អានតួអត្ថបទ
កម្ពុជា

ជំនួយ​សប្បុរសធម៌​ ជួយ​ដល់​ជន​រងគ្រោះ​នៅ​កោះពេជ្រ​ បន្ត​កើន​ឡើង​

ក្រោយពី​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​២២​វិច្ឆិកា ជំនួយ​សប្បុរសធម៌ ពី​ព្រះមហាក្សត្រ រដ្ឋាភិបាល និង​សប្បុរសជន បាន​ធ្លាក់​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ គ្រួសារ​អ្នក​ស្លាប់​និង​អ្នក​រង​របួស។ មក​ដល់​ថ្ងៃ​ទី​២៤​វិច្ឆិកា​នេះ ជំនួយ​ឧបត្ថម្ភ​ដល់​ជន​រងគ្រោះ ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​ជន​រងគ្រោះ​ជា​បន្តបន្ទាប់ រីឯ​ជំនួយ​តាម​រយៈ​មូលនិធិ​បាយ័ន និង​មូលនិធិ ស៊ីធីអ៊ិន ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់ ដើម្បី​សាងសង់​​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ នៅ​ស្ពានកោះពេជ្រ។

ស្ពាន​ពេជ្រ ក្រោយ​សោកនាដកម្ម ថ្ងៃ​ពុធ​ទី ២៤ វិច្ឆិកា ២០១០
ស្ពាន​ពេជ្រ ក្រោយ​សោកនាដកម្ម ថ្ងៃ​ពុធ​ទី ២៤ វិច្ឆិកា ២០១០ © Reuters
ផ្សាយពាណិជ្ជកម្ម
02:40

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរ

លី ម៉េងហួរ

ក្រោយ​ឧបទ្ទវហេតុ កក់ស្ទះ​លើ​ស្ពាន​កោះពេជ្រ នៅ​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​២២​វិច្ឆិកា រដ្ឋាភិបាល ក៏​បាន​ប្រកាស​ផ្តល់​នូវ​ថវិកា​ចំនួន ៥ លាន​រៀល ដល់​គ្រួសារ​សព​និមួយៗ​សម្រាប់​ចាត់ចែង​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​អ្នក​រង​របួស ទទួល​បាន ១ លាន​រៀល។

ជាមួយ​គ្នា​នោះ លោក ពុង ខៀវ​សែ ម្ចាស់​ទីក្រុង​រណប​កោះពេជ្រ ក៏​បាន​ឧបត្ថម្ភ​ដល់​សព​និមួយៗ ១.០០០ ដុល្លារ និង​អ្នក​របួស​ម្នាក់ ២០០ ដុល្លារ។ រីឯ​ព្រះមហាក្សត្រ ក៏​បាន​ព្រះរាជទាន​នូវ​ព្រះរាជទ្រព្យ ២០០ ដុល្លារ​ដល់​គ្រួសារ​សព​និមួយៗ និង​អ្នក​រងរបួស ១០០ ដុល្លារ។ ដូច​គ្នា​នេះ​ដែរ សម្តេច​ឳ នរោត្តម សីហនុ និង​សម្តេចម៉ែ បាន​ព្រះរាជទាន​អំណោយ ២០០ ដុល្លារ ដល់​គ្រួសារ​សព​និមួយៗ និង​អ្នក​របួស ១០០ ដុល្លារ។

បន្ថែម​លើស​ពីនេះ សប្បុរសជន បាន​នាំ​នូវ​អំណោយ​ជា​ថវិកា ដើម្បី​ចូលរួម​រំលែក​ទុក្ខ ដល់​គ្រួសារ​សព​និង​ជនរងគ្រោះ តាម​រយៈ​មូលនិធិ​ទូរទស្សន៍ បាយ័ន និង​ទូរទស្សន៍ ស៊ីធីអ៊ិន។
មូលនិធិ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​ពីរ​នេះ បាន​បើក​ទ្វារ​ទទួល​ជំនួយ​ពី​សប្បុរសជន កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា គឺ​មួយ​ថ្ងៃ​ក្រោយពី​ឧបទ្ទវហេតុ លើ​ស្ពាន​កោះពេជ្រ។

មកដល់​រសៀល​ថ្ងៃ​ទី​២៤​វិច្ឆិកា មូលនិធិ​ទូរទស្សន៍ ស៊ីធីអ៊ិន ទទួល​បាន​ថវិកា​ជា​លុយ​ខ្មែរ ចំនួន ២០០ លាន​រៀល និង​លុយ​ដុល្លារ​ចំនួន ៧៥.០០០ ដុល្លារ។ មូលនិធិ ស៊ីធីអ៊ិន នឹង​បន្ត​ទទួល​ជំនួយ​ពី​សប្បុរសជន​មួយ​ថ្ងៃ​ទៀត។
រីឯ​មូលនិធិ​ទូរទស្សន៍​បាយ័ន នៅ​ថ្ងៃ​ទី​១​ម្សិលមិញ ទទួល​បាន​ថវិកា​ចំនួន​ជាង ៣០ លាន​រៀល​និង​លុយ​ដុល្លារ​ចំនួន​ជាង ១៨ ម៉ឺន​ដុល្លារ​អាមេរិក​។ នៅ​ថ្ងៃ​ទី​២៤​វិច្ឆិកា​នេះ​មូលនិធិ​បាយ័ន មិន​ទាន់​បូក​សរុប​នៅ​ឡើយ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​នៅ​មុន​នេះ​បន្តិច ដោយ​យក​មូលនិធិ​បាយ័ន និង​មូលនិធិ​របស់​ទូរទស្សន៍ ស៊ីធីអ៊ិន ដើម្បី​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ អ្នកស្លាប់ នៅ​ស្ពាន​កោះពេជ្រ។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជា​អ្នករកដី ដើម្បី​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ នៅ​ក្បែរ​ស្ពានពេជ្រ ដែល​កើត​ឧបទ្ទវហេតុ។

ចំណែក​រដ្ឋាភិបាល​តាម​រយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បាន​បង្កើត​គណនីយ​នៅ​ធនាគារ​ជាតិ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន ដើម្បី​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ក្រុម​គ្រួសារ ដែល​បាន​ទទួលមរណៈភាព និង​រងរបួស ដើម្បី​បញ្ជាក់ពី​ស្មារតី​សាមគ្គី ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ និង​ដោះស្រាយ​ការ​លំបាក​ជូន​ចំពោះ​គ្រួសារ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ កាលពី​យប់​បុណ្យ​អុំទូក ថ្ងៃ​បង្ហើយ លើ​ស្ពាន​កោះពេជ្រ។
 

តុល្យកា​ចុង​ក្រោយ នៃ​ឧបទ្ទវហេតុ លើ​ស្ពាន​កោះ​ពេជ្រ គឺ​មាន​អ្នក​ស្លាប់​ចំនួន ៣៥៤ នាក់ និង​អ្នក​របួស​ចំនួន ៣៩៥ នាក់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល៕

09:34

បទសម្ភាសន៍របស់ គួច គន្ធារ៉ា ជាមួយលោក កែប ជុតិមា

គួច គន្ធារ៉ា

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ