អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មេរៀន​ដែល​អ្នក​នយោបាយ​ខ្មែរ​គួរ​ដក​ស្រង់​ពី​ភាព​វឹកវរ​ក្នុង​ប្រទេស​នានា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈពេល​ចុងក្រោយ​នេះ មាន​បញ្ហានយោ​បាយ​​ផ្ទៃ​ក្នុង​​ដែល​​បាន​​ផ្ទុះ​ឡើង​នៅ​ក្នុង​​បណ្តា​ប្រទេស​​ជា​ច្រើន​​ក្នុង​​ពិភពលោក។ ពី​ចលនា​បដិវត្ត​អារ៉ាប់ រហូតដល់​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន និង​ជាពិសេស​នៅក្នុង​ប្រទេស​ថៃ​ជាប់​ព្រំដែន​កម្ពុជា​នាពេលនេះ សុទ្ធសឹង​ជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​ពី​គំរូ​អាក្រក់​ផង និង​ល្អ​ផង​ដែល​គួរ​ពិចារណា។ ក្នុងឋានៈ​ជា​ប្រទេសមួយ​ដែល​កំពុងតែ​ពង្រឹង​ខ្លួន​នៅលើ​វិថី​នៃ​ប្រជាធិបតេយ្យ អ្នកនយោបាយ​ខ្មែរ​គួរតែ​សិក្សា​អំពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​នៃ​ព្រឹត្តិការណ៍​ទាំងនោះ​ដើម្បី​ធ្វើ​ឲ្យ​ឆាកនយោបាយ​ប្រទេស​កម្ពុជា​កាន់តែ​ផូរផង់​ឡើង។

បាតុករ​ក្រុមអាវលឿង​សម្រុក​ចូល​កាន់កាប់​វិមាន​រដ្ឋាភិបាល​ថៃ នៅថ្ងៃ​អង្គារ ទី ៣ ធ្នូ ២០១៣
បាតុករ​ក្រុមអាវលឿង​សម្រុក​ចូល​កាន់កាប់​វិមាន​រដ្ឋាភិបាល​ថៃ នៅថ្ងៃ​អង្គារ ទី ៣ ធ្នូ ២០១៣ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​នយោបាយ​ក្តៅគគុក​ជា​បន្តបន្ទាប់ រាប់​តាំងពី​បដិវត្តន៍​ក្នុង​ពិភព​អារ៉ាប់​ដែល​ទើបតែ​ស្ងាប់​ស្ងាត់​បន្តិច​ទៅវិញ រហូតដល់​ព្រឹត្តិការណ៍​ថ្មី​បំផុត​នៅ​អ៊ុយ​ក្រែ​ន​ និង​នៅ​ថៃ​ ដែល​កំពុងតែ​ផ្ទុះឡើង​ពេញបន្ទុក​នៅពេលនេះ ​សុទ្ធតែ​បានផ្តល់​មេរៀន​ល្អ​ផង​និង​អាក្រក់​ផង​គួរ​ឲ្យ​ពិចារណា។​

ដោយ​មិនចាំបាច់​ក្រឡេក​ទៅណា​ឆ្ងាយ បដិវត្តន៍​ប្រជាជន​ដែល​កំពុង​កើតមាន​យ៉ាង​ពេញ​បន្ទុក​​នៅក្នុង​ប្រទេស​ថៃ​ គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ជាង​ពីរ​ឆ្នាំ​ក្រោយពី​បាន​ឡើងកាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​កាលពី​ខែកក្កដា ​ឆ្នាំ២០១១ គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ត្រូវបាន​ក្រុមប្រឆាំង​ទាមទារ​ឲ្យ​ចាក​ចេញពី​តំណែង ហើយ​ប្រគល់​អំណាច​ឲ្យ​ទៅ​ក្រុមប្រឹក្សា​ប្រជាជន​ដែល​បង្កើតឡើង​នៅក្រៅ​ប្រព័ន្ធ​បោះឆ្នោត​ទៅវិញ។

នៅលើ​ទិដ្ឋភាព​ប្រជាធិបតេយ្យ វា​ពិតជា​រឿង​ចម្លែក​ណាស់​ដែល​យន្តការ​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការបោះឆ្នោត​ ត្រូវបាន​បំផ្លាញចោល​ក្រោម​សម្ពាធ​នៃ​ចលនា​ប្រជាជន​តាម​ដងផ្លូវ។

ពិត​ហើយ​ថា ប្រទេស​ថៃ​ធ្លាប់​ជួប​បញ្ហា​បែបនេះ​ឡើង​ស៊ាំ​អស់​ទៅហើយ ​តាមរយៈ​ភាព​វឹក​វរ​និង​ឈានដល់​រដ្ឋប្រហារ​យោធា រឺក៏​ការ​ប៉ុនប៉ង​រដ្ឋប្រហារ​ ១៨ លើក ​ក្នុង​រយៈពេល៨ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ បញ្ហា​ទាំងនោះ​គឺជា​ឧបសគ្គ​ដ៏​ធំធេង​ក្នុងការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ នៅក្នុង​​ប្រទេស​នេះ។

យ៉ាងណាក៏ដោយ គេ​មិនត្រូវ​មើលរំលង​ចំណុច​វិជ្ជមាន​ជាច្រើន​ នៅក្នុង​ព្រឹត្តិការណ៍​នេះ​ទេ៖

ទី១ បើទោះបីជា​បក្ស​កាន់អំណាច​បាន​ជាប់ឆ្នោត​ដោយ​សំឡេង​ភាគច្រើន​ក៏ពិតមែន ក៏ប៉ុន្តែ ពួកគេ​មិនអាច​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត​នោះឡើយ។ ក្រុម​អ្នកមាន​សំឡេង​ភាគតិច​ក៏​អាច​ងើបឡើង​តវ៉ា​បានដែរ ក្នុងករណី​ដែល​ពួកគេ​មិន​ពេញចិត្ត​ចំពោះ​បញ្ហា​អ្វីមួយ។

ទី២ ប្រឈមមុខ​ចំពោះ​ស្ថានការណ៍​ដ៏​តឹងតែង រដ្ឋាភិបាល​បាន​ខិតខំ​អត់ធ្មត់​យ៉ាងខ្លាំងបំផុត​ដើម្បី​ចៀសវាង​វិធានការ​បង្ក្រាប។ និង​ទី៣ កម្លាំង​សមត្ថកិច្ច​សុខចិត្ត​បណ្តោយ​ឲ្យ​បាតុករ​ចូលកាន់​កាប់​ទីតាំង​ជាច្រើន​ រាប់ទាំង​ទីបញ្ជាការដ្ឋាន​របស់ខ្លួន​ផង​ ដោយ​មិន​ប្រើ​អំពើហិង្សា​ពីព្រោះ​ពួកគេ​គិតថា អ្នក​ទាំងនោះ​គឺជា​ប្រជាជន​ដែលជា​ម្ចាស់​ប្រទេស។ ដូច្នេះ សមត្ថកិច្ច​សុខចិត្ត​ដកថយ​ដោយ​ទុក​ឲ្យ​ក្រុមបាតុករ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​ខ្លួនឯង។

ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការគោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ពី​សំណាក់​មេដឹកនាំ​និង​អាជ្ញាធរ​មាន​​សមត្ថកិច្ច​ បើទោះបីជា​ពួកគេ​យល់ថា​សកម្មភាព​របស់​បាតុករ​បំពាន​ទៅលើ​ការបោះឆ្នោត​ក៏ដោយ។ ភាពទន់ភ្លន់​នេះហើយ​ដែល​អាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​នូវ​អំពើហិង្សា។ ខុសពី​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់​ដែល​មេដឹកនាំ​ប្រើ​វិធានការ​បង្ក្រាប​រហូតដល់​ដំណាក់កាល​ចុងក្រោយ។​ ទីបំផុត គឺ​អំពើហិង្សា​បង្ហូរឈាម​រហូត​រុញច្រាន​ប្រទេសជាតិ​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​​យ៉ាងធ្ងន់ធ្ងរ​បំផុត។

ជាការ​ពិតណាស់ មាន​ទស្សនៈ​ខ្វែងគំនិត​គ្នា​ជាច្រើន​ជុំវិញ​បញ្ហា​នេះ។ អ្នកខ្លះ​រិះគន់​រដ្ឋាភិបាល​ថៃ​ដែល​បណ្តោយ​ឲ្យ​ក្រុមប្រឆាំង​អុកឡុក​តាម​អំពើ​ចិត្ត​រហូត​កាន់កាប់​ទីតាំងសំខាន់ៗរបស់​រដ្ឋាភិបាល។ អ្នក​រិះគន់​បាន​លើក​ហេតុផល​ថា បញ្ហា​នេះ​នឹង​ក្លាយជា​ទម្លាប់​អាក្រក់​មួយ​ដែល​នឹង​បំផ្លាញ​គោលការណ៍​គ្រឹះ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ មានន័យថា បើ​គង់តែ​ដូច្នេះ​ដដែល គេ​មិនចាំបាច់​រៀបចំ​បោះឆ្នោត​នាំ​ឲ្យ​ខាត​ពេលនោះ​ឡើយ។

ផ្ទុយទៅវិញ អ្នកខ្លះ​ទៀត​បាន​កោតសរសើ​រ​ដល់​រដ្ឋាភិបាល ​និង​សមត្ថកិច្ច​ប៉ូលិស​ថៃ​ដែល​សុខចិត្ត​ដកថយ មិន​ប្រើ​ហិង្សា​ទៅលើ​ប្រជាជន។ នាយករដ្ឋមន្ត្រី​ថៃ លោកស្រី​យី​ង​ឡាក់ ថែមទាំង​បាន​អះអាងថា សុខចិត្ត​ចុះចេញ​ពី​តំណែង ឬ​សុខចិត្ត​រំលាយ​សភា​ដើម្បី​រៀបចំ​ការបោះឆ្នោត​ជាថ្មី​ក៏បាន​ ឲ្យ​តែ​ប្រទេស​មាន​សុខសន្តិភាព។ ប៉ុន្តែ ការលះបង់​នេះ​នៅតែ​មិន​សមល្មម​នឹង​ការចង់បាន​របស់​ក្រុមប្រឆាំង​ឡើយ។

សរុប​មកវិញ អ្វីដែល​បានកើត​ឡើង​ទាំងនេះ​ជា​ជំនួយស្មារតី​យ៉ាងសំខាន់ ​សម្រាប់​អ្នកដឹកនាំ​និង​អ្នកនយោបាយ​ខ្មែរ។ តើ​ជម្រើស​ណាមួយ​ដែល​នាំ​ដល់​ភាព​ផូរផង់​នៃ​ឆាកនយោបាយ​ប្រទេស​កម្ពុជា? នេះ​ជា​សំណួរ​នេះ​ដែល​ត្រូវ​ពិចារណា។ ផ្ទុយទៅវិញ ជម្រើស​ធ្វើ​ឲ្យ​ប្រទេស​ជួប​ភាពវឹកវរ​បង្ហូរឈាម​ជា​អ្វីដែល​ត្រូវ​ចៀសវាង​ជាដាច់ខាត។

សម្រាប់​ក្រុមអ្នកវិភាគ ជម្រើស​ដែល​ល្អ​បំផុត​នោះ​គឺ ប្រជាធិបតេយ្យ​តាមបែប​ទន់ភ្លន់ ពោលគឺ​គេ​ត្រូវគោរព​មតិ​ភាគច្រើន​តាមរយៈ​ការបោះឆ្នោត តែ​គេ​ក៏​មិនត្រូវ​បំភ្លេចចោល​មតិ​ភាគតិច​ទាំងស្រុង​ដែរ។ ការប្រកាន់​តឹង​ដាច់ខាតរៀងៗខ្លួន​ ដោយ​ខ្វះ​ភាព​សំយោគ ​ប្រហែលជា​អាច​ពន្យល់បាន​ពី​អ្វីដែល​កម្ពុជា​កំពុង​ជួបប្រទះ​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ