អានតួអត្ថបទ
កម្ពុជា

ជនរងគ្រោះ ​ព្រោះ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​កាល​ពី​ឆ្នាំ​មុន​ រម្លឹក​ខួប​ឈឺចាប់​ និង​ដង្ហោយ​រក​យុត្តិធម៌

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សកម្មជន​ការពារ​សិទ្ធិមនុស្ស ​សកម្មជន​ដីធ្លី​ ព្រះសង្ឈ​ សាច់ញាតិ​ជន​គ្រោះ និង​ ជនរងគ្រោះ​ផ្ទាល់​ដោយសារ​ការ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ កាល​ពី​អំឡុង​ដើមខែ​មករា​ឆ្នាំ២០១៤​ បាន​មក​ជួបជុំ​គ្នា​រម្លឹក​ខួប​នៃ​ការ​កើត​មាន​អំពើហិង្សា​នោះ។ ​ក្រុម​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ និង​ជនរងគ្រោះ​ផ្ទាល់​ បាន​លើក​ឡើង​ពី​ការ​ឈឺចាប់​រៀង​ៗខ្លួន​ និង​ បាន​ដង្ហោយ​រក​យុត្តិធម៌។ អាជ្ញាធរ​រដ្ឋាភិបាល​ អះអាង​ថា​ ការ​ស៊ើប​អង្កេត​ករណី​ហិង្សា​នោះ បាន​បិទ​បញ្ចប់​ ហើយ​សំណុំ​រឿង​នោះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

កង​កម្លាំង​អាជ្ញាធរ​កំពុង​ប្រឈម​មុខ​​ជាមួយ​​​ក្រុម​បាតុករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីណា ​ផ្លូវ​វេងស្រេង​ នៅថ្ងៃ​សុក្រ​ ទី​ ៣​ មក​រា​ឆ្នាំ​ ២០១៤។​
កង​កម្លាំង​អាជ្ញាធរ​កំពុង​ប្រឈម​មុខ​​ជាមួយ​​​ក្រុម​បាតុករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីណា ​ផ្លូវ​វេងស្រេង​ នៅថ្ងៃ​សុក្រ​ ទី​ ៣​ មក​រា​ឆ្នាំ​ ២០១៤។​ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការបង្ក្រាប​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វេងស្រេង​ ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាល​ពីដើម​ឆ្នាំមុន​ នៅ​ថ្ងៃ​នេះ​ក្រុម​សាច់ញាតិ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ និង​ជនរងគ្រោះ​ផ្ទាល់​ដោយសារ​ការ​បង្ក្រាប​នោះ​ បាន​មក​ជួបជុំ​គ្នា​រំលឹក​ឡើងវិញ​នូវ​ក្តី​ឈឺចាប់​របស់​ពួកគេ​ព្រោះ​តែ​រង​ការ​បង្ក្រាប​គ្មាន​ត្រា​ប្រណី​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល។ នៅ​ចំពោះមុខ​ជនរងគ្រោះ​ផ្សេងទៀត​ រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ​សកម្មជន​ដីធ្លី​ ជាច្រើន​នាក់ លោក​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែលជា​ជនរងគ្រោះ​មួយរូប​ក្នុង​អំពើ​បង្ក្រាប​ដោយ​ហិង្សា​កាលពី​ឆ្នាំមុន​នោះ បាន​ថ្លែងថា​ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​សមត្ថកិច្ច​បាញ់​ប្រហារ​យ៉ាង​ព្រៃផ្សៃ​មក​លើ​កម្មករ​ដែល​គ្រាន់តែ​ទាមទារ​ដំឡើង​ប្រាក់ខែ។

សូម​រម្លឹក​ថា​ នៅ​ថ្ងៃ​នេះ​កាល​ពី​ឆ្នាំមុន​ ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ផ្លូវ​វេងស្រេង​និង​រោងចក្រ​មួយ​ចំនួន​ទៀត ​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០ ​ដុល្លារ​ក្នុង​មួយខែ ។ ការតវ៉ា​នោះ ត្រូវបាន​ឆ្លើយ​តប​ដោយ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល​ ដែល​បាន​ធ្វើ​អោយ​បាតុករ​យ៉ាងហោច​ណាស់​៤នាក់​បាន​ស្លាប់​ និង​មួយ​ចំនួន​ទៀត​បាន​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង។ ជាមួយ​គ្នា​នោះ ​កម្មករ​ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចំនួន២៣ នាក់​ក៏ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ។ ចំពោះ​ហេតុការណ៍​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ជនរងគ្រោះ​ផ្ទាល់ បានដាក់​កំហុស​លើ​អាជ្ញាធរ​រដ្ឋាភិបាល​ដែល​បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ទាំងនោះ។

ក៏ប៉ុន្តែ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម នោះ​ថា​ជាការ​ប្រើប្រាស់​វិធានការ​ស្របច្បាប់ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​សង្គម​ឲ្យ​វិល​មករក​ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​ឡើងវិញ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ​ សាច់ញាតិ​ជន​រងគ្រោះ​ដែល​ស្លាប់ និង​ជនរងគ្រោះ​ផ្ទាល់ ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ពួកគេ ដោយ​វែកមុខ​ជនដៃដល់​ដែល​បាន​បាញ់ប្រហារ​លើ​បាតុករ​នោះ មក​ផ្តន្ទាទោស​តាម​ច្បាប់។ ប៉ុន្តែ​អង្គការ​ការពារ​សិទ្ធិមនុស្ស បាន​លើកឡើងថា រដ្ឋាភិបាល​មិនមាន​បំណង​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នោះឡើយ។ លោក​នី ចរិយា ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក យល់ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុងការ​ស្វែង​យុត្តិធម៌​ជូន​ជនរងគ្រោះ​ពិត​ប្រា​ដក​មែន​នោះ រឿងនេះ​មិនចាំបាច់​ស៊ើបអង្កេត​យូរ​បែបនេះ​នោះទេ ព្រោះថា​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​វែកមុខ​អ្នកប្រព្រឹត្ត​មកលើ​ក្រុមបាតុករ។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សមត្ថកិច្ច​បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​ហេតុការណ៍​ហិង្សា​នោះ​ហើយ។ លោក​បន្តថា នៅពេលនេះ​សំណុំរឿង​នោះ ស្ថិតនៅក្នុង​ដៃ​តុលាការ។ យ៉ាងណាក៏ដោយ ក្រុម​អង្គការ​ការពារ​សិទ្ធិ ជនរងគ្រោះ និង សាច់ញាតិ​ជនរងគ្រោះ បន្ទាប់ពី​បញ្ចប់​ពិធី​រំលឹក​ខួប​នៅ​ផ្លូវ​វេ​ង​ស្រេង​នេះ ក៏បាន​ដង្ហែរ​ញត្តិ​ដាក់​ទៅ​រដ្ឋសភាជាតិ​ថែមទៀត ដើម្បី​ស្នើ​ឲ្យ​រដ្ឋសភា​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បំភ្លឺ​រឿងហេតុ​ការណ៍​ហិង្សា​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពីដើម​ឆ្នាំមុន។ ប៉ុន្តែ​ការ​ដង្ហែ​ក្បួន​នោះ ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ ក្រុងភ្នំពេញ ក្រោម​ហេតុផល​ថា ការជួបជុំ និង​ដង្ហែរ​ក្បួន​នេះ មិនមាន​ច្បាប់​អនុញ្ញាត​ពី​សាលាក្រុង​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ