អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​ខ្មែរ​នឹង​ទទួល​ប្រាក់​ខែ​តែ​៥០%​សម្រាប់​ខែ​មេសា

ការិយាល័យ​រដ្ឋបាល​នៃ​អង្គ​ជំនុំជម្រះ ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ ហៅ​កាត់​ថា​​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ ម្សិលមិញ​ដល់​បុគ្គលិក​ខ្មែរ​​ទាំងអស់​ថា​​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ខែ​តែ ​៥០%​ប៉ុណ្ណោះ​សម្រាប់​ខែ​មេសា​នេះ​​ដោយ​សារ​តែ​បញ្ហា​ កង្វះ​ថវិកា។​ ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ ខ្មែរក្រហម​ក៏​បាន​​អំពាវនាវ​ឲ្យ​ បណ្តា​ប្រទេស​ផ្តល់​ជំនួយ​បន្ត​គាំទ្រ​ដល់​សាលាក្តី​និង​ត្រូវ​ពន្លឿន​នីតិវិធី​ក្នុង​ការ​បញ្ជូន​សាច់ ​ប្រាក់​មក​ឲ្យ​សាលាក្តី​នេះ​ដើម្បី​ចៀសវាង​ការ​យឺតយ៉ាវ។ 

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:19

សំឡេង​របស់ ប៉ែន បូណា

ដំណឹង​មិនសូវ​ល្អ​សម្រាប់​បុគ្គលិក​ជនជាតិ​ខ្មែរ​នៅ​សាលាក្តី​ខ្មែរក្រហម​បាន​មក​​ដល់​ទៀត​ហើយ។​ពួកគេ​នឹង​ទទួល​បាន​ប្រាក់ខែ​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​សម្រាប់​ខែ​មេសា​នេះ។​សេចក្តី​ជូនដំណឹង​នេះ​ត្រូវ​បាន​ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ប្រកាស​​ប្រាប់​បុគ្គលិក​ជនជាតិ​ខ្មែរ​ទាំងអស់​កាល​ពី​ថ្ងៃ​សុក្រ​​ម្សិលមិញ។

 
         លោក ​ឌឹម​​ សុវណ្ណារុំ ​​មន្ត្រី​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ពន្យល់​នៅ​ថ្ងៃ​នេះ​​ថា​​កង្វះ​ថវិកា​គឺ​បណ្តាល​មក​ពី​ការិយាធិបតេយ្យ​នៃ​នីតិវិធី​បញ្ជូន​ប្រាក់​របស់​បណ្តា​​ប្រទេស​ផ្តល់​ជំនួយ។​​បើ​យោងតាម​អ្នក​នាំពាក្យ​រូបនេះ​​បើ​ទោះបី​ជា​ខ្វះ​ថវិកា​ក៏ដោយ​​ក៏​ការិយាល័យ​រដ្ឋាបាល​នៃ​សាលាក្តី​បាន​អំពាវនាវ​ឲ្យ​បុគ្គលិក​ខ្មែរ​ទាំងអស់​បំពេញ​​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​​និង​ក្នុង​មនសិការ​វិជ្ជាជីវៈ​ដដែល​ដោយ​គ្មាន​​ការ​ប្រែប្រួល។

         កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០១០​នេះ​​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​​និង​ប្រទេស​ជាមិត្ត​ដែល​​មាន​សមានចិត្ត​ជាមួយ​តុលាការ​ខ្មែរក្រហម​បាន​សម្រេច​ផ្តល់​កញ្ចប់​ថវិកា​សរុប​​ប្រមាណ​ជា​៨៧​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណើរការ​ឆ្នាំ​២០១០​​និង​២០១១។​​ ទឹកប្រាក់​នេះ​រួម​បញ្ចូល​ទាំង​ភាគី​ជាតិ​​និង​អន្តរជាតិ។​​ប៉ុន្តែ​​នេះ​គ្រាន់​តែ​ជាការ​សន្យា​​ប៉ុណ្ណោះ​​រីឯ​សាច់ប្រាក់​ពិតប្រាកដ​នៅ​មិនទាន់​មក​ដល់​នៅ​ឡើយ​ទេ។​​លោក​ឌឹម​​សុវណ្ណារុំ​​បាន​បញ្ជាក់​ថា​​ភាគី​អន្តរជាតិ​មាន​ថវិកា​សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​​របស់​ខ្លួន​រហូត​ដល់​ខែ​កក្កដា​​ខណៈ​ដែល​គាគី​ខ្មែរ​បាន​អស់​ថវិកា​ទៅហើយ​ក្នុង​ខែ​​មេសា​នេះ។

         សូម​បញ្ជាក់ថា ​​បុគ្គលិក​ជនជាតិ​ខ្មែរ​ទាំងអស់ ​ដែល​បម្រើការ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​មាន​ចំនួន​សរុប​២៩៤​នាក់។​​ ជា​រៀងរាល់​ខែ​​សាលាក្តី​ត្រូវ​ចំណាយ​ថវិកា​​ប្រមាណ​ជា​​៤៨៥​០០០​ដុល្លារ​សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ។​​ថវិកា​នេះ​តែងតែ​ខ្វះខាត​​ជា​ញឹកញាប់​ដែល​ធ្វើឲ្យ​ប្រាក់​ខែ​របស់​បុគ្គលិក​ជនជាតិ​ខ្មែរ​ជួប​ប្រទះ​នឹង​ការ​យឺតយ៉ាវ។​​ យ៉ាងណា​ក៏ដោយ​​បើ​យោង​តាម​លោក​ ឌឹម ​​សុវណ្ណារុំ​​ សាលាក្តី​គ្រោង​នឹង​រើស​បុគ្គលិក​ថ្មី​​ជាង​៤០​នាក់​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្តែង។​

         ទោះបី​ជា​ទទួល​បាន​ប្រាក់ខែ​តែ​៥០%​​ក្នុង​ខែមេសា​នេះ​ក្តី​ក៏​បុគ្គលិក​សាលាក្តី​​ខ្មែរក្រហម​មួយ​ចំនួន​បាន​អះអាង​ថា​​ពួកគេ​មិន​អស់​សង្ឃឹម​ឡើយ។​យ៉ាង​ហោចណាស់​​ពួកគេ​អាច​បន្ត​ទទួល​ប្រាក់ខែ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១១​ដោយ​គ្មាន​ការ​បារម្ភ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ