អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ចាប់​ភេរវជន​ថៃ​ពីរ​នាក់​បញ្ជូន​ទៅ​ស្រុក​វិញ

ភេរវជន​ថៃ​ពីរ​នាក់​ដែល​បាន​ឆ្លង​ដែន​ ចូល​ក្នុង​ទឹកដី​ខ្មែរ​ដើម្បី​គេច​ខ្លួន​បន្ទាប់​ពី​ភេរវកម្ម​​បោក​គ្រាប់​ បែក​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២២​មិថុនា​​ត្រូវ​បាន​អាជ្ញាធរ​ ខ្មែរ​ចាប់​ខ្លួន​​នៅល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ឯ​ខេត្ត​សៀមរាប។ ក្រសួង​ ការបរទេស​បាន​ចេញ​​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ដើម្បី​ជូន​ដំណឹង​អំពី​ ការ​ចាប់​ខ្លួន​ភេរវជនថៃ​ទាំង​​ពីរ​ដែល​គេ​គ្រោង​នឹង​ប្រគល់​ឲ្យ​អាជ្ញាធរ​ ថៃ​វិញ​នៅ​ថ្ងៃ​ចន្ទ័​ស្អែក​នេះ។​​ ទោះបី​ជា​គ្មាន​ការ​​ស្នើសុំ​ពី​ភាគី​ថៃ​ ក៏ដោយ​​ក៏​កម្ពុជា​បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រឆាំង​ នឹង​​ភេរវកម្ម​ជា​មួ​យ​ប្រទេស​ថៃ​ក្នុង​បរិបទ​ដែល​ចំណង​ការទូត​រវាង​ប្រទេស​ ទាំង​ពីរ​ស្ថិត​ក្នុង​​ភាព​រង្គោះ​រង្គើ។

ជនជាតិ​ថៃ​Boonplod Kobchai (កណ្តាល) and ស្ត្រី​Boonsom Varissareeya (ស្តាំ)​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ក្នុង​ខេត្ត​សៀមរាប
ជនជាតិ​ថៃ​Boonplod Kobchai (កណ្តាល) and ស្ត្រី​Boonsom Varissareeya (ស្តាំ)​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ក្នុង​ខេត្ត​សៀមរាប ©reuters
ផ្សាយពាណិជ្ជកម្ម

04:19

បទអន្តរាគមន៍​របស់ ប៉ែន បូណា ពី​ទីក្រុង​ភ្នំពេញ

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចេញ​ផ្សាយ​នៅព្រលប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ជូន​ដំណឹង​ជា​សាធារណៈ​ថា​​អាជ្ញាធរ​ខ្មែរ​ទើប​​តែ​បាន​ចាប់​ខ្លួន​ភេរវជន​ថៃ​ពីរ​នាក់​ដែល​បាន​ឆ្លង​ដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា។ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ភេរវជនទាំងពីរ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣​កក្កដា​ម្សិលមិញ​នៅ​ក្នុង​ខេត្ត​សៀមរាប។ បើ​យោង​តាម​​ក្រសួង​ការបរទេស​​ជនជាតិ​ថៃ​ទាំង​ពីរ​​ប្រុស​ម្នាក់​​និង​ស្រី​ម្នាក់​គឺជា​អ្នក​គប់​គ្រាប់​បែក​ក្នុង​​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២២​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ។​ អាជ្ញាធរ​ខ្មែរ​គ្រោង​នឹង​ប្រគល់​​ជន​សង្ស័យ​ទាំងពីរ​នេះ​ឲ្យ​ទៅ​រដ្ឋាភិបាល​ទីក្រុង​បាងកក​វិញ​នៅ​ថ្ងៃ​ចន្ទ័​ស្អែក​នេះ​​តាម​រយៈ​ស្ថានទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ។

ការ​ចាប់​ខ្លួន​ភេរវកជនជាតិ​ថៃ​ទាំង​ពីរ​នេះ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​សំណើពី​​ភាគី​ថៃ​ទេ​ប៉ុន្តែ​​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​​អនុវត្តន៍​នយោបាយ​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​និច្ចកាល​តែង​តែ​​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​ដើម្បី​ប្រឆាំង​នឹង​​អំពើ​ភេរវកម្ម។ ​គួរ​កត់​សម្គាល់​ដែរ​ថា​​ការ​ចាប់​ខ្លួន​ភេរវករ​ថៃ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​​បាងកក​វិញ​នៅ​ពេល​នេះ​ក៏​បាន​ធ្វើ​ឡើង​ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​តែង​សង្ស័យ​ថា​​កម្ពុជា​ទំនង​ជា​បាន​លាក់​បំពួន​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​បាងកក​នៅ​លើ​ទឹកដី​​របស់​ខ្លួន។ ប៉ុន្តែ​ម្តង​ហើយ​ម្តង​ទៀតរដ្ឋាភិបាល​កម្ពុជា​តែង​បាន​បដិសេធ។

ម្យ៉ាង​ទៀត​​កាយវិការ​របស់​រដ្ឋាភិបាល​ភ្នំពេញ​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើងខណៈ​​ដែល​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​ថៃ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​។ចំណង​ការទូត​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​បាន​ចាប់​ផ្តើម​រង្គោះ​រង្គើ​នៅ​ពេល​ដែល​​ថៃ​បាន​បញ្ជូន​ទាហាន​របស់​ខ្លួន​ចូល​ទន្ទ្រាន​ទឹកដី​ខ្មែរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារកាល​​ពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០០៨។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់​ឡើងៗ​​រហូត​ភាគី​ថៃ​បាន​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ចេញ​ពី​កម្ពុជា​កាល​ពី​ចុងឆ្នាំ​២០០៩បន្ទាប់ពីកម្ពុជា​បាន​តែងតាំង​​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​​ថាក់ស៊ីន​​ស៊ីណាវ៉ាត្រា​​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​​នោះ​មក។

រហូត​មក​ទល់​នឹង​ពេល​នេះ​​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំងពីរ​នៅ​តែ​ជាប់គាំង​មិន​​អាច​ដោះស្រាយ​បាន។​​ទាហាន​ថៃ​នៅ​តែ​បន្ត​ប្រមាថ​ជីវិត​ពលរដ្ឋ​ខ្មែរ​ឥត​ឈប់ឈរ​តាម​​រយៈ​ការ​បាញ់​សម្លាប់​ដោយ​គ្រាន់​តែ​ចោទ​ថា​​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​ឆ្លងដែន​​ដោយ​ខុស​ច្បាប់។​​យ៉ាងណា​ក៏ដោយ​​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ភាព​ជាគំរូ​ក្នុង​ការ​​គោរព​សិទ្ធិមនុស្ស​ដល់​ប្រទេស​ថៃ​តាម​រយៈ​ការ​ចាប់​បញ្ជូន​ភេរវក​ពីរ​រូប​ទៅ​ឲ្យ​ទីក្រុង​​បាងកក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ