អានតួអត្ថបទ
កម្ពុជា

ILO៖ លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​ថយ​ចុះ

នៅក្នុង​របាយការណ៍​សំយោគ​លើក​ទី ៣០ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ ILO ​បាន​បង្ហាញ​ថា លក្ខខណ្ឌ​ការងារ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ថយចុះ។ រីឯ​ផ្នែក​ជាច្រើន​ទៀត​គ្មាន​ការកែ​លម្អ​ឡើយ។ បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​ទាំងមូល។

កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា
កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា ©rfi
ផ្សាយពាណិជ្ជកម្ម

សុវត្ថិភាព អគ្គិភ័យ ពលកម្មកុមារ​ សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​និយោជិត សុទ្ធសឹង​ជា​បញ្ហា​ចម្បងៗ​ដែល​កំពុង​ចោទ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា។​ បញ្ហា​ទាំង​នេះ​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​នេះ​ទាំងមូល​ពីព្រោះ​អ្នក​បញ្ជា​ទិញ​កំពុង​តែ​ស្វែង​រក​ដៃគូ និង​ក្រុមហ៊ុន​ណា​ដែល​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​លើ​កម្មករ និយោជិត​របស់​ខ្លួន។

នេះគឺ​ជា​ការ​រកឃើញ​នៅ​ក្នុង​របាយការណ៍​សំយោគ​លើក​ទី​៣០​ស្តីពី​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។ របាយការណ៍​បាន​សន្និដ្ឋាន​ថា ការថយ​ចុះ​នៃ​លក្ខខណ្ឌ​ការងារ​អាច​បណ្តាល​មក​ពី​ការរីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​នេះ។

របាយការណ៍​នេះ​គ្រប​ដណ្តប់​លើ​រោងចក្រ​ចំនួន ១៥៥ ក្នុង​នោះ​មាន​រោងចក្រ​កាត់ដេរ​ចំនួន ១៥២ និង​រោងចក្រ​ស្បែក​ជើង​ចំនួន​៣។ ការស៊ើប​អង្កេត​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​វិច្ឆិកា​ឆ្នាំ ២០១២​ដល់ ថ្ងៃទី​៣០​មេសា ឆ្នាំ ២០១៣។ យោង​តាម​តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​របាយការណ៍​នេះ​បាន​ស្រង់​មក​ចុះ​ផ្សាយ​ ចំនួន​កម្មករ និយោជិត​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​បាន​កើន​ឡើង​ពី​ជាង ៣៧ ម៉ឺន​នាក់​ដល់​ជាង ៣៩ ម៉ឺន​នាក់​ក្នុង​អំឡុង​ពេល​នៃ​ការស៊ើប​អង្កេត។ ចំណែក​ឯ​រោងចក្រ​វិញ​បាន​កើន​ឡើង​ពី​៣៨៥ ដល់ ៤១២ រោងចក្រ។

យ៉ាងណាក៏ដោយ របាយការណ៍​បាន​រក​ឃើញ​ថា ចំនួន​កូដកម្ម​បាន​ថយ​ចុះ​ចំនួន ១២ ភាគរយ​ពោល​គឺ​ថយ​ពី​៧៦​ករណី​មក​នៅ​ត្រឹម ៥៩ ករណី ខុស​ពីរ​យៈពេល​ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១២ ដែល​កូដកម្ម​បាន​កើនឡើង​យ៉ាង​ខ្លាំង។ ប៉ុន្តែ អ្វី​ដែល​គ្មាន​ការ​ប្រែប្រួល​នោះ​គឺ កូដកម្ម​ធ្វើ​ឡើង​ដោយ​មិន​អនុលោម​តាម​ច្បាប់​នោះ​ឡើយ។ ចំណែក​ឯ​ប្រាក់​ឈ្មួល​កម្មករ​និយោជិត​វិញ​មាន​ការកើន​ឡើង ហើយ​ការផ្តល់​ប្រាក់​រង្វាន់​ត្រូវ​បាន​ផ្តល់​ជូន​ល្អ​ប្រសើរ​ជាង​មុន។ ជាចុងក្រោយ របាយការណ៍​បាន​សន្និដ្ឋាន​ថា រដ្ឋាភិបាល និង​សមាគម​និយោជក​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​នូវ​យន្តការ​អនុវត្ត​ច្បាប់ និង​វប្បធម៌​អនុលោម​តាម​ច្បាប់។ រីឯ​អ្នកបញ្ជា​ទិញ​ក៏​គួរ​បន្ត​ការជំរុញ​ឲ្យ​រោងចក្រ​ដែល​ខ្លួន​បញ្ជា​ទិញ​គោរព​លក្ខខណ្ឌ​ការងារ​ផង​ដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ