អានតួអត្ថបទ
កម្ពជា

អាជ្ញាធរ​រឹត​បណ្តឹង​សន្តិសុខ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ខណៈ​ពិភព​លោក​ព្រួយ​បារម្ភ​ពី​បញ្ហា​ភេរវ​កម្ម

កម្លាំង​ការពារ​ចម្រុះ​រាប់​ពាន់​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅ​ប្រគុំ​តន្ត្រី​នា​នា  ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៤-២៧​វិច្ឆិកា​ដើម្បី​ការ​ពារសុវត្ថិ​ភាព​ពលរដ្ឋ។​ លោក គៀត ចន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​លើកឡើង​ថា ប្រជាពលរដ្ឋ​និង​កម្លាំង​ការពារ​មិន​ត្រូវ​មើល​ងាយ​ស្ថាន​ការ​បាន​ទេ ទោះ​បី​ពិធីបុណ្យ​អុំ​ទូក​មិន​ត្រូវ​បាន​ប្រារព្ធ​ក៏​ដោយ។ អាជ្ញាធរ​ត្រូវ​រឹត​បណ្ដឹង​ការ​ពារ​សន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ។

ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ចូលរួម​ពិធី​បុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។
ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ចូលរួម​ពិធី​បុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​វិច្ឆិកា​ដឹក​នាំ​ដោយ នេត សាវឿន​បាន​ជួបប្រជុំ​រៀប​ចំ​ផែន​ការ​ការ​ពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក។ ក្នុងនោះ​បាន​កំណត់​ដាក់​ចេញ​ឲ្យ កម្លាំង​ចម្រុះ​រួម​មាន៖នគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​កម្លាំង​សណ្ដាប់​ធ្នាប់​របស់​សាលា​រាជធានី​ភ្នំពេញ​សហការ​រួម​គ្នាការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅទូទាំង​រាជធានី​ភ្នំពេញ។

ក្នុង​នោះ​កម្លាំង​ចម្រុះ​រាប់​រយ​នាក់​នឹង​នៅ​ប្រចាំ​ការ​អន្តរាគមន៍នៅ​ទី​តាំង​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​រៀប​ចំ​ការ​ប្រគុំ​តន្ត្រី ដូចជាៈ កោះពេជ្រ រមណីដ្ឋានវត្នភ្នំ និង សួន​ច្បារ​មុខ​វត្តបុទុមវត្តី​ជាដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក គៀត ចន្ទថារិទ្ធ អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFIនៅ​ថ្ងៃ​ទី​២០​វិច្ឆិកា​លោក គៀត ចន្ទថារិទ្ធ បន្ត​ថា​ការការ​ពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អំឡុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ថ្ងៃ​ខាង​មុខ​នេះ​មិន​មែន​ធ្វើឡើង​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ពោល​គឺ​នៅ​តាម​បណ្ដាល​ខេត្ត​ដែល​សំបូរ​ទៅដោយ​តំបន់​ទេសចរណ៍​​ក៏​នឹង​ត្រូវ​ដាក់​កម្លាំង​ការ​ពារ​ផង​ដែរ។

លោកថា មូល​ហេតុ​ដែលបន្ថែម​កម្លាំង​ការពារ​ទៅ​ដល់​បណ្ដាល​ខេត្ត​គឺ​ទាំង​ប្រជាពលរដ្ឋ​និង​កម្លាំង​ការពារ​ចម្រុះមិន​ត្រូវ​មើល​ស្រាល​ស្ថាន​ការ​បាន​ទេ​ទោះ​បី​ពិធី​បុណ្យ​អុំ​ទូក​មិន​ត្រូវ​បាន​រៀប​ចំ​ក៏​ដោយនោះ។ ជាក់​ស្ដែង​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​សប្ដាហ៍​មុន​គឺ​ជា​ឧទារហណ៍​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ស្រាប់។

លោក គៀត ចន្ទថារិទ្ធ បញ្ជាក់ថា ភេរវកម្ម​គឺ​ជា​បញ្ហា​មួយ​ដែល​កំលាំង​ចម្រុះ​ត្រូវ​ពង្រឹងការ​ការ​ពារ​និង​ត្រួត​ពិនិត្យ​លើ​ជន​ដែល​គួរ​ឲ្យ​សង្ស័យ​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំទូក។ បន្ទាប់ពី​ភេរវកម្ម​នៅ​ប៉ារីស​និង​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នា​ពេល​កន្លង​មក​លោក​អ្នក​នាំ​ពាក្យរូប​នេះ​បញ្ជាក់​បន្ថែម​ថា កម្ពុជា​គ្មាន​ក្រុម​ភេរវ​ជន​ណា​ដែរ​គួរ​ឲ្យ​សង្ស័យ​នោះ​ទេរហូត​មកដល់​ពេល​នេះ។  តែ​យ៉ាង​ណា​ក៏​ដោយ​លោក​ថា សមត្ថកិច្ច​នៅ​តែបន្ត​តាម​ដាន​ចំពោះ​បញ្ហានេះ។

តាម​គម្រោង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ដែល​នឹង​ចាប់​ពី​ថ្ងៃ​ទី​២៤-២៧​វិច្ឆិកា​នឹងមាន​ការ​ប្រគុំ​តន្រ្តី​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក ការ​តាំង​ពិព័រណ៍​ផលិត​ផល​ក្រុ​ម​ហ៊ុន ការ​សំពះ​ព្រះ​ខែ និង​បណ្ដែត​គោម​ជា​ដើម។ សូម​បញ្ជាក់​ថា មូល​ហេតុ​នៃ​ការ​ផ្អាក់ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ដែល​ជា​ឆ្នាំ​ទី​៤​នេះ​ដោយ​សារ​កម្រិត​ទឹក​ទាប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ