អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សាលក្រម​​ដែលបន្ថែម​ការ​ឈឺ​ចាប់​ដល់​ជន​រងគ្រោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នកវិភាគ​​ឌុច​អតីត​ប្រធាន​គុក​ទួលស្លែង​ ក្នុង​របប​ខ្មែរ​ក្រហម​​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ត្រឹម​តែ​៣៥​ឆ្នាំ​ ប៉ុណ្ណោះ​ក្នុង​បទឧក្រិដ្ឋ​ដែល​បាន​ធ្វើ​ឲ្យ​​មនុស្ស​ជិត​ពីរម៉ឺន​នាក់​ ស្លាប់​យ៉ាង​វេទនា​បំផុត។​ប៉ុន្តែ​​សម្រេច​សម្រួល​ទៅ​​ឌុច​នៅ​ជាប់​​ទោស​តែ​ ជាង​១៨​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ក្នុង​ពន្ធនាគារ។​ សាលក្រម​នេះ​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​​មួយ​ចំនួន​តក់ស្លុត​​និង​អស់​សង្ឃឹម។ ​ តើ​សាលក្រម​នេះ​​មាន​អត្ថន័យ​យ៉ាងណា​ខ្លះ​ចំពោះ​​សាលាក្តី​ខ្មែរក្រហម?​​​​

ជន​រង​គ្រោះ​យំ​សោក​ស្តាយ​មិន​ពេញ​ចិត្ត​នឹង​សាលក្រម​តុលាការ​
ជន​រង​គ្រោះ​យំ​សោក​ស្តាយ​មិន​ពេញ​ចិត្ត​នឹង​សាលក្រម​តុលាការ​ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​​ជា​ពិសេស​អ្នក​រងគ្រោះ​ផ្ទាល់​ក្នុង​គុក​​ទួលស្លែង​តែ​ម្តង​​បាន​ទទួល​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​​ដោយសារ​តែ​ឌុច​​​ត្រូវ​បាន​សាលាក្តី​ខ្មែរក្រហម​ផ្តន្ទាទោស​ត្រឹម​តែ​​កម្រិត​ស្រាល​មួយ​ប៉ុណ្ណោះ។

         ជាការពិត​ចៅក្រម​ និង​អ្នកជំនាញការ​មាន​ហេតុផល​ក្នុង​ការ​ពន្យល់​ដើម្បី​ការពារ​​សេចក្តី​សម្រេច​របស់​ខ្លួន។​ ​លោក​ រ៉ាអ៊ូល​ ​ម៉ាក់​ជេណា ​​អ្នកប្រវត្តិសាស្រ្ត​​និង​អ្នកវិភាគ​​នយោបាយ​​បាន​លើក​ហេតុផល​៥​យ៉ាង​ដើម្បី​សំអាង​ថា​​ឌុច​មិន​អាច​ត្រូវ​គេ​កាត់ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​បាន​ឡើយ។​ ​ហេតុផល​ទី១​គឺ​មកពី​ជន​ជាប់ចោទ​បាន​​សហការ​យ៉ាងល្អ​ជាមួយ​តុលាការ​​ ទី២​គឺ​ឌុច​បាន​សារភាព​ទោស​កំហុស​ទាំងអស់​របស់​​គាត់​​ទី៣​​ឌុច​បាន​បង្ហាញ​ពី​វិប្បដិសារី​ ចំពោះ​ទង្វើ​របស់​ខ្លួន​ ​ទី៤​​ឌុច​ត្រូវ​បាន​គេឃុំ​ខ្លួន​រយៈ​​ពេល​៨​ឆ្នាំ​មុន​ការ​កាត់ទោស​ដោយ​គ្មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​អ្វី​ទាំង​អស់។​ ​និង​ហេតុផល​​ទី៥​គឺឌុច​មិន​មែន​ជាអ្នក​ដឹកនាំ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរក្រហម​ទេ។

         ប៉ុន្តែ​​​ហេតុផល​ទាំងនោះ​ពិតជា​មិនអាច​ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្តាប់​ចូល​ត្រចៀក​បាន​​ឡើយ។​ សំណួរ​ដ៏​សាមញ្ញ​បំផុត​សម្រាប់​ជន​រងគ្រោះ ​គឺ​​ឃាតក​ដែល​សម្លាប់​មនុស្ស​​ត្រឹមតែ​ម្នាក់​ក៏អាច​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​​ឬ​២៥​​ឆ្នាំ​​បាន​ដែរ។​​ ចុះ​ហេតុអ្វី​បាន​ជា​ឌុច​ដែល​ទទួល​ខុស​ត្រូវ​នៃ​ការ​សម្លាប់​មនុស្ស​ជិត​ពីរម៉ឺន​​នាក់​បែរ​ជា​ត្រូវ​ជាប់​ទោស​ត្រឹម​តែ​ជាង​៣០​ឆ្នាំ​យ៉ាង​ដូច្នេះ?​​ តើ​នេះ​មិន​មែន​ជា​ការ​ចំអក​​ដល់​ព្រលឹង​អ្នក​ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ ​ជា​ពិសេស​អ្នក​ដែល​បាន​ស្លាប់​យ៉ាង​​វេទនា​បំផុត​ក្នុង​វាល​ពិឃាត​ជើងឯក​ទេឬ?​ ​ទាំង​នេះ​សុទ្ធតែ​ជា​សំណួរ​ដែល​ធ្វើ​ឲ្យ​ជន​​រងគ្រោះ​ខកចិត្ត​គ្រប់ៗ​គ្នា​​បន្ទាប់​ពី​បាន​ស្តាប់​សាលក្រម​ឌុច​នាព្រឹក​មិញ​នេះ។

         ជាការ​ពិត​​មាន​ការ​លើក​ហេតុផល​ថា​​យុត្តិធម៌​មិនមែន​ជា​ការ​សងសឹក​ឡើយ។ ប៉ុន្តែ​​គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​ចង់​សងសឹក​ដោយ​សុំឲ្យ​ធ្វើ​ទារុណកម្ម​ឌុច​ដូច​អ្វី​ដែល​​គាត់​បាន​ធ្វើ​ក្នុង​របប​ខ្មែរក្រហម​នោះ​ឡើយ។ ​​តែ​ពួកគេ​សុំ​ត្រឹម​តែ​ឲ្យ​ឌុច​ជាប់​ទោស​អស់​​មួយ​ជីវិត​ប៉ុណ្ណោះ។​ តែ​ទីបំផុត​​សូម្បី​តែ​សំណូមពរ​​ប៉ុណ្ណឹង​ក៏ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​មិន​អាច​ទទួល​បាន​ដែរ។ ​​នេះ​ជាហេតុផល​​ដែល​ពួកគេ​មិនអាច​ទទួល​យក​សាលក្រម​នេះ​បាន។

         សាលក្រម​កាត់ទោស​ឌុច​ដែល​ជនរងគ្រោះ​មិន​អាច​ទទួលយក​បាន​​អាច​នឹង​មាន​​​ផលវិបាក​អវិជ្ជមាន​ធំធេង​ដល់​សាលាក្តី​ខ្មែរក្រហម​ទាំងមូល។​ ផលវិបាក​​ដោយសារ​តែ​​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​អស់​ជំនឿ​លើ​តុលាការ។​ ជនរងគ្រោះ​មួយ​ចំនួន​ដូច​ជា​​លោក ​ប៊ូ​ ម៉េង​ ​អតីត​អ្នកទោស​​នៅ​គុក​ទួលស្លែង​នៅ​ព្រឹក​មិញ​បាន​ចាត់​ទុក​ការ​ប្រកាស​​សាលក្រម​នេះ​ថា​ជា​ពេល​វេលា​ដែល​គាត់​ត្រូវ​ស្រក់​ទឹកភ្នែក​សារជា​ថ្មី។​ ​មានន័យថា​​គឺជា​សាលក្រម​ដែល​បន្ថែម​ការ​ឈឺចាប់​ដល់​គាត់។

         ឥឡូវ​នេះ​​ការ​ប្រកាស​សាលក្រម​ត្រូវ​បាន​គេ​ធ្វើ​រួច​ទៅ​ហើយ។​ វា​គឺជា​ឆន្ទានុសិទ្ធិ​​របស់​ចៅ​ក្រម​ជាតិ​​និង​អន្តរជាតិ​ដែល​ជា​អ្នក​សម្រេច​សេចក្តី​លើ​សំណុំ​រឿង​នេះ។​ ពួកគេ​​មាន​​សិទ្ធិ​ពេញទី​ក្នុង​ការ​វិនិច្ឆ័យ​ទោស​ឌុច​​ ប៉ុន្តែ​​ជន​រងគ្រោះ​ក៏មាន​សិទ្ធិ​ក្នុង​​ការ​មិន​​ទទួល​យក​ការ​សម្រេច​ណា​មួយ​ដែល​ពួក​គេ​យល់​ថា​«អយុត្តិធម៌»​ដែរ។​ ពិត​ហើយ​ថា​​ទោះ​បី​ជា​​ដាក់​ទោស​ឌុច​ក្នុង​កម្រិត​ធ្ងន់​ប៉ុណ្ណា្ក​ក៏ដោយ​​ ក៏ទោស​នោះ​មិន​អាច​យក​មក​​ជួស​ជុល​​ការ​ឈឺចាប់​របស់​ជន​រងគ្រោះ​បាន​ដែរ។​ ​នេះ​ជា​ការពិត​​តែ​ពាក្យ​នេះ​ក៏​មិន​អាច​​ត្រូវ​ប្រើ​​ប្រាស់​ជា​លេះ​ដើម្បី​បន្ធូ​បន្ថយ​ទោស​ឧក្រិដ្ឋជន​ណា​ម្នាក់​ដែរ​​ពីព្រោះ​នេះ​ជា​ការ​​បន្ថែម​​ការ​ឈឺចាប់​ដ៏អាក្រក់​បំផុត​ដល់​ជនរងគ្រោះ។

         ឥឡូវ​នេះ​ស្ថានភាព​ពិត​បាន​កើត​ឡើង​ហើយ​​ គឺជា​យុត្តិធម៌​ដែល​គេអះអាង​ថា​​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​​តែ​ជន​រងគ្រោះ​មិន​អាច​ទទួល​យក​បាន។​តើ​អ្វី​ទៅ​ដែល​​ហៅ​ថា​​យុត្តិធម៌​?​ ​តើ​យុត្តិធម៌​មាន​ស្តង់ដារ​ប៉ុន្មាន​យ៉ាង?​​តើ​ឧក្រិដ្ឋកម្ម​ជា​ប្រព័ន្ធ​ដែល​​អ្នកដឹកនាំ​ប្រទេស​បាន​ប្រព្រឹត្ត​ពិត​ជា​មាន​ទោស​ស្រាល​ជាង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ជា​​លក្ខណៈ​បុគ្គល​មែន​ឬ?​​ សំណួរ​ទាំង​នេះ​ចាំបាច់​ត្រូវ​មាន​ចម្លើយ​ដ៏​ច្បាស់​សាល់​មួយ​​ទើប​អាច​រំងាប់​កំហឹង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ