អានតួអត្ថបទ
កម្ពុជា

សែ​រាជវង្ស​ថៃ​មួយ​អង្គ​ស្នើ​រដ្ឋសភា​ថៃ​កុំ​ពិភាក្សា​រឿង​ព្រំដែន​ខ្មែរ​ថៃ

សារព័ត៌មាន​ASTV manager online​របស់ ​ថៃ​បាន​ផ្សាយ​អោយ​ដឹង នៅ​ថ្ងៃ​ទី​៧​ឧសភា​នេះ​ថា អ្នកអង្គម្ចាស់​វ៉ាន់វីផា ចារូនរ៉ូត​បាន​ធ្វើ​លិខិត​មួយ​ផ្ញើ​ទៅ​រដ្ឋសភា ដើម្បី​ស្នើ​សុំ​អោយ​រដ្ឋសភា​កុំ​ពិភាក្សា​អំពី​ប្រធានបទ​ព្រំដែន​ខ្មែរ​ថៃ។ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​រិះគន់​អ្នកអង្គម្ចាស់​ថៃ​អង្គ​នេះ​ ថា កំពុង​ដើរ​ផ្ទុយ​ពី​និន្នាការ​នៃ​ប្រទេស​ទាំងពីរ​ដែល ​ចង់​បញ្ចប់​ជម្លោះ​ព្រំដែន​អោយ​បាន​ឆាប់​នោះ។

ប្រាសាទ​ព្រះវិហារ​ដែល​ថៃ​ទាមទារ​ចង់​បាន​មក​គ្រប់គ្រង
ប្រាសាទ​ព្រះវិហារ​ដែល​ថៃ​ទាមទារ​ចង់​បាន​មក​គ្រប់គ្រង ©Reuters
ផ្សាយពាណិជ្ជកម្ម

02:43

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពីទីក្រុង​ភ្នំពេញ

សែ​រាជវង្ស​ថៃ​មួយ​អង្គ​ដែល​គេ​ស្គាល់​ថា ជា​អ្នកអង្គម្ចាស់​វ៉ាន់វីផា ចារូនរ៉ូត បាន​សរសេរ​លិខិត​មួយ​ស្នើ​អោយ​រដ្ឋសភា​ថៃ លើកលែង​ការពិភាក្សា​ដេញដោល​អំពី​សំណុំរឿង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ថៃ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញអង្គ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សាយ​នៅ​ក្នុង​បណ្តាញ​សារព័ត៌មាន​ASTV manager online​របស់​ថៃ នៅ​ថ្ងៃ​ទី​៧​ឧសភា​នេះ។

អ្នកអង្គម្ចាស់​ថៃ​អង្គ​នេះ​បាន​លើក​មូលហេតុ​យក​មក​ពន្យល់​ថា សំណុំ​រឿង​ព្រំដែន​កម្ពុជា​ថៃ​នេះ ថ្វី​ត្បិត​តែ​វា​បាន​ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​វា​ជា​សំណុំ​រឿង​ដែល​ថៃ​ចាញ់​ប្រៀប​កម្ពុជា ហើយ​ទីបំផុត​ទៅ លទ្ធផលនឹង​បង្ហាញ​ពី​ការជាន់ដាន​ប្រវត្តិសាស្ត្រ​នៃ​ការបែងចែក​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ ប្រាសាទ​ព្រះវិហារ​ដែល​ក្នុង​ក្តីក្តាំ​ជាមួយ​ប្រទេស​ថៃ តុលាការ​ក្រុង​ឡាអេ​បាន​កាត់​សេចក្តី​សម្រេច​យក​ពី​ថៃ​ប្រគល់​មក​អោយ​កម្ពុជា​វិញ នៅ​ក្នុង​ឆ្នាំ​១៩៦២។

ទាក់ទង​នឹង​សេចក្តី​ស្នើ​របស់​អ្នក​អង្គម្ចាស់​វ៉ាន់វីផា ចារូនរ៉ូត​នេះ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អត្ថាធិប្បាយ​ចាត់ទុក​អ្នកអង្គម្ចាស់​អង្គ​នេះ​ថា ជា​ក្រុម​ជ្រុល​និយម​ថៃ​ដែល​កំពុង​រារាំង​ដំណើរការ​នៃ​ការចរចា​ដោះស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។ លោកទិត សុធា​បាន​បន្ត​ថា ទង្វើ​របស់​សែ​រាជវង្ស​ថៃ​អង្គ​នេះ​កំពុង​ដើរ​ផ្ទុយ​និន្នាការ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ថៃ និង​និន្នាការ​របស់​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​ដែល​ចង់​ឃើញ​ការបញ្ចប់​ជម្លោះ​អោយ​បាន​ឆាប់ និង​ពង្រីក​មិត្តភាព និង​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ទៅវិញ​នោះ។

លោកកុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​អត្ថាធិប្បាយ​ថា ការ​ដែល​អ្នក​អង្គម្ចាស់ វ៉ាន់វីផា ចារូនរ៉ូត​និយាយ​ថា ថៃ​ចាញ់​ប្រៀប​កម្ពុជា​នោះ គឺ​វា​ជាក់ស្តែង​ណាស់​ទៅ​ហើយ ពីព្រោះ​កម្ពុជា​មាន​សំអាង​ជា​ឯកសារ និង​ផែនទី​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។

សូម​រម្លឹក​ថា ចាប់​តាំង​ពី​កងទ័ព​ថៃ​ចូល​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា​តាម​បណ្តោយ​ព្រំដែន ការចរចា និង​ការដោះស្រាយ​អំពី​ជម្លោះ​បន្ទាត់​ព្រំដែន​បាន​ចាប់ផ្តើម​ភ្លាម តាំងពី​ចុង​ឆ្នាំ​២០០៨​មក ទៅ​តាម​យន្តការ​ដែល​បាន​បង្កើត​ឡើង។ យន្តការ​ទាំងនោះ​រួមមាន ក្រុម​គណៈកម្មការ​ចំរុះ​ព្រំដែន​កម្ពុជា​ថៃ ក្រុម​ការងារ​ចម្រុះ​ព្រំដែន​របស់​ក្រសួង​ការពារ​ជាតិ និង​ការជួបគ្នា​រវាង​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស។

កន្លងមក ការជួប​ពិភាក្សា​គ្នា​មាន​ជាច្រើន​លើក ច្រើន​សារ ទាំង​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​កម្ពុជា។ រាល់​កិច្ច​ប្រជុំ ភាគី​ទាំងពីរ​តែង​មាន​កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ​ដែល​កត់ត្រា​អំពី​ការព្រមព្រៀង​គ្នា​មួយ​ចំនួន ហើយ​ដែល​ភាគី​ថៃ​ត្រូវ​សុំ​ការអនុម័ត​ពី​រដ្ឋសភា​លើ​លទ្ធផល​នៃ​កិច្ចការ​ពិភាក្សា​គ្នា​នេះ។ ក៏​ប៉ុន្តែ តាំង​ពី​ការចរចា​លើក​ដំបូង គឺ​មិនទាន់​មាន​ឯកសារ​នៃ​ការចរចា​គ្នា​ណា​មួយ​ត្រូវ​បាន​រដ្ឋសភា​ថៃ​យក​ទៅ​ពិភាក្សា​នៅ​ឡើយ ដែល​ជា​ការធ្វើអោយរាំងស្ទះដល់ដំណើរការ​ចរចា​ព្រំដែន​ដល់សព្វថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ