អានតួអត្ថបទ
កម្ពុជា

ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ​នេះ Valentine’s Day ប្រណាំង​ជាមួយ​ពិធី​មាឃ​បូជា​

ជាទូទៅ​ ប្រសិន​បើ​និយាយ​ពី​ថ្ងៃ ១៤កុម្ភៈ យុវវ័យ​ខ្មែរមួយ​ចំនួន តែងតែនឹក​ឃើញ​ដល់​ ថ្ងៃ​នៃ ក្តីស្រលាញ់ ឬជា​ភាសាអង់គ្លេស Valentine’s Day។ ប៉ុន្តែនៅ​ក្នុង​ឆ្នាំ ២០១៤នេះ ថ្ងៃនៃក្តី​​ស្រលាញ់​ត្រូវបានប្រារព្ធឡើងជួនគ្នា​ជា​មួយថ្ងៃមាឃបូជា។ មាឃបូជា ដែលអ្នក​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា ត្រូវ​ទៅ​វត្តអារាម រៀបចំ​ចង្ហាន់ និង​ផ្កាឈូក​ថ្វាយ​ព្រះ និង​ព្រះសង្ឃ។ តើ​ថ្ងៃ ១៤កុម្ភៈ ឆ្នាំ ២០១៤ ផ្កាឈូក ឬ ផ្កាកូលាបពេញ​និយម​ជាង?

វត្ថុអនុស្សាវរីយ៏ និង​ផ្កា​​ដែល​គេ​ដាក់លក់​សម្រាប់ថ្ងៃ Vanlentine's Day
វត្ថុអនុស្សាវរីយ៏ និង​ផ្កា​​ដែល​គេ​ដាក់លក់​សម្រាប់ថ្ងៃ Vanlentine's Day RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

១៤កុម្ភៈ ឆ្នាំ ២០១៤ គឺជា​ថ្ងៃមួយ នៃ​ពិធីពីរ​ ហើយ​ដែល​ប្រជាពលរដ្ឋខ្មែរភាគច្រើន​ បាន​ចាត់ទុកក្នុង​ន័យពីរផ្សេងគ្នាដែរ។​ ជាធម្មតា ១៤កុម្ភៈរៀងរាល់​ឆ្នាំ​ ត្រូវ​បាន​យុវវ័យ​មួយ​ចំនួន យល់ថាជា​ថ្ងៃនៃក្តីស្រលាញ់ ដែល​មាន​ន័យ​សំដៅ ដល់​ការ​បង្ហាញនូវភក្តីភាព​ស្នេហា រវាង​គូស្នេហ៍​ ចំពោះគ្នា និង​គ្នា តាម​រយៈការ​ទិញ ផ្កាកូលាប ឬ​វត្ថុអនុស្សាវរីយ៏ ឬចំណាយ​ពេល​នៅ​ជិត​គ្នា។

ប៉ុន្តែ​ នៅក្នុង​ឆ្នាំនេះ Valentine’s Day ហាក់​មិន​សូវ​ធ្វើ​ឲ្យ​យុវជន​អាច​ពុះកញ្ច្រោល បាន​ច្រើន​ប៉ុន្មានទេ ព្រោះថា ១៤កុម្ភៈ ឆ្នាំ២០១៤ គឺ​ត្រូវ​នឹង​ថ្ងៃទី១៥កើត ខែមាឃ ជាប់ជួន​នឹង​ថ្ងៃមាឃបូជា។ ថ្ងៃមាឃបូជា ដែល​ពុទ្ធសាសនិក នាំគ្នា​រៀបចំ​ចង្ហាន់ សម្រាប់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ។

បើ​និយាយ​ពីទិដ្ឋភាព សម្រាប់ថ្ងៃនេះ​ ក៏​មាន​ភាព​ប្លែក​គ្នា​ចំនួន ២បែប​ផងដែរ។ នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ​ ឬភ្នំឧដុង្គ មាន​រៀបចំ​ពិធី​មាឃបូជា ប៉ុន្តែ​ មិន​មាន​ការ​ហែក្បួន ប្រទក្សិណ ជុំវិញបរិវេណ​ភ្នំ ដូចរាល់ឆ្នាំនោះទេ។ សម្តេចសង្ឃទាំងពីរគណៈ រួម​ជាមួយលោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​រៀបចំ​ពិធី​សូត្រ​ធម៌ តាម​ជំនឿ​ព្រះពុទ្ធ​សាសនា ជាមួយ​ពុទ្ធបរិស័ទ ប្រមាណ​ជា ១​ពាន់​នាក់ តាំង​ពី​ម៉ោង ៨​ព្រឹក។ កម្មវិធី នឹង​បន្ត​ធ្វើ រហូត​ដល់​ពេល​អាធ្រាត្រ។

នៅ​ខេត្ត​សៀមរាប​ ដែល​ជា​ខេត្ត​ទេសចរណ៍​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៤​កុម្ភៈនេះ ក៏​មាន​ការ​សូត្រមន្តព្រះសង្ឃជាច្រើន​អង្គ នៅ​ក្នុង​បរិវេណ​ប្រាសាទ​នៃ​តំបន់អង្គរ ដើម្បី​ប្រារព្ធ​ពិធី​មាឃ​បូជា​។ រីឯ នៅ​ថ្ងៃទី១៥កុម្ភៈ ត្រូវនឹង​ថ្ងៃ១រោច ខែមាឃ នឹង​មាន​រៀបចំ​រាប់បាត្រព្រះសង្ឃ ចំនួន ២៥៧អង្គ នៅ​ជុំវិញ​ប្រាសាទ​បាយ័ន។ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ភាគ​ច្រើន បាន​ប្រមូល​ផ្តុំគ្នា ទៅវត្តអារាម។ វត្តអារាម​ថ្ងៃនេះ មាន​ភាព​អ៊ូរអរ ខុសពីថ្ងៃសីល៍​ធម្មតា។

ក្រឡេក​មក​ចាប់អារម្មណ៍​ពីទិវា​នៃក្តីស្រលាញ់ ដែលមិន​មែន​ជា​ប្រពៃណី​​ពុទ្ធសានាវិញ។ នៅ​ថ្ងៃទី១៤កុម្ភៈនេះ ​ផ្កាកូលាប និង​កាដូ​អនុស្សាវរីយ៍​ ត្រូវ​បាន​ដាក់​លក់ នៅក្នុង​ផ្សារទំនើប តាម​ដងវិថី ជិត​សាលារៀន និង​តាម​កន្លែង​ដែល​យុវវ័យ​ និយម​ដើរកម្សាន្ត​មួយ​ចំនួន​ ។ ការ​លក់​ទាំងនោះ ថែម​ទាំងមាន​ដាក់ថា មាន​ការ​បញ្ចុះ​តំលៃទៀតផង។ នៅ​តាម​ភោជនីយដ្ឋាន​បរទេស-ខ្មែរ មួយ​ចំនួនធំ ក៏​មាន​សរសេរ​ និង​ដាក់រូបភាព​ ​នៃ​ក្តី​ស្រលាញ់ ព្រម​ទាំងបន្ថែម​នៅ​លើខិត្តប័ណ្ណថា មាន​កម្មវិធីពិសេស សម្រាប់គូសង្សារ និង​មនុស្ស​ជាទីស្រលាញ់ទៀតផង។ ក្នុង​នោះ​ក៏​មាន​ការ​ប្រគុំតន្ត្រី ការ​លេងល្បែងកម្សាន្ត និង​សកម្មភាព​ផ្សេងទៀត ក្រោម​ពាក្យ​តែមួយ​ថា ថ្ងៃដើម្បី​ក្តីស្រលាញ់។

ក្រៅ​តែពី​សកម្មភាពទាំងនេះ ក៏​មាន​អង្គការ​ និង​ស្ថាប័ន​រដ្ឋមួយ​ចំនួន បាន​ប្រារព្ធទិវា​ផ្សេងៗគ្នា ដើម្បី​អបអរ ថ្ងៃបុណ្យ​នៃក្តី​ស្រលាញ់ Valentine’s Day ផងដែរ។ អង្គ​ការ​មូល​និធិ​ថែ​រក្សា​សុខ​ភាព អ្នក​ជំងឺ​អេដស៍ AHF សហការ​ជា​មួយ​មន្ទីរ​សុខា​ភិ​បាល រាជ​ធានី​ភ្នំ​ពេញ និស្សិត​តាម​សា​កល​វិទ្យា​ល័យ និង​អង្គ​ការ​ដៃគូ ចំ​នួន ១២ បាន​បើក​យុទ្ធ​នា​ការ​ប្រ​ឆាំង​នឹង​ជំងឺ​អេដស៍ តាម​រយៈការ​ចែក​ចាយ​ស្រោម​អនា​ម័យ១សែន​ស្រោម ដើម្បី​អប់រំ​ដល់​មនុស្ស​ ចំនួន ២៥.០០០នាក់ ហើយ​រំ​ពឹង​ថា នឹងមាន​ប្រជាពលរដ្ឋ​១០០០នាក់ មក​ពិនិត្យ​ឈាម​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ដោយ​មិន​មាន​គិត​ថ្លៃ។

ចំណែក​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដែល​មាន​ទីតាំង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​អង្គឌួង ក៏​មាន​​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ និង​ទទួល​អំណោយ​ឈាមមជ្ឈមណ្ឌលជាតិ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់សេចក្តីស្រលាញ់” ។ រីឯយុទ្ធនាការ​មួយរយ​កោដិ​សំឡេង​ក្រោម​ ប្រធានបទ សេចក្តីស្រលាញ់​និង យុត្តិធម៌ ក៏​មាន​ការ​​រៀបចំ ការ​ជិះ​កង់ ការ​រាំ​ជា​ក្រុម និង ការប្រគុំ​តន្ត្រី នៅ​កោះ​ពេជ្រ ក្នុង​ពេល​ល្ងាចផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ