អានតួអត្ថបទ
កម្ពុជា

ជប៉ុន​ផ្តល់​ថវិកា ២,២៦ លាន​ដុល្លារ​ដល់​ភាគី​កម្ពុជា​ក្នុង​តុលាការ​ខ្មែរក្រហម

នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​ប្រទេស​ជប៉ុន បានប្រគល់​ថវិកា​ចំនួន ២,២៦ លាន​ដុល្លារ​អាមេរិក ដល់​ភាគី​កម្ពុជា នៅក្នុង​តុលាការ​កាត់ទោស​មេ​ខ្មែរក្រហម​។ ថវិកា​ជំនួយ​របស់​ជប៉ុន ២,២៦ លាន​ដុល្លារ​នេះ សម្រាប់​បើក​ប្រាក់ខែ​បុគ្គលិក ខាង​ភាគី​កម្ពុជា ចំនួន ២៩៤ នាក់ ចាប់ពី​ខែ​មេសា រហូតដល់​ខែ​តុលា។

លោក Masafumi Kuroki ឯកអគ្គរាជទូត​ជប៉ុន និង​លោក ក្រាញ់ តូនី ក្នុង​ពិធី​ប្រគល់ និង​ទទួល​ជំនួយ​ជប៉ុន ចំនួន ២,២៦ លាន​ដុល្លារ​អាមេរិក​សម្រាប់​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ខ្មែរ
លោក Masafumi Kuroki ឯកអគ្គរាជទូត​ជប៉ុន និង​លោក ក្រាញ់ តូនី ក្នុង​ពិធី​ប្រគល់ និង​ទទួល​ជំនួយ​ជប៉ុន ចំនួន ២,២៦ លាន​ដុល្លារ​អាមេរិក​សម្រាប់​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ខ្មែរ ©លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

06:07

បទ​អន្តរាគមន៍របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ថវិកា​ជំនួយ​ជប៉ុន ២,២៦ លាន​ដុល្លារ នាពេលនេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​ជាតិ។ តុលាការ​ខ្មែរក្រហម ត្រូវ​ចំណាយ​ប្រមាណ ៤៨៥,០០០ ដុល្លារ​អាមេរិក លើ​ប្រាក់ខែ​បុគ្គលិក​កម្ពុជា ២៩៤ នាក់។ ក៏​ប៉ុន្តែ នៅក្នុង​ខែ​មេសា​កន្លង​មកនេះ ប្រាក់ខែ​របស់​បុគ្គលិក​កម្ពុជា បើក​បាន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ព្រោះ​ភាគី​កម្ពុជា អស់​លុយ។ ចំណែក​នៅ​ខែ​ឧសភា និង​ខែមិថុនា កន្លងមកនេះ បុគ្គលិក​កម្ពុជា មិន​បាន​បើក​ប្រាក់ខែ​ទេ។

ក្នុង​កិច្ចប្រជុំ នៅ​ទីស្នាក់ការ​ធំ​អង្គការ​សហប្រជាជាតិ នា​បូរី​ញូយ៉ក កាលពី​ខែ​ឧសភា​កន្លង​មក ប្រទេស​ម្ចាស់​ជំនួយ បានប្រកាស​សន្យា​បរិច្ចាក​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម សរុប​ចំនួន ១៦,៩ លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ភាគី​កម្ពុជា ទទួលបាន​ប្រាក់​ចំនួន ៣,៤ លាន​ដុល្លារ ដែល​ជា​ការបរិច្ចាគរ​បស់​ប្រទេស​ជប៉ុន​, អាល្លឺម៉ង់​, អូស្ត្រាលី និង​សហភាព​អឺរ៉ុប​។ ចំណែក​ភាគី​អង្គការ​សហប្រជាជាតិ ទទួល​បាន​ប្រាក់ ១៣,៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១០​នេះ។

ក្នុង​ពិធី​ប្រគល់ និង​ទទួល​ថវិកា​ជំនួយ​ជប៉ុន នៅ​ព្រឹកមិញ លោក មា​សាហ្វូ​មី គូ​រុគី ( Masafumi Kuroki ) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ការផ្តល់​ជំនួយ​ថវិកា ដល់ សាលាក្តី​ខ្មែរក្រហម​នេះ រដ្ឋាភិបាល​ជប៉ុន បាន​ភ្ជាប់​មក​ជាមួយ​នូវ​ចំណុច​សំខាន់ៗ បី គឺ

ទី​១-ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហម គឺជា​ដំណាក់កាល​បំពេញ​នូវ​ដំណើរការ​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា នៅ​ក្នុង​កិច្ច​ការពារ ដើម្បី​កុំ​ឲ្យ​អំពើ​សម្លាប់​មនុស្ស ដ៏​សាហាវ​ឃោរឃៅ ក្នុង​របប​ខ្មែរក្រហម កើត​ឡើង​ជា​ថ្មី។ ទី​២-​តុលាការ​កាត់ទោស​មេ​ខ្មែរក្រហម នឹង​ជួយ​ផ្តល់​នូវ​យុត្តិធម៌​ដល់​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម និង​ចូលរួម​ចំណែក​នូវ​ការផ្សះផ្សារ​ជាតិ​។ ទី​៣-​តុលាការ​នេះ នឹង​ចូលរួម​ចំណែក​នូវ​ការពង្រឹង​នីតិរដ្ឋ ( ការគោរព​ច្បាប់ ) នៅក្នុង​ប្រទេស​កម្ពុជា។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើង​ថា ការផ្តល់​ជំនួយ​ពី ប្រទេស​ជប៉ុន និង​ការសន្យា​ផ្តល់​ជំនួយ​ពី​ប្រទេស​អូស្ត្រាលី​, អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប ដល់ ភាគី​កម្ពុជា សរុប​ចំនួន ៣,៤ លាន​ដុល្លារ​អាមេរិក គឺ​អាច​ឲ្យ​ភាគី​កម្ពុជា បើក​ប្រាក់ខែ​ដល់ បុគ្គលិក បានត្រឹមតែ​ខែតុលា ឆ្នាំ​២០១០ ប៉ុណ្ណោះ។ ដូច្នេះហើយ បានជា​លោក ឌឹម សុវណ្ណារុំ បាន​អះពាវនាវ​ឲ្យ​ប្រទេស​អ្នកផ្តល់​ជំនួយ បន្ត​ការបរិច្ចាគ​ថវិកា​បន្ថែម​ទៀត​ដល់​សាលាក្តី ដើម្បី កុំ​ឲ្យ​ដំណើរការ​ស្វែងរ​ក​យុត្តិធម៌ ក្នុង​របប​ខ្មែរក្រហម ជួបប្រទះ​នឹង​វិបត្តិ​ថវិកា​ជាថ្មី​ម្តងទៀត។

ដោយ​ចាប់ផ្តើម​ការងារ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០៦ មក​ដល់​ពេលនេះ តុលាការ​ចម្រុះ ដែល​មាន​បុគ្គលិក មេធាវី ព្រះរាជអាជ្ញា និង​ចៅក្រម ជាតិ និង​អន្តរជាតិ បាន​ចំណាយ​ថវិកា សរុប​ជាង ១០០ លាន​ដុល្លារ​អាមេរិក។

សូមបញ្ជាក់​ថា ប្រទេស​ជប៉ុន ជា​ប្រទេស​អ្នក​ថវិកា​ច្រើនជាងគេ​ដល់​សាលាក្តី​ខ្មែរ ដែល​មក​ដល់​ពេលនេះ មាន​ចំនួន ៥០,៣៨ លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ៤៨ % នៃ​ថវិកា​ចំណាយ​ទាំង​មូល។ ក្នុង​នោះ ៤៣​លាន​ដុល្លារ​អាមេរិក ត្រូវ​ផ្តល់​ឲ្យ​ភាគី​អន្តរជាតិ និង ៧,៣៧ លាន​ដុល្លារ ត្រូវបាន​ផ្តល់​ឲ្យ​ភាគី​កម្ពុជា ក្នុង​តុលាការ​ចម្រុះ កាត់ទោស​មេ​ខ្មែរក្រហម។
ព្រឹត្តិការណ៍​សំខាន់​របស់​តុលាការ​ខ្មែរក្រហម គឺ​ការបញ្ចប់​ដោយ​ជោគជ័យ នូវ​ដំណើរការ​ជំនុំជម្រះ លើ​សំណុំរឿង ០០១ ប្រឆាំងនឹង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច កាលពី​ឆ្នាំ​២០០៩ កន្លងមក។

ដំណើរការ​កាត់ទោស​អតីត​មេ​គុក​ទួលស្លែង លោក កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​លោក ក្រាញ់ តូ​នី ប្រធានស្តីទី នៃ​ការិយាល័យ​រដ្ឋបាល របស់​សាលាក្តី​ខ្មែរក្រហម លើកឡើង ក្នុង​ពិធី​ទទួល​ថវិកា​ជំនួយ​នៅ​ព្រឹក​មិញ ផងដែរ។
សេចក្តី​សម្រេច​លើ​រឿង​០០១ របស់ ឌុ​ច នឹង​ត្រូវ​ប្រកាស នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កក្កដា​ខាង​មុខ។ ព្រឹត្តិការណ៍​សំខាន់​មួយទៀត គឺ សំណុំរឿង ០០២ ដែល​ប្រឆាំង​នឹង នួន ជា, ខៀវ សំផន អៀង សារី និង​អៀង ធីរិទ្ធ ត្រូវ​បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត​កាលពី​ខែ​មករា ដើមឆ្នាំ​នេះ។ សំណុំរឿង ០០២ នឹង​ត្រូវ​ចៅក្រម ចេញ​ដីកា​ដំណោះស្រាយ ឬ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ នៅក្នុង​ខែ​កញ្ញា​ខាងមុខ។ ចំណែក​ការជំនុំជម្រះ​ក្តី​លើ​សំណុំរឿង ០០២ ត្រូវបាន​គេ​ប្រកាស​ថា នឹង​អាច​ធ្វើ នៅ​ដើមឆ្នាំ​២០១១។ នៅពេលនេះ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ក៏​កំពុងតែ​សិក្សា​លើ​សំណុំរឿង ០០៣ និង ០០៤ ដើម្បី​ឈានដល់​ការចោទប្រកាន់​មេ​ខ្មែរក្រហម​បន្ថែម លើសពី​៥ នាក់​ទៀត​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ