អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កូនអ្នកមាន-កូនអ្នកក្រ ៖ ក្រោមមេឃតែមួយ វាសនាខុសគ្នា!

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិសម​ភាពរវាង​អ្នក​មាន​និង​អ្នក​ក្រ​ ​នៅក្នុង​ប្រទេស​ណា​ក៏​មាន​ដែរ។ ​ក៏ប៉ុន្តែ​ក្នុង​សង្គម​កម្ពុជា ដែល​ឲ្យ​តម្លៃទៅ​​លើ​លុយ​និង​អំណាច​ជាធំ គឺកាន់តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ញែក​ដាច់​ពីគ្នា​រវាង​​កូន​អ្នក​មាន​និង​កូន​អ្នក​ក្រ កាន់​តែ​ច្បាស់ឡើង​​។ បើ​ទោះបី​ជា​ ពួក​គេ​រស់​នៅ​ក្រោម​ដំបូល​មេឃតែមួយដូច​គ្នា​​ក៏​ពិត​មែន​ ក៏គេ​នៅតែ​សង្កេត​ឃើញ​ថាកូន​អ្នកមាន និងកូន​អ្នក​ក្រ​ ហាក់​រស់​នៅឃ្លាត​ឆ្ងាយ​ដាច់​ពីគ្នា។​ ក្នុង​នោះ ​សេវា​សង្គមនានា​រាប់​ទាំងផ្លូវ​ច្បាប់ ការ​អប់រំ សុខ​ភាព​ និង​ការ​ងារ​រក​ស៊ី​ជា​ដើម គឺ​​ជួយ​សម្រួល​ច្រើន​​ដល់​កូន​អ្នក​មាន​លុយ​និងអំណាច​។ ទោះ​យ៉ាង​នេះ​ក៏ដោយ ក៏​កូន​អ្នក​ក្រ គឺ​នៅតែ​អាច​មាន​ផ្លូវ​ចាក​ឆ្ងាយ​ពី​ភាព​ក្រីក្រ​បាន​។

@HENG Oudom
ផ្សាយពាណិជ្ជកម្ម

អ្នកក្រសម័យសព្វថ្ងៃនេះ គឺមានជីវភាពខ្ពស់ជាងកាលពីងើបចេញពីសម័យខ្មែរក្រហម ពិតជាត្រឹមត្រូវប្រកែកមិនបាន។ ប៉ុន្តែ គេក៏ត្រូវទទួលស្គាល់ដែរថា អ្នកក្រក្នុងសម័យទំនើប បែរជាទទួលរងសម្ពាធផ្លូវចិត្តខ្លាំងទៅវិញ។ ត្បិតថាបច្ចុប្បន្ន ជីវភាពអ្នកមាននិងអ្នកក្រ​ខុសគ្នា​ដូច​មេឃនិងដី។ ការរត់ប្រណាំងគ្នាខាងសម្ភារៈនិយមគឺអាចជារឿងឧទាហរណ៍ស្រាប់។ កូនអ្នកមានស្គាល់ស្ទើរមិនលួស នូវសម្ភារៈទំនើបៗ​ លុយ ឡាន និងដំណើរកម្សាន្តនានា ខណៈ​ដែលរឿងទាំងនេះ ហាក់នៅឆ្ងាយពីកូនអ្នកក្រ ហៅមិនឮ។

 
បើ​និយាយ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ កូន​អ្នកមាន តាំងតែ​កើត​មក គឺ​រស់​ស្រួល​រហូត។ ពួក​គេ​មាន​ជម្រក​ស្នាក់​នៅ​ស្តុកស្តម្ភ អាហារ​បំប៉ន​ ចំណី​ចំណុក និង​សម្លៀក​បំពាក់​បបូរ​ហូរហៀរ។ បើ​មាន​ជំងឺ​ឈឺ​ថ្កាត់​ កូន​អ្នកមាន​ មាន​ពេទ្យ​ល្អៗ​មើល​ថែ ហើយ​រហូត​ដល់​ទៅ​ព្យាបាល​​ជំងឺ​នៅ​ក្រៅ​ស្រុក​ទៀត​ផង។

ពេល​ចូល​រៀន កូន​អ្នកមាន បង់​លុយ​រៀន​សាលាតម្លៃ​ថ្លៃ​ ​​ស្តង់ដារលំដាប់​កំពូល និងអ្នក​ខ្លះ​ក៏​ត្រូវ​ម្តាយ​ឪពុក​បញ្ចូន​ឲ្យ​ទៅ​រៀន​នៅ​បរទេស​ យ៉ាង​សម្បូរ​បែប​។ ទាំង​នេះ គឺ​ខុសស្រឡះ​ពី​កូនអ្នក​ក្រគ្រប់​បែប​យ៉ាង ពោល​គឺខុស​​​ចាប់តាំង​ពី​តម្រូវការ​បឋម​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃស្រេច​បាត់ទៅហើយ​។

លុះ​ដល់​ពេល​ធំ ចូល​ធ្វើការ​ងារ កូន​អ្នកមាន​ត្រូវ​ឪពុក​ម្តាយ​រៀបចំចាត់​ចែង​​​ទុក​កន្លែង​ខ្លាញ់​ឲ្យ​ជា​ស្រេច​។ ហើយ​បើត្រូវ​រក​ស៊ី​ជួញ​ដូរ​វិញ ក៏​គេមាន​ខ្សែ​ស្រឡាយគ្រាក់ៗ​រីឯ​​ផ្លូវច្បាប់​សព្វ​បែប​យ៉ាង​ ក៏​ហាក់​ងាយ​ស្រួល​សម្រួល​ដល់​កូន​ចៅ​អ្នក​មាន​លុយ​និង​មាន​អំណាច​ផង​ដែរ។ ប៉ុន្តែចំណែក​​កូន​ចៅ​អ្នក​ក្រវិញ​ ត្រូវ​ប្រឈម​មុខ​ច្រើន​ក្នុង​​ការ​ទទួល​បាន​ការងា​រ​ល្អ ហើយ​បើទោះបី​ជា​រៀន​បាន​ខ្ពង់​ខ្ពស់​ចេះ​ដឹង​ច្រើន​ក្តី មាន​តិច​ណាស់​ កូន​អ្នក​ក្រ​ដែល​អាច​ចូល​កាន់​តំណែងធំ​។ ចំណែក​បើ​​ចង់​រក​ស៊ីជួញ​ដូរ​កូន​អ្នក​ក្រ ក៏​ប្រឈម​មុខ​នឹង​ឧបសគ្គ​ច្រើន ពិសេស​​ផ្លូវ​ច្បាប់​ក្រដាស​ស្នាម​ផ្សេង​ៗ​ មិន​ងាយ​ស្រួល​ដូច​កូន​ចៅ​អ្នកមាន​នោះឡើយ។

ដូច្នេះហើយ ទើប​គេ​តែងតែ​ឧស្សាហ៍​រម្លឹក​ពាក្យ​​សម្តី​របស់ក្រម ង៉ុយ​ ថា​ អ្នក​មាន​ ចេះតែមាន​ឡើង លក់ពាង លក់ផើង ចេះតែឡើងថ្លៃ! អ្នក​ក្រ​ចេះតែក្រ​ចុះ លក់​ជ័រ​លក់​ចន្លុះ​ ចេះតែ​ចុះ​ថ្លៃ!។

ទោះបីជា​យ៉ាងណា​ក៏ដោយចុះ ចំពោះ​កូន​អ្នកមានខ្លះ​​ បើទោះបី​ជា​មានឱកាស​ និង​លទ្ធភាពច្រើន​ក្នុង​ការ​កសាង​ឧត្តមភាព​ជីវិត​យ៉ាង​ណា​ក៏ដោយ ក៏​មាន​អ្នក​​ខ្លះ ក៏​ពុំ​ចេះ​ចាប់​​យក​សំណាង​នោះដែរ។ មិន​ខ្វះ​ទេ​ ​កូន​អ្នកមានដែល​បំផ្លាញ​ឪពុកម្តាយ​និង​សង្គម​នោះ។ ទាំងអស់​​នោះ​ហើយ​គឺ​ជា​ឧទាហរណ៍​ស្រាប់​។

ផ្ទុយ​មកវិញ ចំពោះ​កូន​អ្នក​ក្រ បើ​ទោះ​បី​ជា​មាន​ភាព​យ៉ាប់​យឺន​បន្តិច​មែន ក៏ប៉ុន្តែ​គេ​បាន​ភ្លក្ស​រសជាតិ​លំបាក​វេទនា ដែល​ជា​ទុន​ជីវិតដ៏សំខាន់ចាំបាច់​​មួយ​ដែរ។ លើស​ពីនេះ ក្នុង​សម័យ​បច្ចេកវិទ្យា ពួក​គេ​ក៏មាន​ឱកាសក្រេ​ប​យក​ចំណេះ​ដឹង​​បាន​ដោយ​ងាយ​។​ ហើយ​មាន​តែ​ចំណេះ​វិជ្ជា​នេះហើយ ដែល​អាច​ឲ្យពួក​គេ​វៀរចាក​ភាពក្រី​ក្រ​បាន​។

មួយ​វិញទៀត ​មិន​ថា កូន​អ្នកមាន ឬ​កូន​អ្នក​ក្រ​ក៏ដោយ គឺ​ម្នាក់ៗ​មាន​ពេលវេលា២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដូចៗ​គ្នា​។ ការ​សំខាន់​ តើ​ពួក​គេ​ចេះ​ប្រើ​ពេលវេលា​នេះ ​ត្រឹមត្រូវបាន​កម្រិត​ណា? ហើយ​ថា​តើ​ពួក​គេ​ទាំង​នោះ មាន​សេចក្តីព្យាយាម ​​ស្វិត​ស្វាញ ដល់​កម្រិត​ណា​? ចម្លើយ​នៃ​សំណួរ​ទាំង​នេះ គឺ​ស្រប​ទៅនឹង​ គោលគំនិត​ដែរ​​ថា ភាព​មាន​បាន មិន​មែនជា​អ្វីៗ​ដែល​​កើត​មក​ដោយ​ភាព​ចៃដន្យ​នោះទេ។

ជា​ការ​ពិត​ គ្មាន​នរណា​ម្នាក់​អាច​រើស​រើស​កន្លែង​កើត​បាន​ទេ​។ ក៏​ប៉ុន្តែ​លោក Bill Gates មហាសេដ្ឋី​លំដាប់​កំពូល​របស់​អាមេរិក​ធ្លាប់ពោលថា កើត​មក​ក្រ មិន​មែនជា​កំហុសទេ តែ​បើ​ស្លាប់​ទៅវិញ នៅតែក្រ នោះទើបជា​កំហុស។

ទោះបីជា​យ៉ាងនេះ​ក៏ដោយចុះ គេ​ទំនង​ជា​មិន​អាច​បន្ត​ទុក​មនុស្ស​ក្រី​ក្រ​ ឲ្យ​រស់​នៅ​ដាច់​ដោយឡែក​ក្នុង​ភាព​អស់​សង្ឃឹម​ បាន​យូរត​ទៅទៀត​នោះទេ។ នេះ​គឺ​ជា​តួនាទី​របស់អ្នក​ដឹក​នាំ​​សង្គមទាំងឡាយ​ ហើយ​ជា​កិច្ចការចាំបាច់មួយ ដែល​ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ឲ្យមាន​​សមភាពសង្គម​ គឺធ្វើឲ្យសង្គមកម្ពុជាក្លាយជាសង្គមមួយ ដែល​មាន​អំណោយ​ផលសម្រាប់ទាំងអស់គ្នា។

ម្យ៉ាង​វិញទៀតអ្នកមានជីវភាពស្តុកស្តម្ភទាំងឡាយគួរតែជួយយក​អាសារ​ជន​ក្រីក្រជាជាង​កេង​ប្រវ័ញ្ចលើពួកគេ ដូចដែល​ពាក្យ​ចាស់ពោល​ថា អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ាន។ នេះជាទស្សនវិជ្ជា​​នៃការ​ចែក​រំលែក​ ដែល​អនុញ្ញាត​ឲ្យ​​មនុស្ស​ក្នុង​សង្គម​ចេះចែកគ្នារស់ ជាជាងដណ្តើមគ្នារស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ