អានតួអត្ថបទ
កម្ពុជា

ជនជាតិថៃ​៤នាក់ទៀត​បាននៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​

សាលា​ឧទ្ធរណ៍​បាន​សម្រេច​អោយ​ជនជាប់​ចោទ​ថៃ៤នាក់​ទៀត​អាច​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។​ នៅ​ពេលនេះ​មានតែ​វេរ៉ា ស៊ុបខ្វាមឃីត​ដែលជា​សមាជិកក្រុម​អាវលឿង​តែ​ម្នាក់គត់​ដែល​ត្រូវ​បាន​បន្ត​ឃុំខ្លួន​នៅគុក​ព្រៃស។ វេរ៉ា ស៊ុមខ្វាមឃីត​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមាជិក​សកម្ម​របស់​ក្រុម​ថៃ​អាវលឿង​ដែល​តែង​បាន​ចេញ​មុខ​ប្រឆាំង​ យ៉ាងខ្លាំង​ទល់នឹង​កម្ពុជា ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​ខ្មែរ។ 

សាលា​រាជធានី​ភ្នំពេញ​សួរចម្លើយ​ជនជាតិថៃ​ទាំង៧នាក់​
សាលា​រាជធានី​ភ្នំពេញ​សួរចម្លើយ​ជនជាតិថៃ​ទាំង៧នាក់​ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

01:56

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

ជន​ជាប់​ចោទ​ថៃ​ពី​បទ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា ៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ចូល​ដល់​ស្ថានទូត​ថៃ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​​​ពួកគេ​អោយ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន តាម​ការ​ទាមទារ​របស់​មេធាវី​របស់​ពួកគេ។ នៅ​ពេលនេះ​មាន​តែ​សមាជិក​អាវលឿង​តែ​ម្នាក់​គត់​ឈ្មោះ​វេរ៉ា ស៊ុមខ្វាមឃីត​ដែល​ត្រូវ​បន្ត​ឃុំ​ខ្លួន។ ​សវនាការ​ដើម្បី​សម្រេច​លើការ​ស្នើ​សុំ​នៅ​ក្រៅឃុំ​កាល​ពី​ព្រឹកមិញ​នេះ​បាន​ប្រព្រឹត្តទៅ​ជា​អសាធារណៈ។ មិនមាន​ការ​ពន្យល់​ថា ហេតុអ្វី​វេរ៉ា ស៊ុមខ្វាមឃីត​ត្រូវ​ចៅក្រម​សម្រេច​អោយ​នៅ​ក្នុង​ឃុំបន្ត​នោះ​ឡើយ។​     វេរ៉ា ស៊ុមខ្វាមឃីត​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមាជិក​សកម្ម​របស់​ក្រុម​ថៃ​អាវលឿង​ដែល​តែង​បាន​ចេញ​មុខ​ប្រឆាំង​យ៉ាងខ្លាំង​ទល់នឹង​កម្ពុជា ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​ខ្មែរ។ ​ក្រោយ​ពី​បាន​នាំ​ចេញពី​សាល​សវនាការ​នៃ​សាលាឧទ្ធរណ៍ ​ចូលទៅ​ក្នុង​រថយន្ត​នៃ​អង្គភាព​ពន្ធនាគារ ​លោក​វេរ៉ា​បាន​ច្រឡោត​ស្រែក​និយាយ​ខ្លាំងៗ​ជាភាសាថៃ ​ដែល​គេ​ស្តាប់​បាន​ថា លោក​នឹង​តស៊ូ​ក្នុង​សំណុំ​រឿង​ក្តី​នេះ​ដល់​ទី​បញ្ចប់ ​ហើយ​លោក​នឹង​បន្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត ​ប្រឆាំង​ការ​ឃុំខ្លួន​លោក​នេះ។

 
វេរ៉ា ស៊ុមខ្វាមឃីត​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​បន្ថែម​ក្រោម​បទ​ប្រមូល​ផ្តុំ​ព័ត៌មាន​ដែល​ធ្វើ​អោយ​អន្តរាយ​ដល់​ប្រទេស​កម្ពុជា ពី​លើ​បទ​ចោទ​ដំបូង​ដែល​មាន​២រួច​ហើយ គឺ​ការ​ឆ្លងដែន​ខុសច្បាប់​ និង​ការ​ចូល​ក្នុង​ទីលាន​យោធា​ក្នុង​បំណង​ទុច្ចរិត។

គួរ​បញ្ជាក់​ថា ក្រោយ​ការ​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​៧​នាក់​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ ដែល​ក្នុង​ចំណោម​​នោះ​មនុស្ស​សំខាន់​រួមមាន​សមាជិក​សភា​ថៃ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​នាយក​រដ្ឋមន្ត្រី​អាប់ភីស៊ីត វេចាជីវ៉ា និង​លោក​វេរ៉ា ស៊ុមខ្វាមឃីត​នេះ។ ​ក្រោយ​ការ​ទទួលស្គាល់​ថា ​ជនជាតិ​ថៃ​ទាំង​៧​បាន​ដើរ​ចូល​ក្នុង​ទឹកដី​កម្ពុជា​មែន​នោះ ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ទទួល​បន្ទុក​សន្តិសុខ​លោក​ស៊ូថេប ថងស៊ុបាន បាន​ថ្លែង​ជា​សាធារណៈ​ប្រាប់​អ្នកកាសែត​ថា បញ្ហា​ដែល​ជា​ឧបសគ្គ​នៃការ​ដោះស្រាយ​គឺ​លោក​វេរ៉ា ស៊ុមខ្វាមឃីត​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ