អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ក្នុង​បរិបទ​ដែល​ត្រូវ​ចេះ​រៀន​រស់​ដោយ​ខ្លួន​ឯង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​​ហេតុ​ផល​​ជា​ច្រើន​​ដែល​​បង្ហាញ​ថា ​ស​ហគមន៍​​អន្តរជាតិ​​កំពុង​តែ​​ផ្តើម​​បង្វែរ​​ជំ​នួយ​​​របស់​ខ្លួន​​ងាក​​ចេញ​ពី​​កម្ពុជា​​ជា​បណ្តើរ​ៗ​ហើយ ​។ ​ម្យ៉ាង​​គឺ​​ដោយ​សារ​​ពួក​គេ​​បាន​​ជួយ​​កម្ពុ​ជា​ច្រើន​​ហើយ​​រយៈ​ពេល​​ជាង​​ពីរ​​ទស​វត្សរ៍​​​ចុង​ក្រោយ​​នេះ ​និង​​ម្យ៉ាង​ទៀត ​ដោយ​​សារ​​កម្ពុជា​​មាន​កំ​ណើ​ន​​សេដ្ឋកិច្ច​​ខ្ពស់​​គួរ​​សម​​ដែល​​អាច​​ចាត់​ទុក​ជា​​​ប្រទេស​​ដែល​មាន​​ចំណូល​​មធ្យម​។​ ដូច្នេះ​ ដល់​ពេល​​ហើយ​​ដែល​​កម្ពុជា​​ត្រូវ​​រៀន​​រស់​​ដោយ​​ខ្លួន​ឯង​​ដោយ​​ផ្តាច់​ខ្លួន​​បន្តិច​ម្តង​ៗ​ពី​​ជំនួយ​​បរទេស​។​ នេះ​​ជា​​វិញ្ញាសា​​ដ៏​​លំបាក​ ប៉ុន្តែ​ កម្ពុជា​​ត្រូវ​គេ​​មើល​ឃើញ​ថា​ មាន​លទ្ធភាព​​អាច​​ឈាន​ទៅ​​រស់​​ដោយ​​ខ្លួន​ឯង​បាន​​ប្រសិន​បើ​​រដ្ឋាភិបាល​​មាន​ការ​​តាំង​ចិត្ត​​ឲ្យ​​បាន​​មុត​មាំ។​  

ពិធីចុះហត្ថលេខា រវាងតំណាង​ប្រទេសជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៨ឧសភា ២០១៤។
ពិធីចុះហត្ថលេខា រវាងតំណាង​ប្រទេសជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៨ឧសភា ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

អត្រា​ភាពក្រីក្រ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ​ពោលគឺ​ធ្លាក់ចុះ​ពី ៥៣% ក្នុង​ឆ្នាំ ២០០៤ មក​ត្រឹម ២០,៥% នៅ​ឆ្នាំ ២០១១ ។ នេះ​បើ​យោងតាម​របាយការណ៍​វាយតម្លៃ​ភាពក្រីក្រ​ថ្មី​របស់​ធានា​គារ​ពិភពលោក​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ខែកុម្ភៈ​កន្លងទៅ។ ម្យ៉ាងទៀត ទាំង​ធនាគារពិភពលោក ទាំង​ធនាគារអភិវឌ្ឍន៍អាស៊ី​សុទ្ធតែ​បាន​ព្យា​ការណ៍​កំណើន​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០១៤ នេះ​និង​ឆ្នាំ​បន្តបន្ទាប់​ទៀតថា​អាច​រក្សាបាន​កំណើន​ក្នុង​អត្រា​ថេរ​និង​ខ្ពស់​គួរសម​គឺ​នៅក្នុង​រង្វង់ ៧ភាគរយ។

របាយការណ៍​នានា​របស់​នាយកដ្ឋាន​គ​យ​និង​រដ្ឋាករ​ក៏បាន​បង្ហាញថា ចំណូល​ពន្ធ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ចាប់តាំងពី​រដ្ឋាភិបាល​ផ្តើមធ្វើ​កំណែទម្រង់​នានា​រយៈពេល​ចុងក្រោយ​នេះ។ ចំណូល​រដ្ឋ​កើន​អាចមាន​ន័យ​ពីរ​យ៉ាង៖ ម្យ៉ាង​គឺ​ដោយសារ​ការ​ធ្លុះធ្លាយ​ថវិការដ្ឋ​ចូល​ហោប៉ៅ​ឯកជន​អាច​ត្រូវបាន​កាត់បន្ថយ​ខ្លះ និង​ម្យ៉ាងទៀត​អាចមកពី​ការប្រមូល​ពន្ធ​ត្រូវបាន​ធ្វើឡើង​ដោយ​ម៉ត់ចត់​ជាង​មុន។ យ៉ាងណាក៏ដោយ នៅមាន​ថវិកាជាតិ​ច្រើនណាស់​ដែល​ហូរ​ចូល​ហោប៉ៅ​បុគ្គល​ឯកជន​មួយ​ក្តាប់​តូច​ហើយ​បានធ្វើ​ឲ្យ​ប្រទេស​ពិបាក​នឹង​ចាក​ចេញពី​ការពឹង​ពាក់​លើ​ជំនួយ​បរទេស។

ជាក់ស្តែង​ចំណូល​ដែល​បានមកពី​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​ដូចជា​ព្រៃឈើ រ៉ែ និង​ធនធាន​ជលផល​ជាដើម។ ប្រសិនបើ​គ្រប់គ្រង​បានល្អ ធនធាន​ទាំងនោះ​នឹង​ផ្តល់​ថវិកា​ចូល​រដ្ឋ​យ៉ាង​សម្បើម​និង​ក៏​ជា​ប្រភព​រស់​មិនចេះ​រីងស្ងួត​របស់​ប្រទេស​ផងដែរ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ប្រភព​រស់​របស់​ខ្មែរ​បែរជា​រង​ការបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ជា​រៀងរហូត​មកហើយ​កំពុង​ឈានទៅ​វិនាស​ហិនហោច។ អំពើពុករលួយ​និង​កង្វះ​តម្លាភាព​ក្នុងការ​ដឹកនាំ​និង​គ្រប់គ្រង​ធនធាន​ដែលមាន​ស្រាប់​គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​និង​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែខ្លាំង​រវាង​អ្នកមាន​និង​អ្នកក្រ។

យ៉ាងណាក៏ដោយ សហគមន៍​អន្តរជាតិ​មិនអាច​ចាំ​ផ្តល់ជំនួយ​ដល់​ប្រទេសមួយ​ជា​រៀងរហូត​នោះទេ។ សម្រាប់​កម្ពុជា វា​ហាក់ដូចជា​យូរ​គ្រប់គ្រាន់​ហើយ​ដែល​សហគមន៍​អន្តរជាតិ​បានផ្តល់​ជំនួយ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកនេះ។ ម្យ៉ាងទៀត ជំនួយ​នឹង​ត្រូវគេ​កាត់បន្ថយ​ជា​ស្វ័យប្រវត្តិ​នៅពេលដែល​ប្រទេសមួយ​អាច​ក្លាយខ្លួនជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម។ ដូច្នេះ មាន​ហេតុផល​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា កម្ពុជា​មិនមែនជា​គោលដៅ​សំខាន់​ក្នុងការ​ផ្តល់ជំនួយ​ទៀត​ទេ តែ​នេះ​គឺជា​ពេលវេលា​ដែល​កម្ពុជា​ត្រូវ​រៀន​រស់​ដោយ​ខ្លួនឯង។

ដើម្បី​រៀន​រស់​ដោយ​ខ្លួនឯង ទី១ គឺ​ចាំបាច់​ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់​ពី​សំណាក់​រដ្ឋាភិបាល​និង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរគ្រប់ៗគ្នា។ ការតាំង​ចិត្ត​ខ្ពស់​មានន័យថា ខ្មែរ​ត្រូវ​តាំងខ្លួន​ជា​មនុស្ស​រឹងមាំ​និង​រស់​ដោយ​បាតដៃ​របស់ខ្លួន តែ​មិនមែន​ធ្វើខ្លួន​ឲ្យ​គេ​អាណិត​ដើម្បី​ទទួលបាន​ជំនួយ​នោះឡើយ។ បើទោះជា​មាន​ជំនួយ​ក៏​ជំនួយ​នោះ​ធ្វើឡើង​ក្នុងន័យ​ជួយ​ជ្រោមជ្រែង​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​លឿន​ទៅមុខ​ឆាប់រហ័ស​តែប៉ុណ្ណោះ​គឺ​មិនមែនជា​ជំនួយ​សម្រាប់​គ្រាន់តែ​រស់​នោះទេ។ ទី២ គឺ​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​និង​គ្រប់គ្រង​វិស័យ​នានា​របស់ខ្លួន​ឲ្យ​មាន​តម្លាភាព​និង​ប្រសិទ្ធភាព​បំផុត​ជាពិសេស​គឺ​ការលុបបំបាត់​អំពើពុករលួយ​នេះ​តែម្តង។ ទន្ទឹមនឹងនោះ នយោបាយ​គាំពារ​ជនក្រីក្រ​និង​ការបែងចែក​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​គឺជា​គន្លឹះ​សំខាន់​មួយទៀត​មិនអាច​ខ្វះ​បាន។

សូម​កុំភ្លេចថា របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​ក៏បាន​បង្ហាញ​ដែរ​ថា​ប្រជាជន​ខ្មែរ​ដែល​ទើបតែ​ចាក​ផុតពី​បន្ទាត់​ភាពក្រីក្រ​ពោលគឺ​អ្នក​ដែល​រស់​នៅមាន​ចំណូល​តិចជាង ២,៣០ ដុ​លា្ល​រ​ក្នុង​មួយថ្ងៃ​ងាយ​នឹង​រអិល​ធា្ល​ក់​ចូលក្នុង​ភាពក្រីក្រ​វិញ​ណាស់។ ប្រសិនបើ​ពួកគេ​បាត់បង់​ចំណូល​តែ ១២០០ រៀល​ក្នុង​មួយថ្ងៃ មនុស្ស​ប្រមាណ​ជា៣លាន​នាក់​នឹង​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​វិញ​ភ្លាម ហើយ​អត្រា​ភាពក្រីក្រ​នឹង​កើនឡើង​លើសពី​មុន​ទៅទៀត។ នេះ​ស​បញ្ជាក់ថា អ្នក​ដែល​រស់នៅ​ក្បែរ​បន្ទាត់​ភាពក្រីក្រ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដែល​ទាមទារ​ឲ្យ​រដ្ឋ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​ចំពោះ​ពួកគេ។  

សរុប​មកវិញ អំណឹះតទៅ ការរៀន​រស់​ដោយ​ខ្លួនឯង​គឺជា​វិញ្ញាសា​តឹងតែង​មួយ​ដែល​កម្ពុជា​ត្រូវ​ឆ្លងកាត់។ លទ្ធផល​យ៉ាងណា​នោះ​វា​អាស្រ័យ​ទាំងស្រុង​ទៅនឹង​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​រំដោះខ្លួន​ឲ្យ​ចាក​ផុតពី​អំពើពុករលួយ​និង​ការរៀបចំ​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែលមាន​តម្លាភាព។ ប្រសិនបើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​នៅតែ​បន្ត​រស់​ក្រោម​ក្តី​អាណិតអាសូរ​របស់​សហ​គម​ន៍​អន្តរជាតិ​រយៈពេល​យូរ​តទៅទៀត៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ