អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជាង​២០ឆ្នាំ​​នៃ​​បេសកកម្ម​​សិទ្ធិ​មនុស្ស​​រប​​ស់​UN​ប្រចាំ​​កម្ពុជា​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ​អ្នករាយការណ៍​​ពិសេស​​ស្តី​ពី​​សិទ្ធិ​មនុស្ស​​របស់​​អង្គការ​សហ​ប្រជាជាតិ​​ប្រចាំ​​កម្ពុជា​​កំពុង​​បំពេញ​បេសកកម្ម​​នៅ​​កម្ពុជា​​មុន​នឹង​​បញ្ចប់​​អាណត្តិ​​របស់​ខ្លួន​។ ​រយៈពេល​​ជាង​២០​ឆ្នាំ​​មក​ហើយ​​ដែល​​តំណាង​​ពិសេស​​ឬ​​អ្នករាយការណ៍​​ពិសេស​​ខាង​​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​​បាន​​ផ្លាស់ប្តូរ​​វេន​​គ្នា​​បំពេញ​បេសកកម្ម​​នៅ​​កម្ពុជា​។ ​ក្នុង​អំឡុង​​ពេលនោះ​ ការ​មិន​ចុះ​សម្រុង​​រវាង​​ភាគី​​ទាំងពីរ​​ក៏​​តែង​​កើត​មាន​​ជា​​ញឹកញាប់​​ដែរ​។ ​តើ​អ្នករាយការណ៍​​ពិសេស​​ខាង​​សិទ្ធិ​មនុស្ស​​ជា​​អ្នកណា​? ​ហេតុអ្វី​​ចាំបាច់​​មាន​​អ្នករាយការណ៍​​ពិសេស​ និង​​ការិយាល័យ​​របស់​​ឧ​ត្ត​ម​ស្នង​ការ​​សហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​?

លោកសុរិយា​ប្រាសាទ ​ស៊ូប៊ែឌី ​​អ្នករាយការណ៍​​ពិសេស​​អង្គការ​​សហប្រជាជាតិ​​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​
លោកសុរិយា​ប្រាសាទ ​ស៊ូប៊ែឌី ​​អ្នករាយការណ៍​​ពិសេស​​អង្គការ​​សហប្រជាជាតិ​​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

អ្នករាយការណ៍​ពិសេស​គឺជា«អ្នកជំនាញការ​ឯករាជ្យ» ដែល​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ដើម្បី​តាមដាន និង រាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នករាយការណ៍​ពិសេស​មិនមែនជា​សមាជិក​នៃ​បុគ្គលិក​អង្គការសហប្រជាជាតិ និង​មិន​ទទួល​ប្រាក់បៀវត្ស​ពី​អង្គការសហប្រជាជាតិ​ទេ ហើយក៏​មិន​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ឬ​ក្រុម​ណាមួយ​ដែរ ។

ភារកិច្ច​របស់​អ្នករាយការណ៍​ពិសេស​គឺ​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស រួចហើយ​រាយការណ៍​ជា​សាធារណៈ​អំពី​ស្ថានភាព​នោះ។  ជាទូទៅ អ្នករាយការណ៍​ពិសេស​ធ្វើការ​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​អ្នក​ផ្សេងទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នករាយការណ៍​ពិសេស​ធ្វើ​ទស្សនកិច្ច​ឬ​បំពេញបេសកកម្ម​ជា​ទៀងទាត់​មកកាន់​ប្រទេស​កម្ពុជា​និង​រាយការណ៍​ជាប្រចាំ​ឆ្នាំ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ដល់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ។

អ្នករាយការណ៍​ពិសេស​បំពេញការងារ​ដោយមាន​ជំនួយ​ខាង​បរិក្ខារ និង បច្ចេកទេស​ពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ(OHCHR )ប្រចាំ​កម្ពុជា។ អាណត្តិ​នៃ​អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​កើតចេញ​មកពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១។ (យោង​មាត្រា១៧ នៃ​ការព្រមព្រៀង​ស្តីពី​ការសម្រុះសម្រួល នយោបាយ​ដ៏​ទូលំទូលាយ​នៃ​ជម្លោះ​នៅ​កម្ពុជា និង មាត្រា ៣ នៃ​ការព្រមព្រៀង​ទាក់ទិន​នឹង​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព​ទឹកដី អព្យាក្រឹតភាព ការបង្រួបបង្រួម​ជាតិ និង ភាព​មិនអាច​រំលោភបំពាន​បាន​របស់​កម្ពុជា )។

ចាប់ពី​ឆ្នាំ ១៩៩៣ រហូតដល់​ឆ្នាំ២០០៨ ភារកិច្ច​នេះ​ត្រូវបាន​កាន់កាប់​ដោយ​អ្នកតំណាង​ពិសេស​នៃ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែល​ត្រូវបានតែងតាំង​ដោយ​លោក​អគ្គលេខាធិការ​ផ្ទាល់​តែម្តង ។ ប៉ុន្តែ ចាប់ពី​ឆ្នាំ២០០៨ មក អ្នកតំណាង​ពិសេស​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​អ្នករាយការណ៍​ពិសេស​វិញ ដោយ​យោងតាម​ការវិវឌ្ឍ​នៃ​ស្ថានការណ៍​ជាក់ស្តែង និង​បន្ទាប់ពី​មាន​កិច្ចចរចា​សម្របសម្រួល​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​ជាមួយ​អង្គការសហប្រជាជាតិ​ក្រោយ​កើតមាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន។

ចាប់តាំងពី​ឆ្នាំ ១៩៩៣ រហូតមកដល់​បច្ចុប្បន្ន មាន​តំណាង​ពិសេស​និង​អ្នក​រាយ​ការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​ចំនួន៥នាក់​ហើយ​គឺ​លោក Michael Kirby ជនជាតិ​អូស្ត្រាលី (១៩៩៣ - ១៩៩៦) ។ លោក  Thomas Hammarberg ជនជាតិ​ស៊ុយអែត( ១៩៩៦ - ២០០០) ។ លោក Peter Leuprecht ជនជាតិ​អូទ្រីស( ២០០០ - ២០០៥) ។ លោក Yash Ghai ជនជាតិ​កេ​ន​យ៉ា ( ២០០៥ - ២០០៨) និង​លោក Surya Subedi  ជនជាតិ​នេ​ប៉ាល់ ពី​ឆ្នាំ ២០០៩ រហូតដល់​បច្ចុប្បន្ន។

គួរ​កត់សម្គាល់ថា ការមិនចុះសម្រុង​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​ជាមួយ​អ្នករាយការណ៍​ពិសេស​នៅក្នុង​ការវាយតម្លៃ​ស្ថានការណ៍​សិទ្ធិមនុស្ស​គឺជា​បញ្ហា​ដ៏​ធំ​មួយ។ ដោយសារ​បញ្ហា​នេះហើយ​បានជាជារឿយៗរដ្ឋាភិបាល​ភ្នំពេញ​បានបង្ហាញ​ចេតនា​មិន​ចង់​ឲ្យ​មាន​បេស​សកម្ម​នេះ​តទៅទៀត​ទេ​ក្រោម​ហេតុផល​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​គួរតែមាន​ស្វ័យភាព​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ដោយ​ខ្លួនឯង។

ប៉ុន្តែ សម្រាប់​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​អ្នកតាមដាន​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​ទៀត វត្តមាន​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ក៏ដូចជា​វត្តមាន​របស់​អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិមនុស្ស​ដែរ ​ពិត​ជាមាន​សារសំខាន់​នៅក្នុង​បរិបទ​ដែល​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន​កំពុង​កើតឡើង​នៅឡើយ​នៅក្នុង​ប្រទេស​នេះ។

សរុប​មកវិញ វត្ត​មាននៃ​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រយៈពេល​ជាង២០ឆ្នាំ​មកនេះ​បានបញ្ជាក់​ពី​កាតព្វកិច្ច​របស់​សហគម​ន៍​អន្តរជាតិ​ក្នុងការ​តាមឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ ការមិនចុះសម្រុង​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​អ្នករាយការណ៍​ពិសេសអង្គការ​​សហប្រជាជាតិ និង​ការមិន​ផ្តល់​តម្លៃ​ដល់​បេសកកម្ម​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ភ្នំពេញ​បានធ្វើ​ឲ្យ​វត្តមាន​របស់​អ្នករាយការណ៍​ពិសេស​មិនសូវ​ជា​ផ្តល់​ប្រយោជន៍​ដល់​ការកែលម្អ​ស្ថានការណ៍​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុន្មាន​ឡើយ។

ដូច្នេះ ទីក្រុង​ភ្នំពេញ​និង​ញូវយ៉ក​គួរតែ​រិះរក​ភាពចុះ​សម្រុង​គ្នា​ឲ្យ​បានល្អ​ជាង​នេះ​ដើម្បី​ក្លាយជា​ដៃគូ​ពិតប្រាកដ​ក្នុងការ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សូម​កុំភ្លេចថា ការលើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នឹង​បានជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ក៏ដូចជា​លើកស្ទួយ​មុខមាត់​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ