អានតួអត្ថបទ

វេទិកា​សាធារណៈ​រៀបចំ​កាន់​តែ​ច្រើន នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នៃ​សាលក្រម​ទៅ​លើ ឌុច

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៣​កក្កដា​នេះ មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការ​បង្រួបបង្រួម​ជាតិ​បាន​រៀបចំ​វេទិកា​សាធារណៈ​ស្តី​ពី "ការ​នឹង​មក​ដល់​នៃ​សាលក្រម​របស់​ឌុច"។ វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ ដោយ​មាន​វាគ្មិន​ជា​អ្នកច្បាប់ អ្នកប្រវត្តិសាស្ត្រ ជន​រងគ្រោះ​នៅ​គុកទួលស្លែង និង​តំណាង​ពី​តុលាការ​ខ្មែរក្រហម។

មុនការប្រកាស​សាលក្រម​លើ​ឌុច វេទិកា​ជា​ច្រើន​បើក​សម្រាប់​រំលឹក​ប្រជាជន​កុំ​ឲ្យ​ភ្លេច​តាមដាន​សវការ​ដ៏​សំខាន់​មួយ​នេះ
មុនការប្រកាស​សាលក្រម​លើ​ឌុច វេទិកា​ជា​ច្រើន​បើក​សម្រាប់​រំលឹក​ប្រជាជន​កុំ​ឲ្យ​ភ្លេច​តាមដាន​សវការ​ដ៏​សំខាន់​មួយ​នេះ © លាង ដឺលុច
ផ្សាយពាណិជ្ជកម្ម

03:13

បទ​អន្តរាគមន៍​របស់​លាង ដឺលុច

គឺ​ដូចជា​អត្ថន័យ​នៃ​ប្រធានបទ​ដែល​គេ​បានដាក់​សម្រាប់​វេទិកា​សាធារណៈ​ គឺ​ការនឹង​មក​ដល់​នៃ​សាលក្រម​របស់​ឌុច។ បានន័យថា ៣​ថ្ងៃ​មុន​នឹង​តុលាការ​ពិសេស​ប្រកាស​សាលក្រម​ចំពោះ​ឌុច ដែល​គ្រោង​ធ្វើ នៅ​ថ្ងៃ​ចន្ទ​ទី​២៦​កក្កដា​នោះ មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការបង្រួបបង្រួម​បាន​រៀបចំ​អោយ​មាន​វេទិកា​នេះ​ឡើង ជា​ការរម្លឹក​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ទាំងមូល​អោយ​ត្រៀម​ចាំ​តាមដាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ។ គេ​ត្រូវ​រម្លឹក ពីព្រោះ​តាំងពី​ការបញ្ចប់​ការកាត់​សេចក្តី​លើ​ឌុច​មក វា​មាន​រយៈ​ពេល​ច្រើន​ខែ​ដែរ​ហើយ ហើយ​ដែល​អ្នកខ្លះ​អាច​នឹង​ភ្លេច​គិត​ដល់​អំពី​បញ្ហា​នេះ។

យោងតាម​ការបញ្ជាក់​របស់​លោកស្រី​យឹម សុធារី​ដែល​ជា​អ្នកគ្រប់គ្រង​ផ្នែក​ការប៉ះ​ទង្គិច​ចិត្ត​សង្គម​នៃ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ការបង្រួបបង្រួម ការដែល​មជ្ឈមណ្ឌល​ផ្តួចផ្តើម​អោយ​មាន​ការរៀបចំ​វេទិកា​សាធារណៈ​នៅពេល​នេះ ក៏​ដើម្បី​ផ្តល់​ឱកាស​មួយ ជាពិសេស​ដល់​អ្នករងគ្រោះ ដែល​ជាច្រើន​ខែ​មក​ហើយ​ចង់​សម្តែង​មតិ និង​និយាយ​អំពី​ទុក្ខលំបាក​ផ្លូវចិត្ត​អោយ​អ្នក​ដែល​ពាក់ព័ន្ធ​បាន​លឺ ដែល​ការធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​អោយ​ពួកគាត់​បាន​ធូរស្បើយ​ក្នុង​អារម្មណ៍​ខ្លះដែរ។

ក្រុម​អ្នក​ចូលរួម​នៅក្នុង​វេទិកា​សាធារណៈ​នោះ​រួមមាន​និស្សិត មានប្រជាពលរដ្ឋ​ដែល​ជា​ជន​រងគ្រោះ​ក្នុង​សម័យខ្មែរ​ក្រហម មក​ពី​តាម​បណ្តាខេត្ត និង​មាន​ក្រុម​ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ឌុច​ផងដែរ។ រីឯ​ក្រុម​វាគ្មិន​នោះ​មាន​មន្ត្រី​កិច្ចការ​សាធារណៈ និង​ប្រធាន​អង្គភាព​ជន​រងគ្រោះ​នៃ​សាលាក្តី​ខ្មែរក្រហម មាន​លោក​ប៊ូ ម៉េង និង​លោក​វ៉ាន់ ណាត​ដែល​ជា​អ្នក​រួចផុត​ពី​ការកាប់សម្លាប់ នៅ​គុក​ទួលស្លែង មាន​អ្នកច្បាប់ អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដេវីត ឆានឡឺ និង​តំណាង​សមាគម​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ជាដើម។

នៅក្នុង​វេទិការ​នេះ គឺ​គេ​បើក​អោយ​ប្រជាពលរដ្ឋ និង​និស្សិត​លើក​ជា​សំណួរ​ឡើង ហើយ​វាគ្មិន​នានា​ខាងលើ​គឺ​ជាអ្នក​ឆ្លើយតប។ ដោយសារ​ប្រធានបទ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៣​កក្កដា​មាន​ឈ្មោះ​ថា ការមកដល់​នៃ​ការប្រកាស​សាលក្រម​របស់​ឌុច ដូច្នេះ​ភាគច្រើន​នៃ​សំណួរ គឺ​ផ្តោត​ទៅ​លើ​ថា តើ​ឌុច​អាច​ជាប់ទោស​ប៉ុណ្ណា? ហើយ​អ្នកខ្លះ​នោះ​ក៏​ឆ្លៀត​បញ្ចេញ​យោបល់​តែម្តង​ទៅ​ថា ខ្លួន​មិនអាច​ទទួលបាន​ទេ​បើ ឌុច​ត្រូវ​រួចខ្លួន ឬ​ក៏​ថា ឌុច​ជាប់ទោស​តិចតួច​នោះ។ សំណួរ​ចាស់​មួយ​ដែល​គេ​តែងតែ​លឺ​នោះ ក៏​នៅតែ​ត្រូវបាន​លើកឡើង​មក​ទៀត នោះ​គឺ​ចម្ងល់​ដែរ​ថា ហេតុអ្វី​ខ្មែរ​សំលាប់​ខ្មែរ?

ជាទូទៅ សំណួរ​ខ្លះ​ក៏​បាន​ទទួល​ការបំភ្លឺ ការ​ពន្យល់ចំណែក​សំណួរ​ខ្លះ​ទៀត​ដែល​ទាក់ទង​នឹង​ការជាប់ទោស​របស់​ឌុច​នោះ វា​គ្មិនឆ្លើយ​ថា គេ​ត្រូវ​រង់ចាំ​ការប្រកាស​របស់​ចៅក្រម​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅថ្ងៃ​ចន្ទ​ទី​២៦​កក្កដា ២០១០ នៅ​វេលា​ម៉ោង​១០​ព្រឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ