អានតួអត្ថបទ
កម្ពុជា​

កម្ពុជា បន្ត​បដិសេធ​ពី​វត្តមាន​របស់​មេដឹកនាំ​អាវ​ក្រហម​ថៃ

នៅថ្ងៃនេះ លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ច្រាន​ចោល នូវ​ការលើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ថា មេដឹកនាំ​ក្រុម​អាវ​ក្រហម​ថៃ​ពីរ​នាក់ ​កំពុង​ជ្រក​កោន ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។ មេដឹកនាំ​ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ត្រូវបាន​ចោទ​ប្រកាន់ ពី​បទ​បង្ក​អំពើ​ភេរវកម្ម ក្នុង​ការដាក់​បង្កៃ​គ្រាប់​បែក​បំផ្ទុះ នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា។​

ស្ត្រី​ជន​ជាតិ​ថៃ​ដែល​ជាប់​ចោទ​ពី​បទ​ភេរវកម្ម និង​ដែល​កម្ពុជា​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឲ្យ​ថៃ
ស្ត្រី​ជន​ជាតិ​ថៃ​ដែល​ជាប់​ចោទ​ពី​បទ​ភេរវកម្ម និង​ដែល​កម្ពុជា​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឲ្យ​ថៃ
ផ្សាយពាណិជ្ជកម្ម

02:11

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ

លី ម៉េងហួរ

សេចក្តី​ប្រកាស​បដិសេធ​របស់​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​មាន​ការអះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភីស៊ីត ថា​ជន​ជាប់​ចោទ​ថៃ ពីរ​នាក់​ប្តី​-​ប្រពន្ធ ដែល​ត្រូវ​រដ្ឋាភិបាល​ក្រុង​បាងកក ចោទ​ប្រកាន់​ក្នុង​រឿង​បំផ្ទុះ​គ្រាប់បែក បាន​សារភាព​​ថា​ អំឡុង​ពេល​ស្នាក់នៅ​កម្ពុជា ពួកគេ​បាន​ជួប​នឹង​បុរស​ស្ត្រី​ជនជាតិ​ថៃ​ពីរ​នាក់ ដែល​ជា​មេដឹកនាំ​ក្រុម​អាវ​ក្រហម នៅ​ខេត្ត​សៀមរាប។ ជនជាតិ​ថៃ​ពីរ​នាក់​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​បាងកក ចោទ​ប្រកាន់ ជា​មេ​គំនិត​ក្នុង​រឿង​បំផ្ទុះ​គ្រាប់បែក នៅមុខ​ទីស្នាក់ការ​គណបក្ស​ភូមិ​ចៃ​ថៃ ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១០។

 
ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​នេះ លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ថា ការលើក​ឡើង​ពី​វត្តមាន​របស់​មេ​ដឹកនាំ​អាវ​ក្រហម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម កំពុង​ជ្រកកោន​នៅ​កម្ពុជា​នោះ គឺ​ជា​រឿង​មិន​ពិត និង​ធ្វើ​ឡើង​ទាំង​បំពាន ដែល​មាន​ចរិក​ជា​ការសងសឹក​របស់​ជនជាតិ​ថៃ ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវ​កម្ពុជា ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​៥ ខែ​កក្កដា។

កាសែត​ថៃ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ បាន​ដក​ស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភីស៊ីត មក​ចុះ​ផ្សាយ​ថា យោង​តាម​ជន​ជាប់​ចោទ​ថៃ ២ នាក់ ប្តី​-​ប្រពន្ធ បាន​សារភាព​ថា ខណៈ​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ពួកគេ​បាន​ជួប​មេដឹកនាំ​ក្រុម​អាវ​ក្រហម សំខាន់​ពីរ​នាក់ គឺ​ស្ត្រី​ឈ្មោះ ផាក់ មន្នីចក្រ និង​លោក ផា​យ៉ាប់ ប៉ាន់កេត។

កាសែត ក៏​បាន​ស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ ​អាប់ភីស៊ីត បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​បាងកក របស់​លោក​នឹង​ធ្វើ​លិខិត​សុំ​កិច្ចសហការ ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​តាម​ចាប់ មេដឹកនាំ​ក្រុម​អាវ​ក្រហម ដែល​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។ មេដឹកនាំ​ក្រុម​អាវ​ក្រហម​នោះ ត្រូវបាន​ចោទ​ប្រកាន់ ពី​បទ​បង្ក​អំពើ​ភេរវកម្ម បំផ្ទុះ​គ្រាប់បែក នៅ​ទីក្រុង​បាងកក។

យ៉ាងណាក៏ដោយ លោក កុយ គួង បាន​គូស​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជន​ណា​ក៏​ដោយ ដែល​ជា​ភេរវករ ទោះបី​ជា​ក្រុម​អាវ​ក្រហម ឬ​អាវ​លឿង​ថៃ គឺ​កម្ពុជា​មិន​អនុគ្រោះ​ឲ្យ​ជ្រកកោន​ក្នុង​ទឹកដី​របស់​ខ្លួន​ដាច់ខាត។ ប្រសិនបើ​ក្រុម​ភេរវករ​នោះ មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា គឺ​កម្ពុជា នឹង​ចាប់បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ដូច​ករណី​ប្តី​ប្រពន្ធ​ថៃ ជាប់​ចោទ ដែល​ត្រូវបាន​កម្ពុជា ​ចាប់​បញ្ជូន កាលពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម្ង៉ៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ