អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ផ្នត់​គំនិត​«​កេង​ចំណេញ​លើ​អ្នក​ក្រ​»​នៅ​ក្នុង​សង្គ​ម​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ វិសម​ភាព​សង្គម​ជា​បញ្ហា​ធំ​ធេង​មួយ​ដែល​កំពុង​ចោទ​ឡើង​។ ​អ្នក​ក្រ​ពិបាក​នឹង​ចាក​ចេញ​ពី​ភាព​ក្រី​ក្រ​ដោយ​សារ​តែ​សម្ពាធ​សង្គម​ច្រើន​យ៉ាង​ក្នុង​នោះ​ផ្តត់​គំនិត​មនុស្ស​ជា​ទូទៅ​ហាក់​ច្រើន​តែ​ជា​អំណោយ​ផល​ដល់​អ្នក​មាន​តែ​ជា​សម្ពាធ​ទៅ​លើ​អ្នក​ក្រ​។ អ្នក​ក្រ​ច្រើន​តែ​ត្រូវ​គេ​កេង​ប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​ក្រោម​ឥទ្ធិ​​ពល​នៃ​ទស្សនៈ​អាត្មា​និយម​។ ​ផ្នត់​គំនិត​បែប​នេះ​កើត​ឡើង​មិន​ថា​តែ​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​​នាំ​រដ្ឋ​ ក្នុង​សង្គម​ និង​រហូត​ដល់​ក្នុង​បុគ្គល​ខ្មែរ​ភាគ​ច្រើន​ផង​ដែរ​។ ​ទាំង​នេះ​ជា​សម្ពាធ​ទៅ​លើ​អ្នក​ក្រ​ដែល​ត្រូវ​តែ​គាស់​រំលើង​។

ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លីដោយក្រុមហ៊ុន
ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លីដោយក្រុមហ៊ុន
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ក្នុង​លោក សង្គម​របស់គេ​បាន​បង្កើត​សំណាញ់​សុវត្ថិ​ភាពរឹងមាំ​មួយ​សម្រាប់​ជួយ​អ្នកក្រ។ ម្ចាស់​រោងចក្រ សហគ្រាស រាប់ទាំង​ស្ថាប័នរដ្ឋ​ផង​មាន​កាតព្វកិច្ច​ផ្តល់ប្រាក់​ឈ្នួល​សមរម្យ​ដល់​បុគ្គលិក​កម្មករ​របស់ខ្លួន​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​រស់នៅ​បាន​ដោយ​សេចក្តីថ្លៃថ្នូរ។ ក្រៅពី​ប្រាក់ខែ​សមរម្យ ក៏​នៅមាន​ការធានារ៉ាប់រង​សង្គមផ្សេងៗទៀត​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​នៅពេល​មាន​ជំងឺ​ឬ​មាន​អាសន្ន​ទៀតផង។

អ្នកមាន​ប្រាក់ចំណូល​ខ្ពស់​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​កាន់តែច្រើន​ពោលគឺ​ប្រព័ន្ធ​ដឹកនាំ​សង្គម​បាន​តម្រូវ​ឲ្យ​អ្នកមាន​បំពេញ​កា​ត​ព្វ​កិច្ច​ជួយ​អ្នកក្រ​តែម្តង។ ចំណែកឯ​អ្នកក្រ​វិញ​ត្រូវបាន​សង្គម​ជួយ​ជ្រោមជ្រែង​គ្រប់​មធ្យោបាយ​និង​ត្រូវបាន​ច្បាប់​ការពារ​មិន​ឲ្យ​ក្លាយជា​ទាសករ​ឬ​ជា​អ្នកទទួល​រងគ្រោះ​ព្រោះ​ការកេងប្រវ័ញ្ច​របស់​អ្នកមាន​ឡើយ។ ពិតណាស់ថា អ្នកមាន​ប្រាក់ចំណូល​ខ្ពស់​ខ្លះ​មិន​សប្បាយ​ចិត្តនឹង​កាតព្វកិច្ច​នេះ​ទេ ប៉ុន្តែ ប្រព័ន្ធ​ដឹកនាំ​បែបនេះ​បាន​បង្កើត​ឲ្យ​មាន​សង្គម​មួយ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា។

ក្រឡេកមើល​មក​សង្គម​កម្ពុជា​វិញ ចរន្ត​សង្គម​បែរជា​ផ្តល់​អំណោយផល​យ៉ាង​ល្អ​ដល់​អ្នកមាន​និង​បានដាក់​សម្ពាធ​ទៅលើ​អ្នកក្រ​យ៉ាងខ្លាំង។ ដោយសារ​ប្រព័ន្ធ​រដ្ឋបាល​មិន​ច្បាស់លាស់​និង​មាន​អំពើពុករលួយ អ្នកមាន​ខ្លះ​អាច​លួច​បន្លំ​ពន្ធ​រដ្ឋ​បាន​យ៉ាង​ស្រួល។ អ្នកមាន​ក៏​អាច​ទិញ​ទំនិញ​ថោក​ជាង​អ្នកក្រ​ដោយសារតែ​ពួកគេ​មាន​ប្រាក់​បង់​គ្រប់​ចំនួន​ឬក៏«ទិញ​ដុំ» ខណៈដែល​អ្នកក្រ​ដែល​ទិញ​ទំនិញ​រាយ​ឬ​ទិញ​បណ្តាក់​ត្រូវ​បង់ថ្លៃ​ខ្ពស់ជាង​តម្លៃ​ដើម​ទៅទៀត។

អ្នកមាន​ប្រាក់​អាច​ពង្រីក​អាជីវកម្ម​ឬ​មុខ​ជំនួញ​របស់ខ្លួន​បាន​យ៉ាង​ងាយ​ដោយសារតែ​ប្រាក់​មាន​ឥទ្ធិពល​ខ្លាំង រីឯ​កម្លាំង​ពលកម្ម​របស់​អ្នកក្រ​ក៏មាន​តម្លៃថោក។ ជាទូទៅ និយោជក​ភាគច្រើន​មិនសូវមាន​ទម្លាប់​គិតគូរ​ដល់​ជីវភាព​បុគ្គលិក​កម្មក​រ​របស់ខ្លួន​នៅឡើយ​ទេ​បើទោះបីជា​ពួកគេ​ទទួលបាន​ផលចំណេញ​យ៉ាង​ក្រាស់ក្រែល​ក៏ដោយ។ បុគ្គលិក​កម្មករ​ច្រើនតែ​ត្រូវបាន​គេ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​តាម​ដែល​អាច​ធ្វើបាន តែ​ពួកគេ​ទទួលបាន​មកវិញ​នូវ​ផល​កម្រៃ​បន្តិចបន្តួច​សម្រាប់តែ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​ដោយ​លំបាក។ បុគ្គលិក​កម្មករ​ភាគច្រើន​គ្មាន​ការធានារ៉ាប់រង​សង្គម​អ្វី​ទាំងអស់។ ប្រសិនបើ​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​ឬក៏​ជួបប្រទះ​នឹង​គ្រោះអាសន្ន​ជាយថាហេតុ​ណាមួយ ពួកគេ​នឹងត្រូវ​ជំពាក់​បំណុល​គេ​ហើយ​ធ្លាក់ខ្លួន​ក្រ​កាន់តែខ្លាំង។

ក្នុង​វិស័យ​សាធារណៈ​ក៏​ដូចគ្នា​ដែរ។ អ្នកធំ​បានទទួល​ផលចំណេញ​ពី​ការងារ​របស់ខ្លួន​យ៉ាង​ក្រាសក្រែល ខណៈដែល​មន្ត្រីរាជការ​តូចតាច​បានទទួល​ប្រាក់ខែ​ដ៏​ស្តួចស្តើង​បំផុត។ នៅក្នុង​សង្គម​ទូទៅ ក៏​ផ្នត់គំនិត​កេងប្រវ័ញ្ច​អ្នកក្រ​បានបង្ហាញ​យ៉ាងច្បាស់​ដែរ។ ជាក់ស្តែង មុននឹង​ទិញ​ទំនិញ​ពី​អ្នកក្រ​ដែល​លក់​តាម​កញ្ច្រែង​ឬ​តាម​រទេះ​ហើយ​ដែល​ទទួលបាន​ប្រាក់ចំណេញ​បន្តិចបន្តួច​នោះ ជាទូទៅ អ្នកទិញ​តែង​តថ្លៃ​យ៉ាង​ស្វិតស្វាញ។

ប៉ុន្តែ ប្រសិនបើ​គេ​ចូល​ហាងធំៗឬ​ភោជនីយដ្ឋានទំនើបៗដែលមាន​តម្លៃ​ខ្ពស់ អតិថិជន​មិន​ហ៊ាន​តថ្លៃ​ទេពី​ព្រោះតែ​ខ្លា​ចអន់។ មហាសេដ្ឋី​ខ្លះ​មិន​ត្រឹមតែ​មិនបាន​ប្រើប្រាស់​ប្រាក់​រយ​លាន​ឬ​ពាន់​លាន​របស់ខ្លួន​ដើម្បី​ជួយ​អ្នកក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ថែមទាំង​ស្វែងរក​ចំណេញ​លើ​គំនរ​ទុក្ខ​របស់​អ្នកក្រ​ទៅវិញ។ ជាក់ស្តែង មាន​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​បាន​បាត់បង់​ដីធ្លី ផ្ទះសម្បែង ដោយសារ​គម្រោង​វិនិយោគ​របស់​មហាសេដ្ឋី​មួយចំនួន។ ទាំងអស់នេះ​គឺជា​ភស្តុតាងខ្លះៗដែល​បង្ហាញ​ពី​ផ្នត់គំនិត​សង្គម​ដែល​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​អ្នកក្រ។

ដូច្នេះ ដើម្បី​ឲ្យ​អ្នកក្រ​អាច​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស​ក៏ដូចជា​ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ សង្គម​ខ្មែរ​គួរតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត​កេងចំណេញ​ពី​អ្នកក្រ​ឲ្យ​ទៅជា​វប្បធម៌​ចែករំលែក​​ភាគ​ផល​សមស្រប​ដល់​ពួកគេ​វិញ។ វប្បធម៌​ចែករំលែក​​អាចធ្វើ​បាន​តាម​រូបភាព​ច្រើនយ៉ាង​ដូចជា ការបែងចែក​ផលចំណេញ​របស់ខ្លួន​ឲ្យ​សមស្រប​ដល់​បុគ្គលិក កម្មករ និង​ការជួយ​បណ្តុះបណ្តាល​ពួកគេ​ឲ្យ​មាន​សមត្ថភាព​អាច​ចិញ្ចឹមជីវិត​បាន​កាន់តែ​ប្រសើរ។

ការបង្កើត​មូលនិធិ​ជួយ​អ្នកក្រ​ដែល​នៅ​មិនទាន់​ឃើញ​មាន​សកម្ម​ភាពខ្លាំង​នៅឡើយ​នោះ​ក៏​គួរតែ​ត្រូវបាន​ជំរុញ​ថែមទៀត។ លើសពីនេះ កម្ពុជា​ក៏​គួរតែមាន​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​បង្កើត​សំណាញ់​សុវត្ថិភាព​ជួយ​ដល់​អ្នកក្រីក្រ​ដែរ។ និយាយ​ជារួម ដល់ពេល​ហើយ​ដែល​ត្រូវ​គាស់​រំលើង​វប្បធម៌​ឬក៏​ផ្នត់គំនិត​កេងចំណេញ​ពី​អ្នកក្រ​ចេញពី​សង្គម​ខ្មែរ​ដើម្បី​កសាង​សង្គម​មួយ​សម្រាប់​ទាំងអស់គ្នា​ពោល​គឺជា​សង្គម​ដែល​មនុស្ស​ចេះ​ចែកគ្នា​រស់​ជាជាង​ដណ្តើម​គ្នា​រស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ