អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ត្រី​៖ ​គិត​ត្រឹម​​ថ្ងៃ​​១៣​មិថុនា​ មាន​​ពលករ​កម្ពុជា​ជាង​ ៤​ ម៉ឺន​នាក់​ហើយ ​ត្រូវ​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ​

ក្នុង​ពេល​​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​របស់​ក្រុម​ពលករ​កម្ពុជា ដែល​​​ត្រូវ​​​បាន​​​ថៃ​បញ្ជូន​វិល​ត្រឡប់​មក​​វិញ នៅ​ច្រក​​ព្រំដែន​​ប៉ោយ​ប៉ែត លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ បានឲ្យដឹងថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៣ ខែមិថុនានេះ ថៃ​បាន​បញ្ជូន​ពលករ​កម្ពុ​ជា មកវិញ ចំនួន ៤៣.៦០០ នាក់​។ ​ក្នុង​នោះ ​តាម​ច្រក​ប៉ោយ​ប៉ែត ​ខេត្ត​​បន្ទាយ​មាន​ជ័យ​ មាន​​ច្រើន​​ជាង​គេ​។​ អាជ្ញាធរ​បាន​រៀប​ចំ​ឡា​ន​ជាង​ ២០០ ​គ្រឿង ​ដើម្បី​រង់​ចាំ​ដឹក​​ជញ្ជូន​​ពលករ​​កម្ពុជា​ វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។​ ចំណែក​មេ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ ផ្តល់​ការ​ឧបត្ថម្ភ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែល​ថៃ​ចាប់​បញ្ជូន​មក​វិញ​ ពិសេស​​បង្កើត​​ការ​ងារ​ក្នុង​ស្រុក​។​ 

រថយន្តដឹកជញ្ជូនពលករខ្មែរដែលបង្ខំចាកចេញពីប្រទេសថៃ។
រថយន្តដឹកជញ្ជូនពលករខ្មែរដែលបង្ខំចាកចេញពីប្រទេសថៃ។ @Facebook
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរបានកត់ត្រាថា គិតត្រឹមរសៀលថ្ងៃទី១៣មិថុនានេះ ថៃបានបញ្ជូនពលករកម្ពុជា ភាគ​ច្រើន​ជាពលករខុសច្បាប់ វិលត្រលប់មកវិញ ចំនួន ៤៣.៦០០ នាក់។ ក្នុងនោះ នៅប៉ោយប៉ែត មានច្រើនជាងគេ រហូតដល់ ៣៣.៥០០ នាក់។ ក្រៅពីនោះ មាននៅខេត្ត​បាត់ដំបង ៧៥០០ នាក់ ឧត្តរមានជ័យ ១១២៥ នាក់ ប៉ៃលិន​ជាង ១០០ នាក់ និង​នៅ​ខេត្តកោះកុង​មួយចំនួនទៀត​។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក ​អ៊ិត ​សំហេង ដែលបានចុះទៅពិនិត្យមើលស្ថានភាពពលករកម្ពុជា ដែលថៃចាប់បញ្ជូន​មក​​វិញទាំងបង្ខំ នៅព្រំដែនប៉ោយប៉ែត នាថ្ងៃទី១៣មិថុនានេះ។ លោកបានឲ្យដឹងថា ពលករ​កម្ពុជា ដែល​ចូល​ធ្វើការ ​ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ មាន​ចំនួន​សរុប​ប្រមាណ​ជិត ២០ ម៉ឺន​នាក់​។ ភាគច្រើនជាពលករខុសច្បាប់ ដែលត្រូវបានថៃ ចាប់បញ្ជូនមកវិញពេលនេះ។

លោក អ៊ិត សំហេង បានអំពាវនាវដល់អាជ្ញាធរថៃ ត្រូវបញ្ជូនពលរដ្ឋកម្ពុជាមកវិញពេលនេះ ដោយលក្ខណៈមនុស្សធម៌ និងកុំជំរិតយកលុយ។ នោះគឺពលករកម្ពុជា ត្រូវបានប៉ូលិសថៃ យកលុយ ចាប់ពី ៣០០ បាត មួយកន្លែង ដើម្បីបានចេញពីកន្លែងឃុំឃាំង វិលត្រលប់មក​ព្រំដែន​កម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ពលករកម្ពុជា រកការងារធ្វើក្នុងស្រុក នៅតាមរោងចក្រ កសិដ្ឋាន និងការងារសំណង ដែលកំពុងត្រូវការកម្លាំងពលកម្ម។ តែបើចង់ទៅក្រៅប្រទេស ត្រូវ​ចេញទៅដោយស្របច្បាប់។

ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃសុក្រនេះ ចំពោះមុខក្រុមពលករ ៥១ នាក់ ដែលថៃចាប់​បញ្ជូន​មកវិញ លោក​ សម ​រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជំរុញឲ្យរដ្ឋាភិបាល មិន​ត្រឹម​តែជួយ​លើ​ការ​​​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​កម្ពុជាទាំងនោះទេ តែរដ្ឋាភិបាល ត្រូវផ្តល់ការ​ឧបត្ថម្ភ​ជាច្រើន​ទៀត​ ពិសេសផ្តល់​ការងារ ដល់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​នោះ។ 

ពីប៉ោយប៉ែត លោកដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា មន្ត្រីក្រសួងការងារ​ តាមរយៈ​ទីភ្នាក់​ងារ​ជាតិមុខរបរ និងការងារ កំពុងផ្សព្វផ្សាយដល់ពលករដោយផ្ទាល់ និងនៅតាមភូមិឃុំ។ ប្រជាពល​រដ្ឋ​កម្ពុជា ដែលទើបវិលមកពីប្រទេសថៃ ពេលនេះ អាចដាក់ពាក្យស្វែងរកការងារធ្វើ តាម​មន្ទីរការងារ នៅគ្រប់ខេត្តទូទាំងប្រទេស។

លោក​​រដ្ឋមន្ត្រី ក៏បានឲ្យដឹងថា លោកលឺពីព័ត៌មាន ដែលថា ទាហានថៃ បាញ់​សម្លាប់​ពលករ​កម្ពុជា ពេលបណ្តេញចេញ តែកម្ពុជា បានទាក់ទងទៅអាជ្ញាធរថៃ ដើម្បីបញ្ជាក់ដំណឹងនេះ។
រហូត​មក​ដល់​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៤​នេះ នៅ​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត ខេត្ដ​បន្ទាយ​មានជ័យ អាជ្ញាធរបានអន្តរាគមន៍ ដោយរៀបចំឡាន​ដឹក​ពលករ​កម្ពុជា ចំនួនជាង ២០០ គ្រឿង​។

តាមលោក អ៊ិត សំហេង ពេលនេះ មធ្យោបាយដឹកជញ្ជូន ត្រូវបានដោះស្រាយ ដោយមិនពលករ មិនចាំបាច់បង់លុយ។ អាជ្ញាធរ ក៏បានផ្តល់បាយទឹកដល់ពលករ រួមទាំង​ជំនួយ​ពី​យុវជនកាកបាទក្រហម អង្គការសង្គមស៊ីវិល និងសប្បុរសជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ