អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយបញ្ចេញ​ឥទ្ធិពល​លឿន​ និង​ឆាប់រហ័ស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ធ្វើ​ឲ្យ​រំជើប​រំជួល​ពេញ​ផ្ទៃ​ ប្រទេស​តាម​រយៈ​ការ​គាស់​រំលើង​ខ្សែ​បណ្តាញ​ជន​ពុក​រលួយ​នៅ​ក្នុង​ជួរ​ មន្ត្រី​ដែល​មាន​បុណ្យ​ស័ក្តិ​ហើយ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​ ប្រព្រឹត្ត​អំពើ​ពុករលួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច។ ​បន្ទាប់​ពី​វាយ​លុក​ទៅ​លើ​មន្ត្រី​តុលាការ​តាម​រយៈការ​ចាប់​ខ្លួន​ព្រះរាជ​ អាជ្ញា​ខេត្ត​ពោធិសាត់​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​ ឥឡូវ​នេះ​ដល់​វេន​មន្ត្រី ប្រឆាំង​គ្រឿង​ញៀន​វិញ​ម្តង។ ​មន្ត្រី​ប៉ូលិស​ចាប់​ពី​ស័ក្តិ​៥​រហូត​ដល់​ផ្កាយ​៣​ជាច្រើន​នាក់​ត្រូវ​បាន ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ពី​បទ​ពាក់ពន្ធ័​នឹង​អំពើ​ពុករលួយ។ ​តើ​ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​ជាសារ​នយោបាយ​យ៉ាង​ដូចម្តេច​ខ្លះ?

លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​បញ្ចេញ​ឥទ្ធិពល​យ៉ាង​ខ្លាំង​សម្បើម​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។​ឥទ្ធិពល​របស់​វា​បាន​និង​កំពុង​ធ្វើ​ឲ្យ​ឧត្តមសេនីយ៍​ និង​វរសេនីយ៍​ប៉ូលិស​មួយ​ចំនួន​ធ្លាក់​ផ្កាយ​និង​ស័ក្តិ​ចេញ​ពី​ស្មា​ជា​បន្តបន្ទាប់។ លើស​ពី​នេះ​ ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ទើប​តែ​ចូល​ជា​ធរមាន​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ។

ពិតណាស់​ថា ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​អនុវត្ត​យ៉ាង​សកម្ម​និង​យ៉ាង​លឿន​ទៀត​ផង​បើ​ធៀប​ទៅ​នឹង​ច្បាប់​ផ្សេងៗ​ពីព្រោះ​ថា​ការ​ផ្តើម​ចាប់​ខ្លួន​មន្ត្រី​ធំៗ​មាន​បុណ្យ​ស័ក្តិ​ដែល​គ្មាន​អ្នកណា​នឹក​ស្មាន​ដល់​ត្រូវ​បាន​គេ​អនុវត្ត​ភ្លាមៗ​ខណៈ​ដែល​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ទើប​តែ​ដំណើរការ​ផ្សព្វផ្សាយ​ច្បាប់​និង​នីតិវិធី​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​មិន​ទាន់​ទាំង​ចប់​សព្វគ្រប់​ផង។
ព្រឹត្តិការណ៍​ដំបូង​ដែល​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បាន​កើត​ឡើង​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។ ​នោះ​គឺ​ការ​ចាប់​ខ្លួន​លោក​តុប ចាន់សិរីវុឌ្ឍ​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​ពោធិសាត់​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ​ឥឡូវ​នេះ ​ព្រឹត្តិការណ៍​ដ៏​កក្រើក​បាន​កើត​ឡើង​ម្តង​ទៀត​ក្នុង​ការ​ចាប់​ខ្លួន​មន្ត្រី​គ្រាក់ៗ​ក្នុង​ស្ថាប័ន​ប៉ូលិស​ពី​បទ​ពុករលួយ។

ឧត្តម​សេនីយ៍​ប៉ូលិស​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​នេះ​មាន​លោក​ហ៊ុន ហ៊ាន​ ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​១ ​និង​លោក​មឹក ដារ៉ា អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ដែល​ពាក់​ផ្កាយ​ដល់​ទៅ​៣​នៅ​លើ​ស្មា។
សម្រាប់​ក្រសែ​ភ្នែក​ក្រុម​អ្នកវិភាគ ​ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​ជា​សារ​នយោបាយ​សំខាន់​២៖ ទី១៖ ​គឺ​ជា​សារ​ដែល​បង្ហាញ​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទាំង​ឡាយ​ល្មម​ដល់​ពេល​ឆ្អែត​ឆ្អន់​ហើយ​ពីព្រោះ​ថា​ប្រសិន​បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹង​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។ សារទី២៖​ គឺ​ជា​ការ​បង្ហាញ​ដល់​អ្នក​រិះគន់​ទាំង​ឡាយ​ថា ពួកគេ​កំពុង​តែ​គិត​ខុស​ពីព្រោះថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គឺជា​មាន់​ជល់​យ៉ាង​ពិត​ប្រាកដ មិនមែន​មាន់​សម្ល​ដូច​គេ​គិត​នោះ​ឡើយ។ ​សូម្បី​តែ​ឧត្តម​សេនីយ៍​ផ្កាយ​៣​លើ​ស្មា​ក៏​គេ​អាច​ចាប់​ខ្លួន​បាន​ដែរ។

ព្រឹត្តិការណ៍​នេះ​មាន​សារៈសំខាន់​ទាំង​លើ​ទិដ្ឋភាព​សង្គម ​និង​ទិដ្ឋភាព​នយោបាយ។ ​នៅ​លើ ទិដ្ឋភាព​សង្គម​ ការ​កម្ចាត់​អំពើ​ពុករលួយ​ជា​បេសកកម្ម​ដ៏​ចម្បង​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែល​រីងរៃ​ដោយសារ​តែ​ដំបៅ​មហារីក​នៃ​អំពើ​ពុករលួយ​ជាយូរ​មក​ហើយ។ ​ដូច្នេះ​ដើម្បី​ព្យាបាល​សង្គម​នេះ​ឲ្យ​មាន​កម្លាំង​ពលំ​ឡើង​វិញ​ វា​ចាំ​បាច់​ណាស់​ដែល​ត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដោយ​ចាប់ផ្តើម​ពី​ថ្នាក់​លើ​ជា​គំរូ។

នៅ​លើ​ទិដ្ឋភាព​នយោបាយ​វិញ​ ព្រឹត្តិការណ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​ពិតជា​ហ៊ាន​វះកាត់​សាច់​ដំបៅ​មហារីក​បោះចោល​បើ​ទោះបី​ជា​វា​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់​បន្តិច​ក្តី។ ឆន្ទៈ​នយោបាយ​បែប​នេះ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​
សម្រាប់​ការ​លះបង់​ប្រយោជន៍​បក្សពួក​ដើម្បី​ប្រយោជន៍​ជាតិ។
ប៉ុន្តែ ​សម្រាប់​ពេល​នេះ​វា​ហាក់​ដូច​ជា​នៅ​ឆាប់​ពេក​ណាស់​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​អំពី​ប្រសិទ្ធិភាព​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ដូចជា​អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែរ។ ​សុភាសិត​បារាំង​មួយ​បាន​ពោល​ថា​«អ្វី​ដែល​កើត​មួយ​ដង​មួយ កាល​មិន​មែន​ជា​ទម្លាប់​ទេ»។ ​ក្នុងន័យ​នេះ ​គេ​ប្រហែល​ជា​ត្រូវការ​ពេល​យូរ​ទៀត​ដើម្បី​តាម​ដាន មើល​ថា​តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ធ្វើ​ឲ្យ​ការ​បង្ក្រាប​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​បែបនេះ​ក្លាយ​ទៅ​ជា​ទម្លាប់​និង​ស្មើភាព​គ្នា​រហូត​ដែរ​ឬ​ទេ?

យ៉ាង​ណា​ក៏ដោយ​ចុះ ​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ពេល​នេះ​គឺជា​ទង្វើ​ដែល​គួរឲ្យ​លើក​ទឹកចិត្ត ​និង​គួរ​ជាទី​សង្ឃឹម។ ​ប្រសិន​បើ​សកម្មភាព​បែបនេះ​នៅ​តែ​បន្ត​មែន​នោះ​ គេ​ជឿជាក់​ថា​សង្គម​ខ្មែរ​នឹង​ស្គាល់​ការ​វិវឌ្ឍន៍​ក្នុង​ដំណាក់កាល​ថ្មី​មួយ​ប្រកប​ដោយ​នីតិរដ្ឋ។ ប៉ុន្តែ​បើ​ការ​ចាប់​ផ្តើម​មាន​តែ​មួយ​ប្រាវ​ហើយ​ស្ងាត់​ទៅ​វិញ​នោះ ការ​រិះគន់​ពីដើមទី​នឹង​នៅ​តែ​ក្លាយ​ជា​ការ​ពិត​តែ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ