អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ករណី​ឧបទ្ទវហេតុ​ លើ​ស្ពាន​កោះពេជ្រ

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ មន្ត្រី​រដ្ឋាភិបាល បាន​បង្ហាញ​របាយការណ៍​ជា​ផ្លូវការ​នៃ​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ករណី​ឧបទ្ទវហេតុ ដ៏​មហាសោកនាដកម្ម លើ​ស្ពាន​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ ២០១០។ នោះ​គឺ​ឧបទ្ទវហេតុ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៥១ នាក់ និង​របួស ៣៩៥ នាក់​លើ​ស្ពានពេជ្រ បណ្តាល​មកពី​ឧបទ្ទវហេតុ ផ្អើល​ស្លន់ស្លោ​ជាន់​គ្នា ដែល​នាំ​ឲ្យ​ថប់ដង្ហើម​ស្លាប់ និង​របួស​។ មន្ត្រី​រដ្ឋាភិបាល ក៏​បាន​គូស​បញ្ជាក់​ថា ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ មិនមែន​មក​ពី​ឆក់​ខ្សែភ្លើង ឬ​ក៏​អំពើ​ភេរវកម្ម​និង​អំពើ​ឧក្រិដ្ឋកម្ម ដែល​បាន​គ្រោងទុក​ឡើយ។

លោក សុខ អាន(ស្តាំ) ឧបនាយករដ្ឋមន្ត្រីកម្ពុជា​ -ប្រធានគណៈកម្មការដោះស្រាយ​ករណីឧបទ្ទវហេតុលើស្ពានកោះពេជ្រ
លោក សុខ អាន(ស្តាំ) ឧបនាយករដ្ឋមន្ត្រីកម្ពុជា​ -ប្រធានគណៈកម្មការដោះស្រាយ​ករណីឧបទ្ទវហេតុលើស្ពានកោះពេជ្រ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:56

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ

លី ម៉េងហួរ

ទីបំផុត​ទៅ លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះពេជ្រ នៅ​យប់​ថ្ងៃ​បង្ហើយ​បុណ្យ​អុំទូក ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធាន​គណៈកម្មការ​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះពេជ្រ បាន​ប្រកាស​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ជា​ឧបទ្ទវហេតុ ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់ ៣៥១ នាក់ និង​របួស ៣៩៥ នាក់ បណ្តាល​មក​ពី​ការផ្អើល​រត់​ជាន់​គ្នា។

លោក សុខ អាន បាន​បន្ថែម​ថា តាម​កោសលវិច្ច័យ សាកសព មាន​របួស​នៅ​ដៃ​ជើង ដោយសារ​​ដួល​សង្កត់​លើ​គ្នា នាំ​ឲ្យ​ថប់ដង្ហើម។ ម្យ៉ាងទៀត​ទីតាំង​ភូមិសាស្ត្រ​លើ​ស្ពានពេជ្រ ដែល​មាន​បណ្តោយ ១០១ ម៉ែត្រ និង​ទទឹង ៧,១៦ ម៉ែត្រ តូច​ចង្អៀត នាំ​ឲ្យ​កក់ស្ទះ​ទាំង​សងខាង ហើយ​គាប់ជួន​នឹង​មាន​ហេតុការណ៍ ផ្អើល​ស្លន់ស្លោរ នៅ​ពេល​កើតហេតុ។

គណៈកម្មការ និង​អនុគណៈកម្មការ ទទួល​បន្ទុក​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​ស៊ើប​អង្កេត​ករណី​ដ៏​សោកនាដកម្ម​នោះ បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី ២២​វិច្ឆិកា មិនមែន​មក​ពី​ឆក់​ខ្សែ​ភ្លើង ដូច​ការ​ផ្អើល​តៗ​គ្នា​នោះ​ឡើយ។ មួយ​វិញ​ទៀត ឧបទ្ទវហេតុ​នោះ ក៏​មិន​មាន​សញ្ញា បណ្តាល​មកពី​មូលហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​ដែល​ជា​សញ្ញា​នៃ​អំពើ​ភេរវកម្ម ឬ​អំពើ​ឧក្រិដ្ឋកម្ម ដែល​បាន​គ្រោង​ទុក​ជាមុនឡើយ។

មុន​ពេល​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​រក​មូលហេតុ​ផ្អើល​ជាន់​គ្នា លើ​ស្ពាន​កោះ​ពេជ្រ នៅ​ព្រឹក​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ជា​សាធារណៈ ដោយ​ចាត់ទុក​ឧបទ្ទវហេតុ ដ៏​មហា​សោកនាដកម្ម នៅ​ស្ពាន​កោះ​ពេជ្រ ថា​កើត​ឡើង​ពី​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​សមត្ថកិច្ច និង​ការ​មើលងាយ​សភាពការណ៍។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ជា​មេរៀន​ពិសោធន៍​ប្រវត្តិសាស្ត្រ សម្រាប់​ទុក​ជា​មេរៀន ដោះស្រាយ​រាល់​ព្រឹត្តិការណ៍​ដទៃ​ទៀត។ ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា គ្មាន​នរណា​ទទួលទោស នៅ​ក្នុង​ហេតុការណ៍​ស្លាប់​មនុស្ស​នៅ​ស្ពាន​កោះ​ពេជ្រ​ឡើយ ព្រោះ​វា​ជា​ការ​ទទួលខុសត្រូវ​រួម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ថា តំបន់​កោះ​ពេជ្រ នឹង​បង្កើន​ការ​អភិវឌ្ឍន៍។ រីឯ​ស្ពាន​កោះ​ពេជ្រ ដែល​កើត​ឧបទ្ទវហេតុ មិន​ត្រូវ​វាយ​កម្ទេច​ចោល​ឡើយ តែ​នឹង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ក្នុង​ពេល​ខាង​មុខ។ នៅ​ថ្ងៃ​ទី​០២ ខែ ធ្នូ ២០១០ ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី នឹង​រៀបចំ ពិធីជប់លៀង​ដល់​កិច្ចប្រជុំ​គណបក្សនយោបាយ​នៅ​អាស៊ី ដើម្បី​ជា​ការស្តារ​ប្រជាប្រិយភាព​កោះ​ពេជ្រ​ឡើងវិញ​។

​នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ពី​ការបង្កើន​ជំនួយ​ដល់​គ្រួសារ​សព​ម្នាក់ៗ រហូតដល់ ១២.០០០​ដុល្លារ​។ រី​ឯ​អ្នករងគ្រោះ​ធ្ងន់ធ្ងរ ក្នុង​ឧបទ្ទវហេតុ នៅ​ស្ពាន​កោះ​ពេជ្រ អាច​បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម​ក៏បាន និង​ទៅ​ប្រទេស​ថៃ​ក៏បាន ដោយ​រដ្ឋាភិបាល ជា​អ្នកធានារ៉ាប់រង ក្នុង​ការ​ចំណាយ​​ការព្យាបាល​ជម្ងឺ​ទាំង​ក្នុង​ប្រទេស និង​ទាំង​នៅ​ក្រៅ​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ