អានតួអត្ថបទ
កម្ពុជា

ប្រមុខ​ការទូត​កម្ពុជា-ថៃ៖​ ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ​៧​នាក់​មិន​ប៉ះពាល់​ការទូត​​

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និង​ថៃ បាន​ឯកភាព​គ្នា​ថា ការ​ចាប់ និង​ចោទប្រកាន់​ជនជាតិ​ថៃ​ទាំង​៧​នាក់​មិន​បាន​ផ្តល់​ផល​អាក្រក់​ដល់​ទំនាក់ ​ទំនង​ការទូត​កម្ពុជា​ថៃ​នោះ​ឡើយ។ ដោយឡែក​តុលាការ​​កម្ពុជា បាន​និងបើក​សវនាការ​ជម្រះក្តី​លើ​សំណុំរឿង​ជនជាតិ​ថៃ​ទាំង​៧​នាក់​នៅ​ថ្ងៃ​ ទី​១​កុម្ភៈ​ខាង​មុខ​នេះ។

ផ្សាយពាណិជ្ជកម្ម
01:58

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

នៅ​ក្នុង​ឱកាស​ដែល​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ​លោក ហោ ណាំហុង និង​លោក កាស៊ីត ភិរម្យ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប្រមុខ​ការទូត​ទាំង​ពីរ បាន​ជួប​គ្នា​នៅ​ទីនោះ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧។ នៅ​ក្នុង​ជំនួប​នោះ សំណុំរឿង​ជនជាតិ​ថៃ​៧​នាក់ ត្រូវ​បាន​លើក​ឡើង។ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៩​មករា​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រសួង​ការបរទេស​អោយ​ដឹង​ថា រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព​គ្នា ថា​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​មិន​បាន​ធ្វើ​អោយ​កើត​មាន​បច្ច័យ​អាក្រក់​ដល់​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ទេ។ បើតាម​ការ​បញ្ជាក់​របស់​លោក​ហោ ណាំហុង ភាគី​ថៃ​បាន​គោរព​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​ថា​កម្ពុជា​ក៏​គ្មាន​បំណង​អាក្រក់ ឬ​ការ​គុំកួន​ចំពោះ​ជនជាតិ​ថៃ​នោះ​ឡើយ។

គួរ​បញ្ជាក់​ថា លោក កាស៊ីត ភិរម្យ រដ្ឋមន្ត្រី​ការបរទេស​ថៃ​នេះ​ហើយ​ដែល​បាន​ស្នើ​អោយ​រដ្ឋាភិបាល​ថៃ ចាត់​វិធានការ ដាក់​ការ​គាប​គំនាប​សង្កត់​មក​លើ​អាជ្ញាធរ​កម្ពុជា ក្រោយពី​លោក​គិត​ថា លោក​បាន​បរាជ័យ​ក្នុង​ការ​សម្របសម្រួល​អោយ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ជនជាតិ​ថៃ​ឆ្លងដែន​ខុស​ច្បាប់​ទាំង​នោះ។ ទោះជាយ៉ាងក៏ដោយ នៅ​ពេល​នេះ​លោក កាស៊ីត ភិរម្យ​បាន​និយាយ​អរគុណ​ចំពោះ​កម្ពុជា​ក្នុង​ការ​ដោះលែង​អោយ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ជនជាតិ​ថៃ​ជាប់​ចោទ​ចំនួន​៦នាក់។

និយាយ​អំពី​រឿងក្តី​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​វិញ តុលាការ​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​រឿងក្តីនេះ​នៅថ្ងៃ​ទី​១​កុម្ភៈ​ខាងមុខ​នេះ។ ជា​ហេតុ​ធ្វើ​អោយ​លោក វេរ៉ា ស៊ុមខ្វាមឃីត សកម្មជន​អាវលឿង​ថៃ​ដែល​កំពុង​ជាប់​ឃុំ​តែ​ម្នាក់​ឯង មិនអាច​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ប្តឹងសារទុក្ខ​ទៅតុលាការ​កំពូល​ដើម្បី​ទាមទារ​ការ​នៅក្រៅឃុំ​នោះឡើយ។

ឧបនាយករដ្ឋមន្ត្រីថៃ​ទទួលបន្ទុក​សន្តិសុខ​ជាតិ លោកស៊ូថេប ថងស៊ុបាន បាន​អំពាវនាវ​គ្រប់​ចលនានៅក្នុងប្រទេស​ថៃរក្សាការ​ស្ងប់ស្ងាត់ ចំពោះ​មុខរឿង​ក្តី​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ ដ្បិត​ការ​បញ្ចេញ​សកម្ម​ណាមួយ​របស់​ពួក​គេ អាច​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ក្តី​របស់​តុលាការកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ