សាលក្រមឌុចជាវិញ្ញាសាមួយសម្រាប់វាស់ស្ទង់ពីភាពជឿជាក់ទៅលើសាលាក្តីខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០៧
ប្រជាពលរដ្ឋខ្មែរជាពិសេសជនរងគ្រោះដែលបានរួចជីវិតពីគុក ទួលស្លែងនិងក្រុមគ្រួសារអ្នកដែលបានស្លាប់យ៉ាងវេទនានៅឯវាល ពិឃាតជើងឯកកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវការប្រកាសសាលក្រម សំណុំរឿងឌុចអតីតប្រធានមន្ទីរសន្តិសុខស ២១ដែលគេគ្រោងនឹងប្រកាសជាសាធារណៈនៅថ្ងៃទី ២៦ខែកក្កដាខាងមុខនេះ។ ក្នុងអំឡុងពេលរង់ចាំនេះជនរងគ្រោះទាំងនោះសុទ្ធតែប្រាថ្នាចង់ឃើញ ការផ្តន្ទាទោសឌុចឲ្យជាប់ពន្ធនាគារមួយជីវិតដែលជាទោសកម្រិតខ្ពស់ បំផុតនៅកម្ពុជា។តើនឹងមានអ្វីកើតឡើងប្រសិនបើសាលក្រមនេះមិន សមតាមបំណងរបស់ជនរងគ្រោះ?
ពីពេលនេះរហូតដល់ថ្ងៃទី ២៦កក្កដាគឺជារយៈពេលមិនយូរឡើយប៉ុន្តែក្តីអន្ទះសាចង់ឃើញសាលក្រមផ្តន្ទាទោសឌុចហាក់បានធ្វើឲ្យភាគីដើមបណ្តឹងរដ្ឋប្បវេណីនិងជនរងគ្រោះក្នុងរបបខ្មែរក្រហមទាំងអស់ ជាពិសេសបំផុតគឺអ្នករងគ្រោះផ្ទាល់ក្នុងគុកទួលស្លែងតែម្តងមានអារម្មណ៍ថាយូរ។
យូរឬឆាប់គឺជាបញ្ហាមួយប៉ុន្តែតើសាលក្រមដែលគេនឹងប្រកាសផ្តន្ទាទោសឌុចក្នុងរយៈពេលមួយខែទៀតខាងមុខនេះនឹងធ្វើឲ្យអ្នកទន្ទឹងរង់ចាំមានអារម្មណ៍បែបណា?គឺជារឿងសំខាន់មួយទៀត។ទោះបីជាពេលនេះគេមិនទាន់ដឹងពីខ្លឹមសារនៃសាលក្រមនេះក្តីតែអ្វីដែលគេអាចមើលឃើញនោះគឺមានសម្មតិកម្មពីរដែលអាចនឹងកើតឡើងក្នុងថ្ងៃប្រកាសសាលក្រមឌុច។ ទី ១ ជនរងគ្រោះអាចនឹងស្ងប់ចិត្តនិងមានអារម្មណ៍ថា ទទួលបានយុត្តិធម៌ប្រសិនបើសាលក្រមនោះមានទម្ងន់សមតាមក្តីប្រាថ្នារបស់ពួកគេ។ រីឯដំណើរការទៅមុខទៀតនៃតុលាការខ្មែរក្រហម នឹងរឹតតែទទួលបានការជឿទុកចិត្តពីសំណាក់ជនរងគ្រោះនិងមហាជនទូទៅថែមមួយកម្រិតទៀត។
ទី ២ ប្រសិនបើសាលក្រមនេះបែរជាគ្មានទម្ងន់គ្រប់គ្រាន់សមតាមក្តីប្រាថ្នារបស់ជនរងគ្រោះទេនោះ ពួកគេនឹងខកចិត្តហើយមានអារម្មណ៍ថា ខ្លួនមិនទទួលបានយុត្តិធម៌ពីតុលាការឡើយ។ ក្នុងករណីនេះសាលាក្តីខ្មែរក្រហមច្បាស់ជានឹងទទួលរងការរិះគន់ជាថ្មីទៀត ហើយដំណើរការទៅមុខក្នុងសំណុំរឿង ០០២ក៏អាចនឹងមិនសូវទទួលបានការយកចិត្តទុកដាក់ពីភាគីរដ្ឋប្បវេណីប៉ុន្មានឡើយ ដោយហេតុ ថាពួកគេមិនសូវជាមានជំនឿថាខ្លួននឹងទទួលបានយុត្តិធម៌។
ជាការពិត ជនរងគ្រោះគ្រប់គ្នា សុទ្ធតែប្រាថ្នាចង់ឃើញមេដឹកនាំខ្មែរក្រហមដែលមានបាតដៃប្រឡាក់ជោគជាំទៅដោយឈាមទាំងនោះទទួលទោសក្នុងកម្រិតខ្ពស់បំផុត។ ចង់បានទោសខ្ពស់បំផុតពីព្រោះតែពួកគេទទួលរងការឈឺចាប់ដែលមិនធ្លាប់ជួបប្រទះក្នុងជីវិតមនុស្សជាតិ។ ទោះជាយ៉ាងណាក៏ដោយ ទាំងនេះ វាគ្រាន់តែជាអារម្មណ៍របស់ជនរងគ្រោះតែប៉ុណ្ណោះដែលទោះតិចឬច្រើនពួកគេមិនអាចចៀសផុតពីការចង់បានយុត្តិធម៌មួយតាមបែប «សងសឹក»។ ប៉ុន្តែពេលខ្លះអារម្មណ៍បែបនេះក៏អាចនឹងមិនឆ្លុះបញ្ចាំងពីយុត្តិធម៌តាមផ្លូវច្បាប់ដែរ។ នៅក្នុងសវនាការចុងក្រោយកាលពីខែវិច្ឆិកាឆ្នាំ ២០០៩ ព្រះរាជអាជ្ញាបានទាមទារឲ្យផ្តន្ទាទោសឌុចតែរយៈពេល ៤០ឆ្នាំប៉ុណ្ណោះ។
ប្រសិនបើគេនិយាយពីជីវិតរបស់ឌុចដែលពេលនេះមានអាយុ៦៧ឆ្នាំទៅហើយនោះ ការផ្តន្ទាទោស៤០ឆ្នាំនិងទោសមួយជីវិតគឺគ្មានអ្វីខុសគ្នាឡើយពោលគឺជនជាប់ចោទរូបនេះគង់តែត្រូវស្ថិតក្នុងពន្ធនាគាររហូតដល់ថ្ងៃស្លាប់តែដដែល។ ប៉ុន្តែបើនិយាយពីទម្ងន់ទោសវិញ «៤០ឆ្នាំ» និង «មួយជីវិត»ពិតជាមានន័យមិនដូចគ្នាឡើយ។ ឥឡូវនេះទម្ងន់ទោសរបស់ឌុចត្រូវបានចៅក្រមនៃសាលាក្តីខ្មែរក្រហមសម្រេចរួចទៅហើយដោយនៅសល់តែការប្រកាសជាសាធារណៈតែប៉ុណ្ណោះ។ តើការកំណត់ទោស កាំងហ្គិចអ៊ាវហៅឌុចត្រូវឈរនៅលើហេតុផលអ្វីខ្លះ? នេះគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ ប៉ុន្តែការពេញចិត្ត ឬខកចិត្ត ការរិះគន់ឬអបអរសាទរក៏ជាសិទ្ធិរបស់ជនរងគ្រោះដែរ។
សរុបមកវិញ សវនាការសំណុំរឿង ០០១ដែលបានឈានដល់ទីបញ្ចប់កាលពីចុងឆ្នាំ២០០៩ គឺជាជោគជ័យមួយជំហានរបស់សាលាក្តីខ្មែរក្រហម។ ប៉ុន្តែ សាលក្រមដែលគេនឹងប្រកាសក្នុងពេលឆាប់ៗនេះ គឺជាវិញ្ញាសាចុងក្រោយដែលអាចបញ្ជាក់ពីតម្លៃពិតប្រាកដរបស់សាលាក្តីនេះ។ «ពៀររំងាប់ដោយការមិនចងពៀរ» នេះ ជាទ្រឹស្តីព្រះពុទ្ធសាសនាដែលពលរដ្ឋខ្មែរគ្រប់រូបប្រកាន់យកនិងបានបង្ហាញពីភាពអត់ធ្មត់រយៈពេល ៣០ឆ្នាំមកហើយ។
ប៉ុន្តែ «យុត្តិធម៌ ត្រូវតែផ្តល់ជូនដល់ជនរងគ្រោះ» នេះក៏ជាគោលការណ៍ដែលតុលាការខ្មែរក្រហមត្រូវប្រកាន់យកនិងបំពេញឲ្យបានដូចគ្នាដែរ។ លទ្ធផលដែលផ្ទុយពីនេះ អាចនឹងជះឥទ្ធិពលអាក្រក់ដល់សាលាក្តីខ្មែរក្រហមដោយចៀសមិនផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ