិញ​ សម្រាប់​ក្រសែ​ភ្នែក​ក្រុម​អ្នកវិភាគ​ ជម្រើស​មាន​តែ​ពីរ​គត់​ដើម្បី​តស៊ូ​ជាមួយ​ថៃ​ក្នុង​រឿង​ព្រំដែន​។ ​ជម្រើស​នោះ​គឺទី១​៖ការ​តស៊ូ​តាម​ផ្លូវ​យោធា ​និង​ទី២៖​ការ​តស៊ូ​ខាង​ការទូត​តាម​រយៈ​ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ។ ​ជម្រើស​ទាំងពីរ​សុទ្ធតែ​មិន​មែន​ងាយ​ស្រួល​ តែ​វា​គ្រាន់​តែ​មាន​ជម្រើស​មួយ​ប្រសើរ​ជាង​ជម្រើស​មួយ​ទៀត​ពោលគឺ​ជម្រើស​រវាង​ការ​បង្ហូរ​ឈាម​ និង​ការ​បង្ហូរ​ញើស​ឬ​កម្លាំង​ប្រាជ្ញា​ស្មារតី។ ​តើ​ជម្រើស​មួយ​ណា​ដែល​សម​ស្រប​សម្រាប់​កម្ពុជា? ​មាន​តែ​រដ្ឋាភិបាល​តែ​មួយ​គត់​ជា​អ្នក​សម្រេច៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ