អានតួអត្ថបទ
កម្ពុជា

សម រង្ស៊ី​អំពាវនាវ​អោយ​ពិនិត្យ​ឡើង​វិញ ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ប៉ារីស

ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ខ្លួន លោក​សម រង្ស៊ី តំណាងរាស្ត្រ និង​ជា​ប្រធាន​គណបក្ស​ប្រឆាំង ព្រម​ទាំង​សហការី​របស់​លោក​បាន​ធ្វើ​សេចក្តី​អំពាវនាវ​អោយ​តំណាងរាស្ត្រ​នៃ​ សហគម​អន្តរជាតិ​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​របស់​លោក។ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ក៏​បាន​អំពាវនាវ​អោយ​មាន​ការ​សើរើ និង​ពិនិត្យ​ឡើង​វិញ​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផង​ដែរ។ សម្រាប់​គណបក្ស​សម រង្ស៊ី ការ​កាត់ទោស​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ប្រាស​ចាក​ពី​ខ្លឹមសារ​នៃ​កិច្ច​ ព្រមព្រៀង ២៣ តុលា​១៩៩១។ ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ លោក​ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ករណី​លោក​សម រង្ស៊ី គឺ​ជា​រឿង​បុគ្គល​សម រង្ស៊ី​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:18

សេចក្តីរាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​បាន​ឆ្លៀតឱកាស​នៅ​ក្នុង​ខែ​តុលា​នេះ ធ្វើ​ការ​អំពាវនាវ​អោយ​មាន​ការ​ពិនិត្យ​ឡើង​វិញ លើ​ការ​អនុវត្តន៍​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា​១៩៩១។ នៅ​ក្នុង​សេចក្តី​អំពាវនាវ​របស់​ខ្លួន គណបក្ស​សម រង្ស៊ី​ស្នើ​អោយ​ប្រទេស​ហត្ថលេខី និង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​ដ៏​មាន​ឥទ្ធិពល​ដូចជា​សហភាព​អឺរ៉ុប ចាត់​វិធានការ​ចាំបាច់​ដើម្បី​ធានា​អោយ​មាន​ការ​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធិភាព​គ្រប់​ប្រការ​សំខាន់ៗ​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។

ដោយ​ដកស្រង់​របាយការណ៍​របស់ Amnesty International របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​របាយការណ៍​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា គណបក្ស​សម រង្ស៊ី​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​អំពាវនាវ​របស់​ខ្លួន​ទៅ​សហគម​អន្តរជាតិ អំពី​ការ​រឹតត្បិត​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ រហូត​ដល់​ការ​ធ្វើ​ទុក្ខបុកម្និញ​ដល់​សិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៀត​ផង។ ពោល​គឺ​ការ​ព្យួរ​អភ័យឯកសិទ្ធិ និង​ការ​កាត់ទោស​លោក​សម រង្ស៊ី​ដាក់​ពន្ធនាគារ​តែ​ម្តង។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​អំពាវនាវ​របស់​ខ្លួន ស្វែង​រក​អន្តរាគមន៍​ពី​សំណាក់​អ្នកតំណាងរាស្ត្រ​នៃ​សហគម​អន្តរជាតិ។ លោក​សម រង្ស៊ី​បាន​អំពាវនាវ​អោយ​អ្នកតំណាងរាស្ត្រ​ទាំង​នោះ ស្នើ​ទៅ​រដ្ឋាភិបាល​របស់​ពួក​គេ អោយ​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាធរ​កម្ពុជា ធ្វើ​យ៉ាងណា​ដើម្បី​អោយ​លោក​អាច​ត្រឡប់​មក​កាន់​ការងារ​ជា​អ្នកតំណាងរាស្ត្រ​វិញ។

ការ​អំពាវនាវ​យ៉ាង​នេះ​របស់​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង លោក​ជាម យៀប​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​ជាម យៀប​បាន​ដាក់​សំណួរ​សួរ​លោក​សម រង្ស៊ី​វិញ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​កំហុស​ត្រង់​ណា បាន​ជា​ត្រូវ​សើរើ​ពិនិត្យ​ឡើងវិញ ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ ?

សម្រាប់​លោក​ជាម យៀប បញ្ហា​ក្តីក្តាំ​របស់​លោក​សម រង្ស៊ី​បាន​កើតឡើង​ដោយសារ​ទង្វើ​របស់​លោក​សម រង្ស៊ី​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ លោក​ជាម យៀប​បន្ត​ថា ការ​សម្របសម្រួល​អោយ​ស្ថានភាព​ត្រឡប់​មក​ជា​ធម្មតា​វិញ​នោះ ទំនង​ជា​ពិបាក​នឹង​ធ្វើ​ណាស់ នៅ​ពេល​ដែល​លោក​សម រង្ស៊ី​បាន​បង្កើត​បណ្តឹង​ទៅ​តុលាការ​អាមេរិក ប្រឆាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ