អានតួអត្ថបទ
កម្ពុជា

កម្ពុជា​សន្យា​កាត់​បន្ថយ​ភាព​ក្រីក្រ​អោយ​នៅ​ក្រោម​២០​ភាគរយ​នៅ​ឆ្នាំ​២០១៥

នៅ​ក្នុង​ទិវា​ជាតិ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ប្រកាស​អំពី​ផែនការ​កាត់​បន្ថយ​បន្ទាត់​ភាព​ក្រីក្រ​អោយ​មក​នៅត្រឹម​១៩,៥​ភាគរយ​នៅ​ឆ្នាំ​២០១៥។ យុទ្ធសាស្ត្រ​មួយ​ដែល​ត្រូវ​ប្រើ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​កាត់​បន្ថយ​ភាពក្រីក្រ​នោះ​ គឺ​ការ​ផ្តល់​អាទិភាព​ខ្ពស់​ទៅ​លើ​ការ​អភិវឌ្ឍន៍​នយោបាយ​ស្តី​ពី​សុវត្ថិភាព​សង្គម។

លោក​ ហ៊ុន សែន ក្នុង​​វេទិកា​ផ្សព្វផ្សាយ​យុទ្ធសាស្រ្ត​ជាតិ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ថ្ងៃទី០៥​ខែធ្នូឆ្នាំ ២០១១
លោក​ ហ៊ុន សែន ក្នុង​​វេទិកា​ផ្សព្វផ្សាយ​យុទ្ធសាស្រ្ត​ជាតិ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ថ្ងៃទី០៥​ខែធ្នូឆ្នាំ ២០១១ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ទម្លាក់​រង្វាស់​បន្ទាត់​ភាព​ក្រីក្រ​មក​នៅ​ត្រឹម​១៩,៥​ភាគរយ​នៅឆ្នាំ​២០១៥ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍ​សហស្សវត្សរ៍។ នេះ​គឺ​ជា​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅក្នុង​ទិវា​ជាតិ​ ស្តី​ពី​ការ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា។ ទិវា​ជាតិ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៦​ខែ​ធ្នូ​នេះ​ត្រូវ​បាន​រៀបចំ​នៅ​វិមាន​សន្តិភាព។

ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​អំពី​ផែនការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ពេល​នេះ​ ​ពេល​ដែល​បន្ទាត់​នៃ​ភាព​ក្រីក្រ​របស់​កម្ពុជា​មាន​កម្រិត​២៦​ភាគរយ។ បាន​ន័យ​ថា កម្ពុជា​ត្រូវ​កាត់​បន្ថយ​ភាព​ក្រីក្រ​អោយ​បាន​៦,៥​ភាគរយ​ទៀត​ក្នុង​រយៈ​៤​ឆ្នាំ​ខាង​មុខ។ កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​បន្ទាត់​ភាព​ក្រីក្រ​ខ្ពស់​ដល់​៤៧​ភាគរយ​នៅឆ្នាំ​១៩៩៣។ ហើយ​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៣០​ភាគរយ​ក្នុង​ឆ្នាំ​២០០៧ និង​២៦​ភាគរយ​ក្នុង​ឆ្នាំ​២០១០។

នៅ​ក្នុង​វេទិកា​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ចាត់​ទុក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​គាំពារ​សង្គម គឺ​ជា​បញ្ហា​អាទិភាព​របស់​រដ្ឋាភិបាល។ ​ដើម្បី​អនុវត្ត​ការងារ​កាត់​បន្ថយភាព​ក្រីក្រ​នេះ រដ្ឋាភិបាល​របស់​លោក​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​នយោបាយ​ ស្តីពី​សុវត្ថិភាព​សង្គម រួម​មាន​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង នូវ​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និង​និយោជិត ការ​ជំរុញ​អនុវត្ត​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ និង​ការ​អនុវត្តន៍​គោល​នយោបាយ​ផ្តល់​របប​សោធន​និវត្តន៍​ដល់​អ្នក​បាត់បង់​សមត្ថភាព​ពលកម្ម​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ