អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន សែន​ចូលរួម​ពិធី​កាន់ទុក្ខ​ថ្នាក់ជាតិ​

ពិធី​កាន់ទុក្ខ​ថ្នាក់ជាតិ​ចំពោះ​ជនរងគ្រោះ​ក្នុង​សោកនាដកម្ម​លើ​ស្ពានពេជ្រ បាន​ប្រព្រឹត្តិ​ទៅពេញ​មួយថ្ងៃ​ នៅថ្ងៃ​ទី២៥​វិច្ឆិកានេះ។​ ពិធី​ត្រូវបាន​រៀបចំ​នៅពី​មុខស្ពាន​ពេជ្រ​តែម្តង​ ដោយ​ចាប់ផ្តើម​ជាមួយ​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​ភរិយា​របស់​លោក ​ដែល​អុជធូប​ ដាក់​ផ្កានៅ​កន្លែង​រៀបចំ​ពិធីនោះ។​ នៅប៉ុន្មាន​ម៉ោងមុន​នេះ ​ពិធី​សូត្រមន្ត​ បង្សកូល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ត្រូវបាន​រៀបចំ​នៅក្នុង​ក្រសួង​ការបរទេស​ ដោយមាន​វត្តមាន​តំណាង​ស្ថានទូត​បរទេស​ចូល​រួមផង។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​​និង​​ភរិយា​​ព្រម​ទាំង​​សមាជិក​​រដ្ឋាភិបាល​​ជាច្រើន​​រូប​​បាន​​ដង្ហែ​​កម្រងផ្កា​​ដាក់​​នៅ​មុខ​​ស្ពាន​ពេជ្រ​
លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​​និង​​ភរិយា​​ព្រម​ទាំង​​សមាជិក​​រដ្ឋាភិបាល​​ជាច្រើន​​រូប​​បាន​​ដង្ហែ​​កម្រងផ្កា​​ដាក់​​នៅ​មុខ​​ស្ពាន​ពេជ្រ​ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

02:29

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

ម៉ោង​៧​ព្រឹក​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ភរិយា​របស់​លោក ព្រម​ទាំង​សមាជិក​រដ្ឋាភិបាល​ជាច្រើន​រូប​បាន​ដង្ហែ​កម្រងផ្កា​ដាក់​នៅមុខ​ស្ពានពេជ្រ ជា​ទី​កន្លែង​ដែល​មាន​សោកនាដកម្ម​ជាន់គ្នា​ស្លាប់​កាល​ពី​៣​ថ្ងៃ​មុន។​ លោក​ហ៊ុន សែន និង​ភរិយា​បាន​អុជធូប​ ដាក់​កម្រង​ផ្កា ​ឧទ្ទិស​កុសល​ដល់​ព្រលឹង​អ្នកស្លាប់។​ សកម្មភាព​បែប​សាសនា​នេះ បាន​ប្រព្រឹត្តិ​ទៅ​ពេញ​មួយថ្ងៃ​នៅ​ថ្ងៃ​នេះ ដែល​ជា​ថ្ងៃ​កាន់​ទុក្ខ​ថ្នាក់ជាតិ ចំពោះ​ជន​រងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧប្បត្តិវហេតុ​យប់​ថ្ងៃ​ទី២២​វិច្ឆិកា។ ​ថ្នាក់​ដឹក​នាំ និង​សមាជិក​រដ្ឋសភា​ មន្ត្រី​រាជការ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ផង​បាន​មាន​វត្តមាន​នៅក្នុង​ពិធី​នោះ។ ​ទង់ជាតិ​នៅតាម​ក្រសួង និង​នៅ​តាមទី​សាធារណៈ​ត្រូវ​បាន​សម្រូតចុះ​មក​នៅត្រឹម​ពាក់​កណ្តាល​ទង់។

 
ដូចបាន​ជូន​ដំណឹង ក្រសួង​ការបរទេស តំណាង​អោយ​រដ្ឋាភិបាល​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ព្រលឹង​អ្នក​ស្លាប់​នៅក្នុង​សោកនាដកម្ម​នោះ។ មន្ត្រី​រដ្ឋាភិបាល និង​តំណាង​ស្ថានទូត​នានា​បាន​ចូលរួម​ក្នុង​ពិធី​សាសនា​នោះ​ដែរ។

មិន​មាន​សេចក្តី​ថ្លែងការណ៍​ណា​មួយ​បន្ថែម​ទៀត​ដែល​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​បានធ្វើនៅ​ថ្ងៃ​នេះ​​ឡើយ ក្រៅ​តែ​ពី​ការ​ផ្សព្វផ្សាយ​តួលេខ​ផ្លូវការ​នៃ​ចំនួន​ជនរងគ្រោះ ដោយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដែល​ទទួល​បន្ទុក​ជា​ប្រធាន​អនុគណៈកម្មការ​ដោះស្រាយ​ការ​បន្ទាន់​លើ​ករណី​ឧប្បត្តិវហេតុ​។ ​សេចក្តី​ជូនដំណឹង​ចុងក្រោយ​បាន​ផ្សាយ​អោយ​ដឹងថា ចំនួន​អ្នកស្លាប់​ពិត​ប្រាកដ​​មាន​ចំនួន​៣៤៧នាក់ ក្នុងនោះ​មាន​ប្រុស​១២៦នាក់ និង​ស្រី​២២១នាក់។ ចំណែកឯ​ចំនួន​អ្នក​រងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីពេទ្យ​នានា​មាន​ចំនួន​៣៩៥នាក់។

នៅ​ថ្ងៃនេះ​ដែរ លោករ៉ុង ឈុន ប្រធាន​សហភាព សហជីពកម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​លោក​វ៉ាន់ ស៊ូអៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ដើម្បី​អោយ​លោក​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ក្នុងការ​បើកប្រាក់​ឈ្នួល​ចុងក្រោយ និង​ប្រាក់​បន្ទាប់​បន្សំ​ផ្សេងទៀត ដល់​ក្រុម​គ្រួសារ​កម្មករ​ណា​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​សោកនាដកម្ម​ស្ពានពេជ្រ។

លោក​ជាតិ ខេមរា មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​បាន​ថ្លែង​ថា សកម្មភាព​ជួយ​ឧបត្ថម្ភ​ដល់​កម្មករ​ដែលជួប​គ្រោះថ្នាក់ តែងតែ​ត្រូវ​បាន​អនុវត្ត​កន្លងមក​រួចហើយ។ ហើយថា​ក្នុង​ករណីនេះ សមាគម​ក៏​បាន​រម្លឹក​ទៅដល់​បណ្តា​ថៅកែ​រោងចក្រ​រួចហើយ​ដែរ។

គួរ​បញ្ជាក់ថា នៅក្នុង​ចំណោម​ជនរងគ្រោះ​នៅយប់​ថ្ងៃទី​២២​វិច្ឆិកា​នោះ បើតាម​ការអះអាង​របស់​លោក​ជាតិ ខេមរា មាន​កម្មករ​ចំនួន២៧​នាក់ដែល​បាន​បាត់បង់​ជីវិត​ របួស​៦០នាក់ និងបាត់​ខ្លួន​២នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ