អានតួអត្ថបទ
កម្ពុជា

សហជីព​សរីកម្មករ​នឹង​ដង្ហែ​ញត្តិ​១ ម៉ឺន​ស្នាម​មេដៃ នៅថ្ងៃ​ផ្តើម​យុទ្ធនាការ​បោះឆ្នោត

សហជីព​សេរី​កម្មករ​របស់​លោក ជា មុនី មិនទាន់​បាន​ទទួល​ការឆ្លើយតប​ពី​សាលាក្រុង ក្នុង​ការអនុញ្ញាត​ឲ្យ​ជួបជុំគ្នា នៅឡើយ។ លោក ជាមុនី គ្រោង​នឹង​ដឹកនាំ​កម្មករ ជួបជុំ​តវ៉ាលើ​បញ្ហា​រោង​​កាត់ដេរ សាប៊្រីណា នៅព្រឹក​ថ្ងៃទី២៧ មិថុនា នៅទីលាន​ប្រជាធិបតេយ្យ។ ទីលាន​ប្រជាធិបតេយ្យ ដែល​នៅថ្ងៃទី២៧​មិថុនា គណបក្ស​សង្គ្រោះជាតិ យក​ធ្វើជា​កន្លែង​ជួបជុំ បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។ 

លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

ប្រធានសហជីព​សេរី​កម្មករ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​ថ្លែង​ជាថ្មី ថា លោក​នឹង​ដឹកនាំ​អ្នក​សហជីព និង​កម្មករ​ចំនួន ២៥០​នាក់ ធ្វើ​បាតុកម្ម​ដើម្បី​សុំ​ឲ្យ​មាន​ការដោះលែង​សកម្មជន​សហជីព​របស់​លោក នៅក្នុង ករណី​វិវាទ​មួយ នៅ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា នៅថ្ងៃទី ២៧ ខែមិថុនា ខាងមុខ។

ប្រធាន​សហជីព​រូប​នេះ​បាន​និយាយ​ថា លោក​មិនទាន់​បាន​ទទួល​ការអនុញ្ញាត​ណាមួយ​នៅឡើយ ពី​សាលា​ក្រុង​ភ្នំពេញ បន្ទាប់ពី បាន​ដាក់ពាក្យ​ស្នើ​សុំ កាល​ពី​សប្តាហ៍មុន។ តាម​គម្រោង​មេដឹកនាំ​សហជីព​សេរី​កម្មករ និង​ត្រូវ​ជួបជុំគ្នា នៅ​ទីលាន ប្រជាធិបតេយ្យ ហើយ​ដង្ហែ​ញត្តិ​ទៅ​កាន់​ស្ថានទូត​អាមេរិក និង​ស្ថានទូត​អង់គ្លេស​ប្រចាំ នៅ​ប្រទេស​កម្ពុជា ជា​ការបញ្ចប់។ ក៏​ប៉ុន្តែ ការរៀបចំ​ដង្ហែ​ក្បួន​របស់​សហជីព​សេរី​កម្មករ ជួនចំគ្នា​នឹង​គម្រោង​របស់​ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជ្រើសរើស​យក​ទីលាន​ប្រជាធិបតេយ្យ ជា​កន្លែង​ជួបជុំ​គ្នា ដើម្បី​ដង្ហែ​ក្បួនធំ ឃោសនា​រក​សម្លេងឆ្នោត ថ្ងៃ​ដំបូង គឺ​ថ្ងៃទី ២៧ មិថុនា។

ទោះជា​យ៉ាងនេះក្តី លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា ការធ្វើ​បាតុកម្ម​តវ៉ា​របស់​លោក មិន​ជាប់ទាក់ទង ទៅហ្នឹង​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​របស់​គណបក្ស​នយោបាយ នៅពេល​បោះឆ្នោត​នោះទេ ដោយ​លោក​បញ្ជាក់ថា ជា​សហជីព​ឯករាជ្យ ហើយ​ធ្វើ​ដើម្បី ឲ្យ​មាន​ការដោះស្រាយ​អ្វី​ដែល​លោក​ទាមទារ​ប៉ុណ្ណោះ។

ទាក់ទង​នឹង​វិវាទ រោងចក្រ កាល​ពី​ពេល​កន្លងទៅ​នេះ លោក ជា មុន្នី ក៏​បាន​សរសេរ​លិខិត​មួយ​ទៅកាន់ ក្រុមហ៊ុន Nike តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ នៅ​កម្ពុជា​ដើម្បី សុំឲ្យ​ស្ថានទូត​បញ្ជូន​សារ ទៅកាន់​ក្រុមហ៊ុន​Nike ដែលមាន ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក។ ជាមួយគ្នា​នេះ ក្រុមហ៊ុន ​Nike ដែល​ល្បីល្បាញ​ខាង​ផលិតផល​កីឡា​លើ​ពិភពលោក កាល​ពី​ថ្ងៃទី ៣០ ឧសភា កន្លង​ទៅនេះ ក៏​បាន​សរសេរ​លិខិត ដូចៗ​គ្នា​ចំនួន ២ច្បាប់ ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដោយ​សម្តែង​ពី​ការព្រួយបារម្ភ​ពី​ហេតុការណ៍​ដែលបាន​កើតឡើង​ទាំងនេះ។

សូមរំលឹក​ថា កាលពី​ដើមខែ មិថុនា​កន្លងទៅនេះ កម្មករ​រោងចក្រ​សាប្រ៊ីណា បាន​ធ្វើ​កូដកម្ម​ដ៏ធំ​មួយ នៅពីមុខ​រោងចក្រ​ស្ថិតនៅ ក្នុង​ទឹកដី ខេត្ត​កំពង់ស្ពឺ ប្រកប​ដោយ​អំពើ​ហឹង្សា។

បន្ទាប់ពីនោះ សកម្មជន​សហជីព និង​កម្មករ​របស់​សហជីព​សេរី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៨នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ចេញ​ដីការ​ចាប់ខ្លួន ពី​បទ​បង្ក​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ