អានតួអត្ថបទ
កម្ពុជា

អង្គ​រស​ង្ក្រា​ន​នឹង​រៀបចំ​ជា​លើក​ទី២ក្នុង​ខេត្តសៀមរាប​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

បន្ទាប់ពី​បានរៀបចំ​ជា​លើកដំបូង​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​កាលពី​ឆ្នាំទៅ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នឹងត្រូវ​រៀបចំ​ជា​លើក​ទី២ ពីថ្ងៃ​ទី១៣ ដល់ ១៦ មេសា​ ខាងមុខ​ក្នុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ពន្យល់ថា​ មាន​គោលដៅ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដល់​ពលរដ្ឋ​និង​យុវជន​ខ្មែរ​ផង ​និង​ដល់​ទេសចរ​បរទេស​ផង។ កាលពី​ឆ្នាំទៅ​មិញ​ មាន​អ្នកទេសចរ ប្រមាណ​ជា ១៧ ម៉ឺន​នាក់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រាន្ត។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​នឹង​ត្រូវ​រៀប​ចំជា​លើក​ទី២ ពី​ថ្ងៃទី១៣​ដល់​ថ្ងៃទី​១៦មេសាខាង​មុខ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។
ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន​នឹង​ត្រូវ​រៀប​ចំជា​លើក​ទី២ ពី​ថ្ងៃទី១៣​ដល់​ថ្ងៃទី​១៦មេសាខាង​មុខ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ @facebook
ផ្សាយពាណិជ្ជកម្ម

អង្គ​រស​ង្ក្រា​ន្ត​នឹង​វិល​មកវិញ​ជាថ្មី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា​នេះ។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​កូនប្រុស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹងថា ពិធី​សែន​ក្រុង​ពាលី​​ដើម្បី​ផ្តើម​រៀបចំ​កន្លែង​ប្រារព្ធ​ពិធី​នឹងត្រូវ​បើក​ធ្វើ​ នៅ​ថ្ងៃ​ចន្ទ​ទី៣មីនា​ ​នៅឯ​ទី​លាន​ជល់​ដំរី​​ក្នុង​ខេត្តសៀមរាប។

 
លោក សោម រតនា អ្នករៀបចំ​កម្មវិធី​ម្នាក់​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អង្គ​រស​ង្ក្រាន្ត​នឹង​បើក​ធ្វើ​ចាប់ពី​ថ្ងៃទី១៣ដល់១៦មេសា។ ព្រឹត្តិការណ៍​នេះ​មាន​គោលដៅ​ជំរុញ​ឲ្យ​មហាជន​ខ្មែរ​ជាពិសេស​យុវជន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ​ជា​លក្ខណៈ​រួមគ្នា ​ក្នុងនាម​ជាម​ហា​គ្រួសារ​ខ្មែរ។ ហើយ​វា​ក៏​ជាការ​បង្ហាញ​វប្បធម៌​ខ្មែរ​ដល់​មហាជន​ និង​យុវជន​ទូទៅ​ផង ​និង​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​ផង។ នេះ​បើ​យោងតាម​អ្នករៀបចំ​កម្ម​​វិធី​ដដែល។

នេះ​ជា​លើក​ទី២ហើយ​ដែល​ព្រឹត្តិការណ៍ អង្គ​រស​ង្ក្រាន្ត​ត្រូវបាន​រៀបចំឡើង។ សកម្មភាព​សិល្បៈ​ជាច្រើន​ត្រូវបាន​រៀបចំឡើង​ដូចជា​ល្បែង របាំ​ប្រជាប្រិយ និង​ការបង្ហាញ​ប្រពៃណី ទំនៀមទំលាប់​​ខ្មែរ​ពី​បូរាណ ព្រមទាំង​មានការ​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ជាច្រើន​ផងដែរ។

កាលពី​ឆ្នាំមុន​ អង្គ​រស​ង្ក្រាន្ត​បាន​ទាក់ទាញ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិប្រមាណ​ជា ១៧ ម៉ឺន​នាក់ នេះ​បើ​យោងតាម​លោក​សោម រតនា។ លោក សង្ឃឹមថា ឆ្នាំនេះ​ ចំនួន​អ្នកចូលរួម​នឹង​កើនឡើង​ច្រើនជាង​ឆ្នាំមុន​ដោយសារតែ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​ស្គាល់​ច្រើនជាង​មុន។

គួរ​បញ្ជាក់ថា ឆ្នាំ ២០១៣ កន្លងទៅ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរជាតិ​ប្រមាណ​ជាជាង​៤លាន​២សែន​​នាក់​ និង​នាំ​ចំណូល​ប្រមាណ​ជា ២៥០០០លាន​ដុល្លារ​អាមេរិក។ តំបន់​អង្គរ​ជាទី​រមណីយ​ដ្ឋាន​វប្បធម៌​ល្បីល្បាញ​ជាងគេ​ដែល​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​កម្ពុជា។

ប៉ុន្តែ កំណើន​ទេសចរ​មិនទាន់​អាច​ផ្តល់​ភាគ​ផល​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់គ្រាន់​នៅឡើយ​ទេ។ ថវិកា​ដែល​បានមកពី​វិស័យ​ទេសចរណ៍​មួយផ្នែក​បាន​របូត​បាត់​ទៅវិញ ​ដោយសារ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍​របស់​កម្ពុជា។ ក៏មាន​ការរិះគន់​ផងដែរ​អំពី​កា​គ្រប់គ្រង​ចំណូល​ទេសចរណ៍​​មិនបាន​ល្អ​ដែល​ធ្វើ​ឲ្យ​ថវិកា​ចូលទៅក្នុង​ក្រុមហ៊ុន​ឯកជន​ច្រើនជាង​ចំណូល​រដ្ឋ។
យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រាន្ត​ក៏ត្រូវ​បាន​អ្នករៀបចំ​កម្មវិធី​អះអាងថា​ដើម្បី​គោលដៅ​ទាក់ទាញ​ទេសចរ​មួយ​ដែរ។ ចាប់ពី​ថ្ងៃ​ចន្ទ​ទី៣មីនា​តទៅ ការរៀបចំ​នឹងត្រូវ​គេ​ចាប់ផ្តើម​នៅ​ទី​លានជល់ដំរី​ដើម្បី​ត្រៀម​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រាន្ត​លើក​ទី២ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ