អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គណបក្ស​ប្រជាជន​កម្ពុជា​ផ្តើម​សាកល្បង​នយោបាយ​«ទំពាំង​ស្នង​ឫស្សី»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ស្គាល់​ថា ជា​គណបក្ស​សម្បូរ​ដោយ​មន្ត្រី​វ័យ​ចំណាស់​នោះ​ពេល​នេះ​បាន​ផ្តើម​បញ្ចេញ​តួអង្គ​យុវជន​ទៅក្នុង​ឆាកនយោបាយ​ជួរមុខ​របស់ខ្លួន​ហើយ។ ខុស​ពី​​អាណត្តិមុនៗមន្ត្រី​វ័យ​ចំណាស់​ជាច្រើន​ត្រូវបាន​ជំនួស​ដោយ​យុវជន​តាម​គោល​នយោបាយ​​«ទំពាំង​ស្នង​ឫស្សី»។ ប៉ុន្តែ គោលនយោបាយ «ទំពាំង​ស្នង​ឫស្សី»របស់​គណបក្សកាន់អំណាច​ត្រូ​វ​បាន​អនុវត្ត​ក្នុងស្ថានភាព​ចង្អៀត​នៅឡើយ។ មានតែ​កូន​របស់​មន្ត្រីធំៗប៉ុណ្ណោះ​ដែល​ត្រូវ​បាន​​បញ្ចេញ​មុនគេ​ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ។ តើ​ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​បែបណា​សម្រាប់​គណបក្ស​​ប្រជាជន​កម្ពុជា? 

ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា បាន​ប្រកាស​ក្នុង​មីទ្ទិញ​រំឮកខួបលើកទី​៣៤​នៃទិវាជ័យជម្នេះថ្ងៃ៧​មករា
ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា បាន​ប្រកាស​ក្នុង​មីទ្ទិញ​រំឮកខួបលើកទី​៣៤​នៃទិវាជ័យជម្នេះថ្ងៃ៧​មករា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

តើ​ពេលណា​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ផ្លាស់ប្តូរ​តួអង្គ​នយោបាយសំខាន់ៗរបស់ខ្លួន​ដែល​មាន​​វ័យ​ចំណាស់​អស់​ទៅហើយនោះ? សំណួរ​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នេះ​បាន​ចោទ​​ឡើង​ពី​ព្រោះតែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​ជា​គណបក្ស​ដែលមាន​កាលប្រវត្តិ​ដ៏​ចំណាស់​ជាងគេ​មួយ​ប៉ុណ្ណោះ​ទេ តែ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​នេះ​ក៏​សុទ្ធ​តែមាន​វ័យ​ចំណាស់​យ៉ាង​ខ្លាំង និង​កាន់​មុខតំណែង​ចាស់ដដែលៗជា​យូរ​ឆ្នាំ​មកហើយ​ដែរ។

ឥឡូវនេះ ដំណាក់កាល​ផ្លាស់ប្តូរ​របស់​គណបក្ស​កាន់អំណាច​បានចាប់ផ្តើម​ហើយ។ មន្ត្រី​វ័យ​ចំណាស់​មួយចំនួន​ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍ ចំណែកឯ​តួអង្គ​យុវជន​ត្រូវបាន​បញ្ចេញ​ទៅក្នុង​ឆាកនយោបាយ​ជាបណ្តើរៗក្រោម​គោលនយោបាយ«ទំពាំង​ស្នង​ឫស្សី»។ កូនប្រុស​លោក​នាយក​រ​ដ្ឋ​មន្ត្រី និង​កូន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​ទៀត​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​ឈ្មោះ​​បេក្ខជន​តំណាងរាស្ត្រ ឫ​បេក្ខជន​មន្ត្រី​ថ្នាក់មូលដ្ឋាន​មួយចំនួន​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​​ថ្មី​ដែល​ចេញពី​ការបោះឆ្នោត​ខែកក្កដា​ខាងមុខ។

ជាការ​ពិតណាស់ សុភាសិត​បុរាណ​ខ្មែរ​បាន​ពោលថា«ខ្ញី​ចាស់​កាន់តែ​ហិ​រ» មានន័យថាមនុស្ស​​កាន់តែ​ចាស់​កាន់តែ​មានបទពិសោធន៍​ប្រកបដោយ​ភាពចាស់ទុំ​ដែល​ឆាកនយោបាយ​ត្រូវការ​ជា​​ចាំបាច់។ ប៉ុន្តែ វ័យ​ចំណាស់​ខ្លាំងពេក​ក៏​មិនអាច​ឲ្យ​ពួកគេ​បំពេញ​តួនាទី​របស់ខ្លួន​បានល្អ​ដែរ។ ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​នៅ​លោកខាងលិច ទន្ទឹមនឹង​សមត្ថភាព គេ​ក៏​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ដល់​សុខភាព​និង​ថាមពល​របស់​តួអង្គ​នយោបាយ​ដែរ​ពីព្រោះ​ភាព​ទ្រុឌទ្រោម​នៃ​សុខភាព​និង​រាងកាយ​មិនអាច​ឲ្យ​ពួកគេ​បំពេញ​តួនាទី​របស់ខ្លួន​បាន​ពេញលេញ​ឡើយ។

ក្នុង​បរិបទ​នេះ អ្នកនយោបាយ ឬ​មន្ត្រី​មុខងារសាធារណៈ​ដែលមាន​វ័យ​ចំណាស់​ខ្លាំង​តែង​ប្រញាប់​​លាឈប់​ពីមុខ​នាទី​ដើម្បី​ទុក​ឲ្យ​អ្នក​ដែលមាន​កម្លាំង​ពលំ​មាំមួន​បន្តវេន​ម្តង។ប៉ុន្តែ នៅ​កម្ពុជា ស្ថានការណ៍​ហាក់​ផ្ទុយ​ពីនេះ​ទៅវិញ។

អ្នក​ដែលមាន​តួនាទី​ទោះជា​ក្នុង​មុខងារ​សាធារណៈ​​​​​ក្តី​ឬ​​មុខងារ​​នយោបាយ​ក្តី ច្រើនតែ​ព្យាយាម​ពន្យារ​អាយុ​ធ្វើការ​តាម​គ្រប់​រូបភាព​ដែល​​​អាចធ្វើ​ទៅបាន​បើទោះបីជា​ខ្លួន​មាន​វ័យ​ចាស់ជរា និង​សុខភាព​មិនសូវ​មាំទាំ​ក៏ដោយ។ វត្តមាន​របស់​មន្ត្រី​វ័យ​ចំណាស់​ជាច្រើន​នៅក្នុង​ស្ថាប័ន​ជាតិ​កំពូលៗ​ គឺជា​ឧទាហរណ៍​ស្រាប់។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ត្រូវគេ​មើលឃើញថា សម្បូរ​ដោយ​មន្ត្រី​ដែលមាន​វ័យ​ចំណាស់​ច្រើនជាងគេ។

ឥឡូវនេះ ការបន្ត​វេន​បាន​ឈាន​មកដល់​ហើយ ប៉ុន្តែ អ្នក​ដែល​ចេញមុខ​បន្តវេន​មុនគេ​គឺជា​យុវជន​ដែល​ចេញពី​ក្រុមគ្រួសារ​មន្ត្រីជាន់ខ្ពស់។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា នយោបាយ​«ទំពាំង​​​ស្នង​ឫស្សី»នៅក្នុង​គណបក្សកាន់អំណាច​កំពុង​ប្រព្រឹត្ត​ទៅដោយ​ចង្អៀត​និង​ប្រយ័ត្ន​ប្រយែង។

ពិត​ហើយ​ថា រយៈពេល​ចុងក្រោយ​នេះ គណបក្ស​ប្រជាជន​បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ចលនា​​យុវជន ប៉ុន្តែ ការផ្ទេរ​ផ្ទេរអំណាច តួនាទី​ទៅ​ឲ្យ​យុវជន​គឺជា​បញ្ហា​ដែល​គណបក្ស​នេះ​​ហាក់​ប្រុងប្រយ័ត្ន​បំផុត។ ប្រយ័ត្ន​ពីព្រោះថា ការតភ្ជាប់​ជំនាន់​មនុស្ស​ពី​វ័យ​ចំណាស់​ទៅ​យុវជន​គឺជា​បញ្ហា​ធំធេង​មួយ​សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

ជាទូទៅ នៅក្នុង​រដ្ឋបាល​សាធារណៈ ក៏​ដូច​ក្នុង​ឆាកនយោបាយ​ដែរ មនុស្ស​វ័យ​ចំណាស់ និង​យុវជន​ជំនាន់​ក្រោយ​ច្រើនតែ​មើលបំណាំ​គ្នា​ច្រើនជាង​ការរៀនសូត្រ​ពីគ្នា។ ក្នុង​បរិបទ​បែបនេះ ការផ្លាស់ប្តូរ​ជំនាន់​មនុស្ស​អាច​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទម្រង់​ឫ​អត្តសញ្ញាណ​របស់​គណបក្ស​ក៏​ថា​បាន។ ការបញ្ចេញ​តួអង្គ​ដែល​សុទ្ធតែជា​កូន​មន្ត្រីកំពូលៗ គឺជា​ដំណាក់កាល​សាកល្បង​ដ៏​សំខាន់​មួយ​របស់​បក្ស​កាន់អំណាច។ សំខាន់​ពីព្រោះថា​ព្រឹត្តិការណ៍​នេះ​អាចជា​អាវុធ​មុខ​ពីរ៖ ម្យ៉ាង វា​អាច​ផ្តល់​ថាមពល​ថ្មី​ដល់​គណបក្ស​ផង​និង​អាច​រក្សា​និរន្តរភាព​នៃ​គោលនយោបាយ​របស់​គណ​បក្ស​ផង។

ប៉ុន្តែ ម្យ៉ាងទៀត វា​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ជាច្រើន​ដែរ ប្រសិនបើ​ការ​​លេចមុខមាត់​កូន​មន្ត្រី​ធំៗ​ក្នុងឆាក​នយោបាយ​បែរជាបង្ក​និន្នាការ​ច្រណែន​ឫ​ប្រជែង​គ្នា​ដើម្បី​បង្កើន​ឥទ្ធិពល​រវាង​ក្រុម​ផ្សេងៗក្នុង​គណបក្ស​ទៅវិញ​នោះ។ នេះ​ជា​បញ្ហា​ដែល​បក្ស​កាន់អំណាច​មិនអាច​មើល​រំលង​​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ