អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជាៈ​មោទនភាព​នៅក្នុង​រង្វង់​នៃចំណុច​ប្រឈម​ជាច្រើន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ច​ប្រជុំ​សំខាន់​៣​ទើបតែ​បាន​ចប់​ទៅ​នៅ​ក្នុង​សប្តាហ៍​នេះ​គឺ​ កិច្ចប្រជុំ​កម្ពុជា​ ឡាវ​ វៀតណាម​ (CLV)​ កិច្ច​ប្រជុំ​កម្ពុជា ​ឡាវ​ ភូមា​ និង​វៀតណាម ​(CLMV) ​និង​កិច្ច​ប្រជុំ​នៃ​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ ​អាយេយ៉ាវ៉ាឌី ​ចៅប្រាយ៉ា ​មេគង្គ ​ហៅកាត់​ថា ACMECS ។​ កិច្ច​ប្រជុំ​ទាំងបី​ មាន​គោលដៅ​តែ​មួយ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​យឺត​ ជាងគេ​ទាំង​៤​ក្នុង​ អាស៊ាន​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​លឿន​ជាង​នេះ​។ ​កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ជា​ លក្ខណៈ​អន្តរជាតិ​ទាំងបី​ក្នុង​ឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ ប៉ុន្តែ ​ការនេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ ដែល​អ្នកនយោបាយ​ខ្មែរ​ត្រូវ​ធ្វើ​ដើម្បី​ដើរ​ឲ្យ​ទាន់​គេ​ឯង​ក្នុង​តំបន់​ អាស៊ាន។ 

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន © Reuters
ផ្សាយពាណិជ្ជកម្ម

សប្តាហ៍​នេះ​អាច​ចាត់ទុក​ជា​សប្តាហ៍​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​សម្រាប់​ប្រទេស​​កម្ពុជា។ ​រាជធានី​ភ្នំពេញ​បាន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​៣​ខុស​គ្នា​នោះ​គឺ​កិច្ច​ប្រជុំ​កម្ពុជា ​ឡាវ ​វៀតណាម ​(CLV)​ លើក​ទី​៦ ​កិច្ច​ប្រជុំ​កម្ពុជា​ ឡាវ​ ភូមា​ និង​វៀតណាម (CLMV)​ លើក​ទី៥​ និង​កិច្ច​ប្រជុំ​ស្តីពី​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​អាយេយ៉ាវ៉ាឌី ​ចៅប្រាយ៉ា​ មេគង្គ ​ដែល​ហៅ​កាត់​ថា ​ACMECS​ លើក​ទី៤​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី១៦​ដល់​១៧​វិច្ឆិកា​​កន្លង​ទៅ។

 
កិច្ច​ប្រជុំ​ទាំង​៣​នេះ​មាន​គោលដៅ​រួម​តែ​មួយៈ​គឺ​ការ​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ដែល​លូត​លាស់​យឺត​ជាងគេ​ក្នុង​អាស៊ាន​សំដៅ​កាត់​បន្ថយ​គម្លាត​ជាមួយ​សមាជិក​ផ្សេង​ទៀត។ និយាយ​ឲ្យ​ចំ ​កម្ពុជា ​ឡាវ ​ភូមា ​និង​វៀតណាម​គឺ​ជា​ប្រទេស​ដែល​ត្រូវ​ខិតខំ​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ដើម្បី​ដើរ​ឲ្យ​ទាន់​គេឯង​ក្នុង​អាស៊ាន​ក៏​ដូចជា​ក្នុង​សកលលោក​ទាំងមូល។

ថ្វីដ្បិត​តែ​មើល​មួយ​ភ្លែត​ ព្រឹត្តិការណ៍​នេះ​ហាក់​មាន​អត្ថន័យ​ខ្លាំង​ខាង​សេដ្ឋកិច្ច​ ប៉ុន្តែ​ប្ញស​គល់​នៃ​ភាព​ក្រីក្រ​គឺ​បណ្តាល​មក​ពី​កត្តា​នយោបាយ​នេះ​តែម្តង។ ​នយោបាយ​គឺជា​ក្បាល​រទេះភ្លើង​សម្រាប់​អូស​ទាញ​ប្រទេស​មួយ​ឲ្យ​រីក​លូតលាស់​លឿន​ឬ​ក៏​យឺត ​ឬ​ឲ្យ​វិនាស​ហិន​ហោច​ក៏បាន។ ​ជាក់ស្តែង ​កម្ពុជា​ដែល​បាន​ក្លាយជា​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​ក្នុង​លោក​ដូច​បច្ចុប្បន្ន​នេះ​ក៏​បណ្តាល​មក​ពី​កំហុស​ឆ្គង​នៃ​ការ​ដឹកនាំ​របស់​អ្នកនយោបាយ​នេះ​ដែរ។ ​ប្រសិន​បើ​គ្មាន​សង្គ្រាម​ស៊ីវិល​ហែកហួរ​គ្នា និង​ជាពិសេស​គ្មាន​របប​ខ្មែរក្រហម​ទេនោះ​ ម៉្លេះសម​កម្ពុជា​ក៏​មិន​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​នេះ​ដែរ។

ងាក​ទៅ​មើល​ប្រទេស​បី​ផ្សេង​ទៀត​ដែល​មាន​ការ​លូតលាស់​តិច​ជាងគេ​ក្នុង​អាស៊ាន​ គឺឡាវ​ ភូមា​ និង​វៀតណាម​ ក៏​គេ​អាច​ឃើញ​យ៉ាង​ច្បាស់​ដែរ​អំពី​មូលហេតុ​នៃ​ការ​យឺត​យ៉ាវ​នៃ​ការ​អភិវឌ្ឍន៍។ ​នោះគឺ​របប​នយោបាយ​ដែល​មិន​អំណោយផល​គឺជា​រនាំង​នៃ​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ។ ​ប្រទេស​ទាំង​នោះ ​ថ្វីដ្បិត​តែ​មិន​បាន​ឆ្លង​កាត់រ​បប​វាលពិឃាត​ដូច​កម្ពុជា​ក៏ពិត​មែន ​ក៏ប៉ុន្តែ ​ការ​ប្រកាន់​យក​នយោបាយ​បែប​កុម្មុយនិស្ត​តឹងរ៉ឹង​គឺជា​ទណ្ឌកម្ម​ដែល​គ្របសង្កត់​មកលើ​ប្រទេស​ជាតិ ​និង​ប្រជាពលរដ្ឋ​ខ្លួនឯង។

ឆ្លង​កាត់​ព្រឹត្តិការណ៍​សំខាន់​ទាំង៣​ដែល​កម្ពុជា​មាន​កិត្តិយស​ធ្វើជា​ម្ចាស់​ផ្ទះ​ក្នុង​សប្តាហ៍​នេះ​ គេអាច​មើល​ឃើញ​រូបភាព​ពីរ​យ៉ាង​ដែល​មាន​ចរិត​វិជ្ជមាន​ផង ​និង​អវិជ្ជមាន​ផង។ ​វិជ្ជមាន​នៅត្រង់ថា បន្ទាប់​ពីរួច​ចាក​ផុត​ពី​ភ្លើង​សង្រ្គាម​កម្ពុជា​បាន​និង​កំពុង​ងើប​ឈរ​ឡើងវិញ​ដោយ​ធ្វើ​សមាហរ័ណកម្ម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ក៏ដូច​ជា​ក្នុង​ពិភពលោក​ក្នុង​ឋានៈ​ជា​រដ្ឋ​មួយ​ដែល​ឈរ​ស្មើ​មុខ​មាត់​ជាមួយ​គេឯង។ ​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ជាលក្ខណៈ​អន្តរជាតិ​ធំៗ​បាន​ដូច​ដែល​យើង​បាន​ឃើញ​នៅ​ពេល​នេះ​គឺជា​ឧទាហរណ៍​ស្រាប់។

ក៏​ប៉ុន្តែ ​ទន្ទឹម​នឹង​រូបភាព​ដ៏​គួរឲ្យ​មោទនភាព​នេះ ​គេមិន​ត្រូវ​ភ្លេច​ទេ​ថា​កម្ពុជា​កំពុង​ឈរ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​ការលូតលាស់​តិចតួច​ជាងគេ​ក្នុង​អាស៊ាន។​ នេះ​មិនមែន​ជាអ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ពីព្រោះ​គ្រប់​គ្នា​សុទ្ធតែ​បាន​ដឹង​ហើយ​អំពី​អតីត​កាល​ដ៏​ជូរចត់​របស់​កម្ពុជា។ ​មក​ដល់​ចំណុច​នេះ ​សារ​នយោបាយ​សំខាន់​បំផុត​សម្រាប់​អ្នកនយោបាយ​ខ្មែរ​គឺៈ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​គឺជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ។ ដូច្នេះ ​អ្នកនយោបាយ​គួរ​ស្រង់​បទពិសោធន៍​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ហើយ​ចៀសវាង​ការ​ធ្វើ​នយោបាយ​ដែល​នាំឲ្យ​ប្រទេស​ជាតិ​វិនាស​ហិនហោច​ទៀត។

យ៉ាងណា​ក៏ដោយ​ គេ​ក៏មិន​គួរ​នឹង​ស្កប់ស្កល់​នឹង​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​នោះ​ពេក​ដែរ។ ​ការប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស​គឺជា​បេសកកម្ម​ចាំបាច់​មួយ​ទៀត​ដែល​ទាំង​អស់​គ្នា​ត្រូវ​រួមចំ​ណែក ​ទាំង​បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង។​ គឺ​រួមចំណែក​ដើម្បី​លើក​ស្ទួយ​មោទ​នភាព​ជាតិ​ខ្មែរ​ដ៏​ពិត​ប្រាកដ​មួយ​នៅ​លើ​ឆាក​អន្តរជាតិ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ