អានតួអត្ថបទ
កម្ពុជា-ថៃ

សង្គម​ស៊ីវិល​ខ្មែរ ​ថៃ​បន់ស្រន់​សុំ​សន្តិភាព

នៅ​ពេល​ដែល​ជំលោះ​កម្ពុជា​ថៃ ពិសេស​ការប្រឈមគ្នា​រវាង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ​នៅ​ឡើយ​នោះ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​នៅ​ប្រទេស​ថៃ​ បាន​ជួបជុំ​ពិភាក្សា កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ នៅ​ខេត្ត​សៀមរាប ដើម្បី​អំពាវនាវ អោយ​រដ្ឋាភិបាល និង​កងទ័ព​ប្រទេស​ទាំងពីរ​រក្សា​អោយ​បាន​សន្តីវិធី​ក្នុង​ ការដោះស្រាយ​ជម្លោះ។

ផ្សាយពាណិជ្ជកម្ម

 

04:34

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ចាប់តាំង​ពី​មាន​ការ​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បន្ទាប់​មក កើត​មាន​ការឈ្លោះ​តវ៉ា​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​នោះ ខាង​សង្គមស៊ីវិល​នៃ​ប្រទេស​ទាំងពីរ​ក៏​បាន​ចាប់​ផ្តើម​ជួបគ្នា​ដែរ ដើម្បី​ពិចារណា​ជួយ​រដ្ឋាភិបាល​រក​ដំណោះស្រាយ ក៏​ដូចជា​ជំរុញ​​អោយ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ នៅ​ឯ​ខេត្ត​សៀមរាប តំណាង​សង្គម​ស៊ីវិល​កម្ពុជា និង​ថៃ​បាន​ជួបគ្នា​ម្តងទៀត ជាលើក​ទី​៣ ដើម្បី​រំលឹក​ប្រធានបទ​ដដែល​ឡើងវិញ នោះ​គឺ​ជំរុញ​​អោយ​រដ្ឋាភិបាល​ទាំងពីរ​ទប់ស្កាត់​មិន​អោយ​មាន​ការផ្ទុះអាវុធ​ដាក់គ្នា​នៅក្នុង​ការ​ដោះស្រាយ​ជម្លោះ​បន្ទាត់​ព្រំដែន ដោយ​តម្កល់​ប្រយោជន៍​ពលរដ្ឋ​ទាំងពីរ​ជាធំ បង្កើន​ការអប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ​មិន​អោយ​បង្កើត​មនោសញ្ចេតនា​ស្អប់ខ្ពើម និង​ចង​កំហឹង​នឹង​គ្នា។

មាន​មនុស្ស​រហូត​ជាង​៦០នាក់​ដែល​ជា​តំណាង​អោយ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ថៃ ទាំង​ខ្មែរ ក្នុងនោះ​ក៏​មាន​ទាំង​ព្រះសង្ឃ និង​ដូនជី​ផង ដែល​បាន​អង្គុយ​ពិភាក្សា​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប ក្រោម​ប្រធានបទ "ផ្លូវ​ឆ្ពោះ​ទៅ​រក​សន្តិភាព​រវាង​កម្ពុជា​និងថៃ"។

បើ​យោង​តាម​ការរៀបរាប់​របស់​លោក​មឿន តុលា ដែល​ជា​តំណាង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍ ហើយ​ដែល​មាន​វត្តមាន​កិច្ច​ប្រជុំ​នោះ​ដែរ ក្រោយ​ពី​បាន​ពិភាក្សា​គ្នា ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍​មក តំណាង​អង្គការ​ទាំងអស់ ទាំង​ខ្មែរ​ទាំង​ថៃ ទាំង​ដូនជី និង​ព្រះសង្ឃ​បាន​ដង្ហែរ​ជា​ក្បួន​មួយ​ពី​វត្តបូរ ទៅ​ទី​សក្ការៈបូជា ព្រះអង្គចេក ព្រះអង្គចម ដើម្បី​បន់ស្រន់​សុំ​អោយ​មាន​សន្តិភាព​សម្រាប់​ប្រទេស​ទាំង​២។ នេះ​និយាយ​តាម​ផ្លូវ​សាសនា។

ប៉ុន្តែ​ការជួបជុំ​ពិភាក្សា​គ្នា​ជាក់ស្តែង រយៈ​ពេល​២​ថ្ងៃ​នោះ គឺ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥​មេសា បាន​ឈាន​ដល់​ការចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​មាន​អនុសាសន៍​រហូត​ដល់​៧​ចំនុច​ឯណោះ ដូចជា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងពីរ​ក្រុមលើក​ទឹកចិត្ត​អោយ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ដាក់​អាទិភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ពីព្រោះ​ថា ពួកគេ​ព្រួយបារម្ភ​ពី​ផលវិបាក​ដែល​កើត​ចេញ​ពី​ភាពតានតឹង​រវាង​កងទ័ព​ទាំងពីរ​ទៅដល់​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ទាំងពីរ​ដែល​រស់នៅ​តាម​ព្រំដែន។ ក្រុម​NGOs​ទាំងពីរ​ប្រទេស​ក៏​បាន​អំពាវនាវ​អោយ​អ្នកសារព័ត៌មាន​កម្ពុជា និង​ថៃ​ប្រើ​តួនាទី​របស់​ខ្លួន​ចូលរួម​ជម្រុញ​អោយ​មានសន្តិភាព តាមរយៈ​ការសរសេរ​អត្ថបទ​ស្តី​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ។

ទំនាក់ទំនង​ការទូត គឺ​វា​បាន​ធ្លាក់​មក នៅត្រឹម​កម្រិត​ភារធារី​ដដែល​ចាប់​តាំង​ពី​ប្រទេស​ថៃ​ប្រកាស​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ទៅ​បាងកក​វិញ។ បន្ទាប់​មក​កម្ពុជា​បាន​ធ្វើ​តាម។ ចុងក្រោយ​នេះ មាន​ការផ្សព្វផ្សាយ​ពី​បំណង​របស់​ក្រុង​បាងកក​ថា ចង់​បញ្ជូន​ឯកអគ្គរាជ​ទូត​របស់​ខ្លួន​មក​ភ្នំពេញ​វិញ ប៉ុន្តែ​ឥឡូវ​ក៏​ស្ងាត់បាត់​ឈឹង​ទៅ​វិញ។

ស្តី​ពី​ទំនាក់ទំនង​ខាងផ្នែក​យោធា​វិញ ជាទូទៅ​វា​មិនមាន​ភាពតានតឹង​គួរ​អោយ​ព្រួយ​បារម្ភ​ពេក​ទេ។ ប៉ុន្តែ​យូរៗម្តង​វាដូច​ជា​មិនអាច​ចៀសផុត​ពី​ការផ្ទុះអាវុធ​ដាក់គ្នា​ឡើយ។ ដូចជា​លើក​ចុង​ក្រោយ​ថ្មីៗនេះ កាល​ពី​ថ្ងៃ​ទី​១៦​មេសា ការប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​មួយ​ប្រាវ​ទៀត។ ក្រៅ​ពី​នេះ ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម ឬ​ការផ្លាស់ប្តូរ​ទំនិញ​គ្នា​រវាង​ពលរដ្ឋ​ទាំងពីរ​នៅ​តាម​ព្រំដែន​មិន​បាន​ជួប​ប្រទះ​នឹង​បញ្ហា​អ្វីធ្ងន់ធ្ងរ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ