អានតួអត្ថបទ
កម្ពជា

អាជ្ញាធរ​រាប់​រយនាក់​ បានរារាំង ​និង​រុញច្រាន មិនឲ្យ​​រៀបចំពិ​ធីគោរព​វិញ្ញាណក្ខនស្លាប់​ នៅ​ផ្លូវ​វេង​ស្រេង​

នៅ​ព្រឹក ​​នេះ អាជ្ញាធរ​រាប់​រយនាក់​ បាន​រុញ​ ច្រាន និង​បំបែក​​ក្រុម​អ្នក​រៀប​ចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន​ នៅ​ផ្លូវ​វេង​ស្រេង មិន​ឲ្យ​ជួប​ជុំគ្នា ​រៀបចំ​ពិធីសាសនា​អ្វី​នោះ​ទេ​។​  ជាការ​កត់​សម្គាល់ ​មិនមាន​ការ​ប៉ះទង្គិច​ធ្ងន់​ធ្ងរ រហូត​ដល់​បង្ហូរ​ឈាមគ្នា​​នោះឡើយ​។ សូម​បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​​បង្រ្កាប​លើ​ហ្វូង​កម្មករ​​ដែល​ទាម​ទារ​ដំឡើង​ប្រាក់​ ខែ១៦០ដុល្លារ​ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​នៅ​រោង​ចក្រ​យ៉ាក់ជីង កាលពី​ថ្ងៃទី​២ ទី​៣ ខែ​មករា ឆ្នាំ២០១៤ បាន​បណ្តាល​ឲ្យ​កម្ម​ករ​៤នាក់​ស្លាប់, កម្មករ​ម្នាក់​​ បាន​បាត់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ ហើយ​២១​នាក់​ផ្សេង​ទៀត រង​របួស។ នៅ​​ថ្ងៃទី​៣មករានេះ សហជីព សង្គម​ស៊ីវិល​ ជិត​២០ និង​ក្រុម​សាច់​ញ្ញាតិ​របស់ជន​រងគ្រោះ​ បាន​ប្រមូល​គ្នា​រៀបចំ​ពិធី​បង្សុកូល​ដល់អ្នក​ស្លាប់ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ហាម​ឃាត់ ដោយ​សំអាង​ហេតុថា ពុំ​បាន​សុំ​ការ​អនុញ្ញាត​ និង​ការ​រក្សា​សន្តិសុខ​សណ្តាប់​សាធារណៈ។ 

លោក វ៉ន ពៅ និង ព្រះសង្ឃ ដែល​ត្រូវ​អាជ្ញាធរ​បណ្តេញ ហើយ​ក៏​សំពះ​សូត្រធម៌ នៅ​ផ្លូ​វ​វេង​ស្រេង
លោក វ៉ន ពៅ និង ព្រះសង្ឃ ដែល​ត្រូវ​អាជ្ញាធរ​បណ្តេញ ហើយ​ក៏​សំពះ​សូត្រធម៌ នៅ​ផ្លូ​វ​វេង​ស្រេង @Heng Oudom
ផ្សាយពាណិជ្ជកម្ម

«ដើម្បី​រម្លឹក​ពី​ការ​ឈឺចាប់ ពី​ការ​ដែល​គេ​រំលោភ​យើង ឥឡូវ​គេ​បិទ អត់​ឲ្យ​យើង​ធ្វើ​ទៀត។ សម្រាប់​កម្មករ​ខ្មែរ អយុត្តិធម៌​ណាស់! បង​ប្អូន​មើល ក្រោយ​សុទ្ធ​តែ​ប៉ូលីស! យើងប្រារព្ធ​ការ​ឈឺ​ចាប់​របស់​យើង! យើង​អត់​បាន​យុត្តិធម៌! យើង​គ្រាន់​តែ​ប្រារព្ធ​ពិធី​៣​មករា ដែល​ការ​ធ្វើ​ពលីកម្ម​របស់​កម្មករ! ពលីកម្ម​ដើម្បី​ប្រាក់​ខែ​១៦០​ដុល្លារ! ដើម្បី​ជីវភាព​របស់យើង! ត្រូវ​គេ​បំបែក! ត្រូវ​គេ​បិទ! តើ​នៅ​ឯណា​សេរីភាព! អត់​មាន​យុត្តិធម៌! អត់​មាន​សេរីភាព​ទេ! ប្រទេស​កម្ពុជា អត់​មាន​សេរីភាព អត់​មាន​យុត្តិធម៌!»  នេះ​ជា​សំឡេង​របស់​លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែល​ត្រូវ​នគរ​បាល កង​សន្តិសុខ និង​ក្រុមប្រជាការពារ​ ខណ្ឌ​ពោធិ៍សែន រុញ​ច្រាន និង​បង្ខំ​ឲ្យ​​ចាក​ចេញ​ពី​កន្លែង​ប្រមូលផ្តុំ​។ កាលពី​២ឆ្នាំមុន លោក វ៉ន ពៅ ត្រូវ​ទាហាន​ឆត្រ​យោង វាយ​បង្ក្រាប និង​ចាប់​ឃុំ ហើយ​ត្រូវ​តុលាការ​សម្រេច​ដាក់​ក្នុង​ពន្ធនាគារ​ជិត​៦ខែ។​

​គេ​សង្កេត​ឃើញថា តាំង​ពីព្រឹកព្រលឹម​ម្ល៉េះ​ ក្រុម​ប៉ូលីស​ គនរបាលរា​ប់សិប​រ​យនាក់​​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅផ្លូវ​វេង​ស្រេង និង​នៅ​​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។ ម៉ោង​​ជាង​៨កន្លះព្រឹក ក្រុម​កង​សន្តិសុខ​បាន​ផ្តើមរុញ​ច្រាន​​ប្រធាន​អង្គការ​លីកាដូ ពីមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា លើ​ផ្លូវ​វេង​ស្រេង និងបន្ត​​រុញ​ច្រាន បណ្តើរ​ទៅកាន់​ផ្លូវ​សេះស ផ្លូវ​ដួង​ងៀប​ គឺ​ជាង​២ទៅ​៣គឺឡូម៉ែត្រ។ ហើយ​ម៉ោង​ជាង​៩កន្លះ ក្រុម​សន្តិសុខ​ ក៏​បន្ត​និមន្ត និង​រុញ​ច្រាន​ក្រុម​ព្រះ​សង្ឃ​ប្រមាណ​៨អង្គ ក្នុង​ទិស​ដៅ​តែមួយ​ផង​ដែរ។

នៅពេល​ដែល​ប៉ូលីស​កំពុ​ង​បណ្តើរ​នោះ​ ក្រុម​សង្គម​ស៊ីវិល​និង​យុវជន​ បាន​រៀប​ចំ​លើក​បដាដែល​ខ្លួន​បោះពុម្ព ក៏​ប៉ុន្តែ​ត្រូវ​នគរ​បាល​ទៅ​កញ្ឆក់​​ និង​យក​ទុក​ មិន​ឲ្យ​មាន​ការ​លើកបដាទាមទារ​អ្វី​នោះទេ។​

ជាមួយគ្នា​នេះ លោក ឡុង ឌីម៉ង អ្នក​នាំពាក្យ​សាលារាជធានីភ្នំពេញ បាន​បញ្ជាក់​ប្រាប់វិទ្យុអន្តរជាតិ​​បារាំង​ថា «ក្រុម​សង្គមស៊ីវិល​និង​ក្រុម​អ្នក​រៀប​ចំ​ពិធី​នោះ ពុំ​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​​នោះទេ។ ហើយលោកចោទថា ពួក​គេ​ទាំង​នោះ ប្រើ​រូប​ភាព​សាសនា​ដើម្បី​វាយ​ប្រហារ​ផ្សេងៗ​។ អ្នកនាំពាក្យ​រូបនេះបញ្ជាក់ថា «បើពួក​​គេ​ចង់​ធ្វើ​ពិធី​សាសនា​ ដើម្បីរម្លឹក​​វិញ្ញាណក្ខន​ដល់​អ្នក​ដែល​ស្លាប់​ទៅ​មែននោះ គួរ​តែ​ទៅ​ធ្វើ​នៅ​ផ្ទះរបស់​​ជន​រងគ្រោះ និង​តាម​វត្ត​អាវត្ត​អារាម​វិញ គឺ​មិន​​ត្រូវធ្វើ​នៅ​តាម​ទីសាធារណៈ​ដូច្នេះ​ទេ»។​

ផ្ទុយ​ពីនេះ លោក អំ សំអាត អ្នក​សម្រប​សម្រួល​បច្ចេកទេស​ស៊ើប​អង្កេត របស់​អង្គការ​ LICADHO ដែលត្រូវ​អាជ្ញាធរ​ដេញ​ដែរនោះ បាន​ឆ្លើយតប​ថា ជា​ទម្លាប់​និង​តាម​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ គេជឿថា ស្លាប់​កន្លែងណា វិញ្ញាណ​នៅ​កន្លែង​នោះ​។​ ដូច្នោះ​​គេ​​ត្រូវ​ពិធី​សាសនា​ ឧទ្ទិស​រម្លឹក​វិញ្ញាណក្ខន​ នៅ​កន្លែ​ង​កើត​ហេតុតែម្តង​។ លោក​បន្ត​ថា ការ​ហាម​ឃាត​របស់​អាជ្ញាធរ​ពេល​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និងសេរីភាព​​ជំនឿសាសនា​។ មិន​តែប៉ុណ្ណោះ គឺ​ធ្វើ​ឲ្យ​អាប់​ឱន​មុខ​មាត់​ប្រទេសជាតិ​ទៀត​ផង​។ ចំណែក​ក្រុម​​គ្រួសារ ​ឬ​អ្នក​ដែល​របួស​ពីមុនមកនោះដែល​មក​ចូលរួម​ពិធីនេះ នឹង​ភ័យ​ខ្លាច​ឡើង​វិញ ហាក់​បី​ដូច​រូបភាព​បង្ក្រាប​ចាស់ៗ​ពី​មុន​មក​ផុស​ឡើងវិញ។

សូម​បញ្ជាក់ថា ជាង​​២ឆ្នាំទៅហើយ ការ​បាញ់​សម្លាប់​នៅ​គល់​អាកាស​ក្បាល​ថ្នល់ និង​នៅ​គល់​ស្ពាន​ស្ទឹង​មានជ័យ ព្រ​មទាំង​​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វេង​ស្រេងថែមទៀត​​ នៅ​មិន​ទាន់​វែក​មុខ​ជន​ដៃដល់ និង​មិនទាន់​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៅឡើយ​។ តាម​លោក​ អំ អាត​ ដដែល​ បើ​ពន្លឺ​នៃ​យុត្តិធម៌​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ​ដូច្នេះទៀត កម្ពុជា​ពុំ​អាច​​កសាង​ឈ្មោះ​ជា​ប្រទេស​ដែល​គោលការណ៍​នីតិរដ្ឋ ដែល​រក​យុត្តិធម៌​សម្រាប់​ប្រជាជន ហើយ​វប្បធម៌​នីទ្ទណ្ឌភាពនៅតែ​ចាស់ឫស​ក្នុង​សង្គម​ខ្មែរ​។

យ៉ាងណា​ក៏ដោយចុះ ទាំង​សង្គម​ស៊ីវិល​ និង​ក្រុមគ្រួសារជន​រងគ្រោះ​ដែល​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ផ្លូវ​វេង​ស្រេង​នេះ គឺ​​អន្ទះ​សា​​រង់ចាំ​យុត្តិធម៌ និង​ទទូច​ឲ្យមាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ​វែក​មុខ​អ្នក​ដៃដល់! តើ​នរណា​ជា​ឃាតករ​? ហើយ​នរណា​ជា​អ្នក​នៅ​ពីក្រោយខ្នង​ព្រឹត្តិការណ៍​បង្រ្កាប​កាល​ពី​២ឆ្នាំ​មុន៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ