អានតួអត្ថបទ
កម្ពុជា​

អង្គការ​សមាគម​ជំរុញ​អោយ​រដ្ឋាភិបាល​រៀបចំ​ច្បាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ទាំងអស់​គ្នា

មួយ​ថ្ងៃ​មុន​ទិវា​ពលកម្ម​អន្តរជាតិ អង្គការ​សមាគម​នៅក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​ រៀបចំ​ច្បាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​គ្រប់​ វិស័យ​ទាំងអស់។ ជា​ការ​ឆ្លើយ​តប តំណាង​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា ក្រសួង​បាន​គិតគូរ​ពិចារណា​លើ​បញ្ហា​នេះ​ហើយ​ប៉ុន្តែ​កិច្ចការ​នេះ​ត្រូវការ ​ការសិក្សា​ល្អិតល្អន់។

កម្មករកម្មការិនី​កាត់ដេរនៅប្រទេសកម្ពុជា
កម្មករកម្មការិនី​កាត់ដេរនៅប្រទេសកម្ពុជា ©ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម

"រដ្ឋាភិបាល​ត្រូវតែ​រៀបចំ​ច្បាប់​កំណត់​ប្រាក់​ខែ​អប្បបរមា​ជូន​កម្មករ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់។ ប្រាក់ខែ​គោល​ត្រូវ​មាន​កម្រិត​សមរម្យ​អាច​រស់​បាន​ដោយ​ថ្លៃថ្នូរ"។ នេះ​គឺ​ជា​ការ​ទាម​របស់​អង្គការ​សមាគម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ថ្ងៃ​មុន​ពេល​ដែល​ពិភពលោក​ទាំងមូល​នឹង​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃ​ទី១​ខែ​ឧសភា​ស្អែក​នេះ។

លោក វន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​បាន​បញ្ជាក់​នៅ​សៅរ៍​នេះ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​កំណត់​ប្រាក់​ខែ​អប្បបរមា​សមរម្យ​ជូន​កម្មករ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​ដូចជា ៖ វិស័យ​សេវាកម្ម​កសិកម្ម​​ និង​ឧស្សាហកម្ម​ជាដើម។ នា​ពេល​កន្លង​មក មាន​តែ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​មួយ​តែ​ប៉ុណ្ណោះ​ដែល​ច្បាប់​ការងារ​បាន​កំណត់​ប្រាក់ខែ​អប្បបរមា​ក្រៅពី​វិស័យ​នេះ​​ប្រាក់ខែ​អប្បបរមា​ត្រូវ​បាន​កំណត់​ដោយ​ថៅកែ​នៃ​សិប្បកម្ម​សហគ្រាស​និង​ក្រុមហ៊ុន​នីមួយៗ។ ប្រាក់ឈ្នួល​អប្បបរមា​នៅក្នុង​វិស័យ​កាត់ដេរ​ត្រូវ​បាន​ច្បាប់​កំណត់​ក្នុង​កម្រិត​៦១​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ក្នុង​វិស័យ​ផ្សេង​ទៀត​កម្មករ​ទទួល​បាន​ប្រាក់ខែ​ទាប​ជាង​នេះ​ច្រើន​ណាស់។

លោក វន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​បាន​បញ្ជាក់​ថា កម្មករ​ក្នុង​ភោជនីយដ្ឋាន ​និង​នៅ​ក្នុង​ហាង​សប្បាយ​មួយ​ចំនួន​ផ្សេង​ទៀត​ទទួល​​បាន​ប្រាក់​បៀវត្សរ៍​តែ​ក្នុង​រង្វង់​ពី​៣០​ទៅ​៥០​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ។ ការ​ទទួល​បាន​ប្រាក់ខែ​ទាប​យ៉ាង​ដូច្នេះ​ជំរុញ​អោយ​កម្មការិនី​មួយ​ចំនួន​បង្ខំ​ចិត្ត​ធ្វើ​តាម​ការ​សំណូមពរ​របស់​ភ្ញៀវ​ដែល​ជា​ទង្វើ​ប្រាសចាក​ពី​សីលធម៌​របស់​ខ្មែរ។ អវត្តមាន​ច្បាប់​កំណត់​ប្រាក់ខែ​អប្បបរមា​ គឺ​ជា​ការ​បើក​ឱកាស​អោយ​ថៅកែ​អាច​កេង​ចំណេញ​កម្លាំង​ពលកម្ម​របស់​កម្មករ​បាន​យ៉ាង​ងាយ។ លោក ពៅ ​បាន​បន្ត​ទៀត​ថា ប្រាក់ឈ្នួល​អប្បបរមា​គួរ​ត្រូវ​កំណត់​ក្នុង​ចន្លោះ​ពី​១២០​ទៅ​១៣០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​​ទើប​កម្មករ​អាច​រស់​បាន។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​ថា នៅ​ពេល​អនាគត​លោក​ចង់​អោយ​មាន​ច្បាប់​មួយ​កំណត់​ប្រាក់​ខែ​អប្បបរមា​ជូន​កម្មករ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​ពោល​គឺ​មិនមែន​គ្រប​ដណ្ដប់​តែ​ក្នុង​វិស័យ​កាត់ដេរ​មួយ​ប៉ុណ្ណោះ​ទេ។ លោក រ៉ុង ឈុន បាន​សម្ដែង​ការ​អាណិតអាសូរ​ចំពោះ​កម្មករ​ធ្វើការ​នៅ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​ដែល​ទទួល​បាន​ប្រាក់​ខែ​ទាប​ជាង​៥០​ដុល្លារ​ក្នុង​មួយ​ខែ។ ប្រាក់​ឈ្នួល​នេះ​មិនអាច​អនុញ្ញាត​អោយ​កម្មករ​អាច​រស់​បាន​ទេ​ប្រឈម​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។

លោក អ៊ំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​បញ្ជាក់​ប្រាប់​​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រសួង​ការងារ​របស់​លោក​បាន​គិតគូរ​អំពី​ច្បាប់​កំណត់​ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​តាំង​ពី​យូរ​មក​ហើយ។ ប៉ុន្តែ​មុន​នឹង​កំណត់​បញ្ហា​នេះ​បាន ការ​សិក្សា​ម៉ត់ចត់​មួយ​ត្រូវតែ​ធ្វើ​ឡើង​ពីព្រោះ​ពី​វិស័យ​មួយ​ទៅ​វិស័យ​មួយ​ស្ថានភាព​ការងារ​ និង​ផល​ប្រយោជន៍​ការងារ​មាន​លក្ខណៈ​ខុសគ្នា។

អង្គការ​សមាគម​ដដែល​បាន​និយាយ​ថា ដោយសារតែ​ប្រាក់​ខែ​ទាប កម្មករ-កម្មការិនី​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​លក់​ញើស​ឈាម​នៅ​បរទេស​ និង​មួយ​ចំនួន​​ផ្សេង​ទៀត​សុខចិត្ត​លក់​ខ្លួន​ប្រាណ​ដើម្បី​ចិញ្ចឹម​ជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ