អានតួអត្ថបទ
កម្ពុជា

លោក​​សម ​រង្ស៊ី​​ជំរុញ​ឲ្យ​រដ្ឋាភិបាលផ្តល់​ការ​ឧបត្ថម្ភ​​និង​​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​​ថៃ​​ចាប់​បញ្ជូន​មក​វិញ

លោក​ សម ​រង្ស៊ី ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ បាន​​ជំរុញ​​ឲ្យ​​រដ្ឋា​ភិបាល ​មិន​​ត្រឹម​តែ​​ជួយ​​លើ​​ការ​ដឹក​ជញ្ជូន​​ប្រជា​ពលរដ្ឋ​​កម្ពុជា ​ដែល​​ថៃ​​ចាប់​បញ្ជូន​ទាំង​​បង្ខំ​ឲ្យ​​វិល​​ត្រឡប់​​មក​វិញ​ នា​ពេល​នេះ​​ទេ​ តែ​​រដ្ឋាភិបាល​​ត្រូវ​​ផ្តល់​​ការ​ឧបត្ថម្ភ​​ជា​ច្រើន​​ទៀត ​ពិសេស​​ផ្តល់​​ការងារ​ដល់​​ពល​រដ្ឋ​​រាប់​ម៉ឺន​​នាក់​​នោះ​។ ​ជា​ការ​​ឆ្លើយ​តប​ លោក ​ហេង​ សួរ អ្នក​នាំ​ពាក្យ​​ក្រសួង​​ការ​ងារ​ បាន​​លើក​ឡើង​ថា​ ដំណោះ​ស្រាយ​​របស់​​រដ្ឋា​ភិបាល ​គឺ​​ក្រសួង​​ការងារ​ បាន​​បញ្ជូន​​មន្ត្រី​​ជំនាញ​ ចុះ​ទៅ​​ប៉ោយ​ប៉ែត​ ជួប​​ប្រជា​ពលរដ្ឋ​​ទាំង​នោះ ​ប្រាប់​​អំពី​​ការងារ​ដែល​​ពួក​គេ​​អាច​ធ្វើ​​បាន​នៅ​ក្នុង​​ស្រុក​ រួម​ទាំង​​ការ​បណ្តុះ​បណ្តាល​​មុខ​ជំនាញ​តាម​​មន្ទីរ​​ការ​ងារ​ដោយ​​ឥត​គិត​ថ្លៃ​។​ 

លោក សម រង្ស៊ី ក្នុងសន្និសីទនៅព្រឹកថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០១៤។
លោក សម រង្ស៊ី ក្នុងសន្និសីទនៅព្រឹកថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ចំពោះមុខ​ពលរដ្ឋ​កម្ពុ​ជាជាង ៥០ នាក់ ដែល​ថៃ បាន​ចាប់បញ្ជូន​មកវិញ ទាំង​បង្ខំ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក សម រង្ស៊ី បានស្នើ​ដល់​អាជ្ញាធរ​យោធា​ថៃ ត្រូវអនុវត្ត​សកម្មភាព​មនុស្សធម៌ លើ​ការបញ្ជូន​ពលរដ្ឋ​កម្ពុជា ត្រលប់​មកវិញ។ លិខិត​មួយច្បាប់ ត្រូវបាន​លោក​ សម រង្ស៊ី ប្រកាសថា លោក​បាន​សរសេរ ផ្ញើ​ទៅ​ឧ​ត្ត​ម​សេនីយ៍ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​យោធា​ថៃ។

ក្រៅពីនោះ លោក​សមរង្ស៊ី ក៏បាន​ជំរុញ​ដល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន មិន​ត្រឹមតែ​ផ្តល់​ការដឹកជញ្ជូន​ពលរដ្ឋ​ចំណាកស្រុក​ទាំង​នោះទេ តែ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការឧបត្ថម្ភ​ច្រើន​ទៀត ដល់​ពលរដ្ឋ​ទើប​វិល​ត្រលប់មក​នោះ ពិសេស​ត្រូវបង្កើត​ការងារ។ កាលណា មានការ​ងារ​ធ្វើ​ក្នុងស្រុក នោះ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ចេញទៅ​ក្រៅប្រទេស​ទេ។

តាម​លោក​​ សម រង្ស៊ី ពលរដ្ឋ​កម្ពុជា ចាកចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែលមាន​មិនតិចជាង​កន្លះ​លាន​នាក់ ហើយ​ត្រូវ​ថៃ​ចាប់បង្ខំ​ឲ្យ​វិល​មកវិញ​ពេលនេះ ជា​បរាជ័យ​មួយ របស់​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន។

ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក​ សម រង្ស៊ី បានផ្តល់​នូវ​ដំណោះស្រាយ​ថា រដ្ឋាភិបាល​ត្រូវ​ផ្តល់​ដី​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ តាមរយៈ​ការដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ក្រុមហ៊ុន​ឯកជន ដែលមាន​ប្រមាណ ៣ លាន​ហិកតា យកមក​ចែកជូន​ប្រជាពលរដ្ឋ ១ គ្រួសារ ៣ ហិកតា។ រដ្ឋាភិបាល​ក៏ត្រូវ​ធ្វើ​ឲ្យ​កសិផល លក់​ក្នុងតម្លៃ​សមរម្យ និង​បំបាត់​អំពើពុករលួយ នៅ​ថ្នាក់លើ ជាដើម។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ឲ្យ​ដឹងថា ក្រសួង​ការងារ បាន​បញ្ជូន​មន្ត្រី​ភ្នាក់ងារ​មុខរបរ ចុះទៅ​ជួប​ពលករ​នៅ​ប៉ោយប៉ែត ហើយ​ប្រាប់​ពី​ការងារ ដែល​ពួកគេ អាច​ធ្វើបាន​នៅក្នុង​ស្រុក ដូចជា ការងារ​សំណង់ និង​ក្នុង​វិស័យ​កសិកម្ម ជាដើម។ អ្នក​ចំណាកស្រុក ដែល​ត្រូវ​ថៃ​បញ្ជូន​មកវិញ​ពេលនេះ អាចទាក់ទង​ទៅកាន់​មន្ទីរ​ការងារ​គ្រប់​ខេត្ត​រាជធានី ដើម្បី​ទទួល​ការបណ្តុះបណ្តាល​ជំនាញ ដោយ​ឥតគិតថ្លៃ ផងដែរ។

យ៉ាងណាក៏ដោយ ចំពោះមុខ​កំណើន​ពលករ​នេះ លោក​សមរង្ស៊ី បានប្រកាស​ផ្តល់ប្រាក់ ៦០០ បាត ស្មើ​ប្រមាណ​ជាង ១៨ ដុល្លារ ក្នុងម្នាក់ៗ ដល់​ពលរដ្ឋ​កម្ពុជា ដែល​ថៃ​បាន​ចាប់បញ្ជូន ហើយ​មកដល់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥១ នាក់ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ សម រង្ស៊ី ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ឲ្យ​ផ្តល់​លុយ​ដូចគ្នានេះ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្សេងទៀត ដែល​ថៃ​បញ្ជូនមក​ផងដែរ។

រហូតដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ ថៃ​បាន​បន្ត​បញ្ជូន​ត្រឡប់​ពលករ​កម្ពុជា​ទាំង​ឡានៗ។ ជា​វិធានការ ដែល​របប​យោធា​ថៃ បាន​អនុវត្ត​យូរថ្ងៃ​មកហើយ។ ប៉ុន្តែ​នៅ​ប៉ោយប៉ែត នា​ព្រឹក​នេះ ស្ថានភាព បានល្អ​ជាង​ប៉ុន្មាន​ថ្ងៃមុន។ អាជ្ញាធរ​បានរៀបចំ​ឲ្យ​មាន​តង់​សម្រាក​ត្រឹមត្រូវ មាន​ឡាន​ដឹកជញ្ជូន​ដោយ​មិន​គិតថ្លៃ ហើយ​អាជ្ញាធរ កាកបាទក្រហម និង​គណបក្សនយោបាយ បាន​ចែក​អាហារ​ដល់​ពលករ​ទាំង​នោះ។

នៅ​ព្រឹក​នេះ ឡាន​ទាហាន ក៏បាន​ដឹក​ពលករ ចាក​ចេញពី​ប៉ោយប៉ែត ទៅ​ស្រុកកំណើត​ជា​បណ្តើរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុម ចាន់​គា ភ្នាក់ងារ​អង្គការ​អាដហុក ប្រចាំខេត្ត​បន្ទាយមានជ័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ