អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​សមត្ថកិច្ច​ដាក់​ផែនការ​ រឹត​បន្តឹង​សន្តិសុខ​មាំមួន​ជាង​មុន​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំនេះ

ផែន​ការ​ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សុវត្ថិភាព​ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ រយៈ​ពេល​ ៣ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៥ ​ខែ​វិច្ឆិកា​ នៅ​ភ្នំពេញ ​ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ បាន​រៀប​ចំ​ ចាត់​ចែង​រួច​រាល់​ហើយ។​ លោក​ឧត្តម​សេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ បាន​ប្រកាស​​ពី​ការ​ត្រៀម​រួច​រាល់​ហើយ​លើ​ផែន​ការ​ និង​មធ្យោបាយ​នានា ​របស់​ប៉ូលិស​ និង​អាជ្ញាធរ​ សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។​ ក្នុង​នោះ ​មាន​ការ​បិទ​ផ្លូវ​ ដើម្បី​សម្រួល​ចរាចរណ៍ ​ទីតាំង​អាជ្ញាធរ​សមត្ថកិច្ច​ឈរ​ជើង​ ឡាន​ពេទ្យ ​និង​ចំណត​រថយន្ត​ធំ​២ ​នៅ​ជាយ​ក្រុង​ ជា​ដើម។​ ទីតាំង​ផ្សារ​ទំនើប​របស់​ជប៉ុន​ AEON ​ជា​គោល​ដៅ ​ដែល​អាជ្ញាធរ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​នៅ​ពេល​ហ្វ៊ូង​មនុស្ស​រាប់​សែន​នាក់​ ចូល​មក​លេង​បុណ្យ​អុំទូក​ ឆ្នាំ​នេះ។

ពិធីបុណ្យ​អុំទូក​អកអំបុក​និង​សំពះព្រះខែ នាពេលកន្លងមក។
ពិធីបុណ្យ​អុំទូក​អកអំបុក​និង​សំពះព្រះខែ នាពេលកន្លងមក។ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

ជាការ​ពិត ផ្លូវ​ដែល​ត្រូវ​ប៉ូលិស បិទ​មិន​ឲ្យ​មាន​ម៉ូតូ និង​ឡាន​ចេញចូល​នោះ ជា​ផ្លូវ​ដែល​ស្ថិត​នៅ​ជុំវិញ​ព្រះបរមរាជវាំង ពិសេស​នៅ​ជួរ​មាត់ទន្លេ ដែលជា​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧វិ​ច្ឆិ​នា។ អាជ្ញាធរ​សមត្ថកិច្ច បានដាក់​ផែនការ រឹតបន្តឹង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​យ៉ាង​ម៉ត​ចត់ ហើយ​ឲ្យ​ឈ្មោះ​តំបន់​នោះ ថា​ជា​តំបន់ A។

លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង តំណាង​ឲ្យ​អនុគណៈកម្មការ​ការពា​រ​រក្សា​សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ សម្រាប់​​​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​ឲ្យ​ដឹងថា តំបន់​ការពារ ក្នុង​តំបន់ A ជា​តំបន់​ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​ព្រះរាជ​ពិធីបុណ្យ​ច្រើនជាងគេ ដូច្នេះ​ត្រូវ​បិទ​មិន​ឲ្យ​មាន​ឡាន​ម៉ូតូ ធ្វើ​ចរាចរណ៍ ចាប់ពី​ម៉ោង ១០ ព្រឹក រហូតដល់​ម៉ោង ១០ យប់។ តំបន់ A រាប់​ចាប់ពី​ផ្លូវ​ចេញពី​ផ្សារ​ថ្មី ទៅ​មាត់ទន្លេ រហូតដល់​តំបន់​ខាងត្បូង​វិមានឯករាជ្យ។ ផ្លូវតូចៗ ចាក់​ទៅ​មាត់ទន្លេ តាមផ្លូវ​ព្រះ​នរោត្តម ក៏ត្រូវ​បិទ មិន​ឲ្យ​ឡាន​ម៉​តូ ឆ្លងកាត់​នោះទេ។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍ ឡានធំៗទាំងអស់ ត្រូវ​ចូល​ចត នៅ​ចំណត​ឡាន​តាមផ្លូវ​ជាតិ​នានា ចូលមក​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍​ខ្លាំងពេក។ 

ជាមួយគ្នា​នោះ កងកម្លាំង​សមត្ថកិច្ច បានរៀបចំ​បញ្ជាការដ្ឋាន ៨ កន្លែង ក្នុង​តំបន់ A ដើម្បី​ត្រៀម​អន្តរាគមន៍។ ក្នុងនោះ ក៏មាន​រថយន្ត​ពេទ្យ ២៧ គ្រឿង និង​តង់​គិលាន​ចល័ត​ជាច្រើន។ កងកម្លាំង​ការពារ​សន្តិសុខ​ចល័ត​ជាច្រើន​ក្រុម ក៏​នឹងត្រូវ​ដើរល្បាត​ក្នុង​ហ្វ៊ូ​ង​មហាជន​ផងដែរ។

អំពី​កន្លែង​ប្រគំ​តន្ត្រី និង​ស្តង់​លក់​ផលិតផល គឺ​រយៈពេល ៣ ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះ មាន ៥ កន្លែង រួមមាន៖ ១-នៅ​កោះ​ពេជ្រ ២-មុខ​វត្ត​បទុម ៣-ទីលាន​ប្រជាធិបតេយ្យ ៤-នៅ​វត្តភ្នំ និង​ទី៥-នៅ​ជ្រោយចង្វារ ត្រើយ​ខាងកើត ដែលជា​កន្លែង​ចំណុះ​ទូក ស្នាក់នៅ។

រយៈពេល ៣ ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក ឆ្នាំនេះ អាជ្ញាធរ​ប៉ាន់​ស្មានថា នឹងមាន​អ្នកចូលរួម​មិន​តិច​ជាង ២ លាន​នាក់។ នៅ​ឆ្នាំនេះ មាន​ទូកង ចូលរួម​ប្រណាំង ២៤០ ទូក និង​កីឡាករ​ជិត ២ ម៉ឺន​នាក់។ ក្នុងនោះ ចរាចរណ៍​នៅ​ម្តុំ​ផ្សារ​ទំនើប​របស់​ជប៉ុន AEON ត្រូវបាន​អាជ្ញាធរ គិតគូរ​ខ្លាំង​ជាង​គេ ដោយសារតែ​ជា​ផ្សារ​ទំនើប​ទើ​បង្កើត​ថ្មី ហើយ​ផ្លូវ​តូចចង្អៀត។

ហេតុការណ៍ មាន​អ្នកស្លាប់ និង​អ្នករបួស​នៅ​កោះ​ពេជ្រ ក្នុងពេល​បុណ្យអុំទូក ឆ្នាំ២០១០ និង​មាន​អ្នកស្លាប់ និង​អ្នករបួស ក្នុងពេល​បាញ់​កាំជ្រួច កាលពី​យប់​ថ្ងៃទី២៩តុលា ត្រូវបាន​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ថា អាជ្ញាធរ​សមត្ថកិច្ច បានដាក់​ផែន​ការ​រឹតបន្តឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ខ្លាំងក្លា​ជាង​ពេលមុន សម្រាប់​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​។ ក្នុងនោះ ក៏មាន​ដាក់​មេក្រូ​តាមផ្លូវ​ជាច្រើន ដើម្បី​ប្រកាស​ពី​កន្លែង​កកស្ទះ និង​បង្កើន​កម្លាំង សម្រួល​បិទផ្លូវ នៅពេល​មាន​មនុស្ស​កកស្ទះ​ច្រើន ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ