អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែនមិន​ទទួល​ការ​ស្នើ​អន្តរាគមន៍​សម្រាប់​​ជនជាតិ​ថៃ​ទាំង​៧​នាក់​ឡើយ

សំណុំ​រឿង​ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​អាជ្ញាធរ​កម្ពុជា​កំពុង​ឃុំ​ ខ្លួន​នោះ នៅ​តែ​ជា​ព័ត៌មាន​ក្តៅ​គគុក​សំរាប់​កម្ពុជា និង​ថៃ។ មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង៧​នាក់​នោះ បាន​ដាក់​លិខិត​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ស្នើ​សុំ​ធានា​កូនក្តី​ របស់​ពួកគេ​អោយ​នៅក្រៅឃុំ​បណ្តោះអាសន្ន​ហើយ។ នេះជា​ការសុំ​ធានា​តាម​ផ្លូវច្បាប់។ ប៉ុន្តែ ប្រសិន​បើមាន​ការ​ស្នើ​អន្តរាគម​ពី​ភាគី​ថៃ​នោះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​មុខ​ប្រកាស​សាជាថ្មី​រួចហើយ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ ច្រាន​​​ចោលរាល់​បំណង​ស្នើ​អន្តរាគមន៍​នានា ក្នុង​ការ​ធានា​ជន​ជាតិ​ថៃទាំង​៧​នាក់​នៅ​ក្រៅឃុំ។

លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:00

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ទី​១០​មករា​នេះ មេធាវី​ជនជាតិ​ថៃ​ទាំង​៧​នាក់ ​បាន​ដាក់​លិខិត​​​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​តុលាការ​ដោះលែង​កូនក្តី​របស់​ពួកគេ​អោយ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។ មេធាវីមួយរូបក្នុងចំណោមមេធាវី២រូបរបស់ជនជាតិថៃគឺលោក ពេជ្រ វិច្ឆិកាបានបញ្ជាក់​​អោយ​ដឹង​ថា​ តាម​នីតិវិធី​​​ ចៅក្រម​​នឹង​​ត្រូវ​ឆ្លើយ​តបពាក្យស្នើសុំនេះ​ក្នុងរង្វង់រយៈពេល៥ថ្ងៃ។

ការ​ស្នើសុំ​របស់​មេធាវី​របស់​ជន​ជាប់ចោទ​ជនជាតិ​ថៃ​ទាំង​៧​នាក់ ធ្វើឡើង​ចំ​ពេល​ដែល​កាសែត​ថៃ​​បាន​ផ្សព្វផ្សាយ​ផងដែរ​ថា ប្រមុខ​ការ​ទូតថៃ លោក​កាស៊ីត ភិរម្យ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ស្នើ​អន្តរាគមន៍ អោយ​មាន​ការ​ដោះលែង​ជនជាតិ​ថៃ​ទាំង​៧​នាក់​អោយ​នៅ​ក្រៅឃុំ។ កាល​ពី​ព្រឹក​ថ្ងៃ​​ចន្ទ​នេះដែរ មាន​វត្តមាន​ក្រុមអាវ​លឿង​៣​នាក់ និង​អ្នកកាសែត​ថៃ​ផង​បាន​ព្យាយាម​ចូល​ជួប​មន្ត្រី​តុលាការ​ខ្មែរ​ដើម្បី​ស្វែងរក​ដោះលែង​ជនជាតិ​ថៃ​អោយ​នៅ​ក្រៅឃុំ។

មិនទាន់​ដឹង​ថា តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​យ៉ាងណា​ចំពោះ​ការ​ស្នើ​របស់​មេធាវីនៅ​ឡើយទេ។ ប៉ុន្តែ នៅក្នុង​បំណង​ស្វែងរក​ការដោះលែង​ជនជាតិ​ថៃទាំង​៧នាក់​នេះ​ដដែល​បើ​ទោះ​​ជា​នឹង​អាច​មាន​អន្តរាគមន៍​ពី​ភាគី​ថៃ ពីខាង​រដ្ឋាភិបាល​ថៃ និង​ពី​ខាងភាគី​ថៃ​ដែល​គាំទ្រ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ មក​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ​នោះ សំណើនេះ​នឹង​មិន​ទទួល​បាន​ផលល្អ​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន​បាន​ចេញ​មុខ​ប្រកាស​ជាថ្មីម្តង​ទៀត​កាល​ពី​ព្រឹកមិញ​នេះ ប្រកាស​ច្រានចោល​រាល់​សំណើ​អន្តរាគមន៍​ទាំងឡាយ ទោះ​មក​ពី​ទិស​ណា​​ក៏​ដោយ។ ហេតុផលគឺមាន​តែ​មួយ សម្រាប់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ ពោលគឺរដ្ឋាភិបាល​មិនអាច​លូកដៃ​ចូលក្នុង​ឯករាជ្​ភាព​របស់​តុលាការ​បានឡើយ។

នៅឯ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ឯណោះ​វិញ ភាគី​ទាហាន​ថៃ​នៅតែ​មាន​បំណង​ចង់​បញ្ជូន​ទាហាន​របស់​ខ្លួន​អោយ​ចូលមក​ឈរ​ជើង​នៅក្នុង​វត្តកែវសិក្ខាគិរីស្វារៈ​វិញ។ នៅក្នុង​ន័យ​បដិសេធ​បំណង​របស់​ទាហាន​ថៃ​យ៉ាងនេះ លោក​ឧត្តមសេនីយទោ ស្រី ឌឹក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ៣ ប្រចាំការ​ទិសប្រាសាទ​ព្រះវិហារ​បានថ្លែង​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃចន្ទនេះថា អ្វីៗមិន​អាច​វិល​ត្រឡប់ទៅក្រោយវិញបានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ